[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់ភីកអាប់ Honda Ridgeline ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែកុនថ្មីបន្ថែម ជាមួយតម្លៃលក់ចាប់ពី ៣៩ ៧៥០ ដុល្លារ ដល់ ៤៤ ៩៨០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។
សម្រាប់ភីកអាប់នេះ មានតម្លៃថ្លៃជាងម៉ូដែលមុន ៩៥០ ដុល្លារ ទទួលបានប៉ាណាមុខរចនាឡើងវិញ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៨ អ៉ីញ និងទ្វារឃ្លុបក្រោយដែលបានកែលម្អជាមួយនឹងអក្សរ “Ridgeline” ។ លើសពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing suit safety និងបច្ចេកវិទ្យាជំនួយការអ្នកបើកបរជាស្តង់ដារទៀតផង ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ HomeLink ព្រមទាំងកុងសូលកណ្តាលថ្មី ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ៣ តំបន់ ឧបករណ៍បំពងសំឡេង ៨ ចំណុច ដំបូលកញ្ចក់ moonroof ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៨០ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕