[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់ជាផ្លូវការរបស់រថយន្ត Honda CR-V ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid និង Plug-In hybrid ជាមួយតម្លៃលក់ចាប់ពី ៥៨ ២៩១ ដុល្លារ ដល់ ៦៨ ៥៧៩ ដុល្លារ នៅក្នុងទីផ្សារចក្រភពអង់គ្លេស ។
ការរចនាផ្នែកខាងក្រៅនៃរថយន្ត Honda CR-V ទទួលបានការឌីស្សាញមួយចំនួនយកចេញពីរថយន្ត Honda Ridgeline និង Honda Passport Traisport ដោយបានបំពាក់ជាមួយប៉ាណាមុខរចនាថ្មីពណ៌ខ្មៅ, សំណុំចង្កៀងមុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកខាងក្នុង បានបំពាក់កៅអីស្បែក កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតខ្សែរ, អេក្រង់បង្ហាញលើកញ្ចក់, ដំបូលកញ្ចក់បែប panoramic sunroof និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ១២ ចំនុចជាដើម។ លើសពីនេះ គ្រប់ម៉ូដែលទាំងអស់នឹងភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing safety technology ផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន ២ជម្រើសរួមមាន៖
- ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ១៨៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៧៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ។
- ម៉ាស៊ីនកូនកាត់ Hybrid ដែលដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៣៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរបៀបបើកបរ Normal, Eco និង Sport ៕