[ទីផ្សារបរទេស] ក្នុងការធ្វើតេស្តមួយដែលធ្វើឡើងដោយអ្នកកាសែតក្នុងតំបន់ស្កាតឌីណាវី ជាមួយរថយន្ត Toyota bZ4X បានបង្ហាញថារថយន្តនេះអាចផ្ដល់ចម្ងាយបានត្រឹមពាក់កណ្ដាលនៃការអះអាងរបស់ Toyota ដែលពេលនេះនាំឲ្យមានការស៊ើបអង្កេតរួមគ្នារវាង Toyota ប្រចាំនៅអឺរ៉ុប និង Toyota ប្រចាំនៅជប៉ុន។
ទស្សនាវដ្ដីដាណឺម៉ាក FDM បានធ្វើតេស្តរថយន្ត bZ4X ប្រភេទប្រើប្រព័ន្ធបើកបរប៉ុងមួយ និងប៉ុងពីរ ដោយរថយន្តទាំងពីរសុទ្ធតែមិនអាចផ្ដល់ចម្ងាយបើកបរដូចដែល Toyota បានអះអាង។
ជាក់ស្ដែងប្រភេទប៉ុងមួយមានចម្ងាយផ្លូវការធ្វើតេស្តជាមួយ WTLP ថាអាចបើកបរបាន ៥០៤គីឡូម៉ែត្រ ប៉ុន្តែជាក់ស្ដែងបើកបានចម្ងាយត្រឹម ២៤៦គីឡូម៉ែត្រ ខណៈដែលប្រភេទប៉ុងពីរបើកបានចម្ងាយត្រឹម ២១៥គ.ម ខណៈដែលចម្ងាយបានប្រកាសគឺ ៤៦១គ.ម។
តាមការសិក្សារបស់ក្រុមហ៊ុនអាល្លឺម៉ង់ ADAC រកឃើញថារថយន្តអគ្គិសនីប្រើប្រាស់ថាមពលច្រើនជាងមុននៅពេលស្ថិតក្រោមសីតុណ្ហភាពត្រជាក់ខ្លាំង។ ដូចជារថយន្ត VW ID.3 ប្រើប្រាស់ថាមពលច្រើនជាងមុន ៩៩% ពេលបើកបរនៅក្រោមសីតុណ្ហភាព -៧អង្សាសេ ធៀបនឹងពេលបើកបរនៅ ១៤អង្សាសេ។
ប៉ុន្តែសម្រាប់រថយន្ត bZ4X ខាងលើគឺបើកបរនៅសីតុណ្ហភាព ៤អង្សាសេ មិនមែនក្រោមសូន្យឡើយ ហើយរថយន្តនេះរក្សាថាមពលមិនបានល្អប៉ុន្មានឡើយ បើធៀបនឹងគូប្រជែងដូចជា Tesla Model Y Long Range ទទួលបានចម្ងាយបើកបរ ៧០% នៃការដាក់ពិន្ទុពី WLTP និងរថយន្ត Mercedes EQA ជាមួយ Volkswagen ID.4 ទទួលបានចម្ងាយបើកបរ ៦៧%។
យ៉ាងណាក្ដីចំពោះករណីនេះ Toyota Europe និង Toyota នៅជប៉ុន កំពុងធ្វើការស៊ើបអង្កេតដើម្បីរកហេតុផលនៅពីក្រោយឲ្យបានច្បាស់លាស់ មុនការឆ្លើយតបទៅកាន់ការធ្វើតេស្តរបស់ទស្សនាវដ្ដីខាងលើ៕