[បរទេស] គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Ford មានរថយន្តដែលបានធ្វើការប្រមូលមកវិញសរុបចំនួនជិត ៥,៧ លានគ្រឿងក្នុងរយៈពេលតិចជាងមួយឆ្នាំនៅសហរដ្ឋអាមេរិក នេះក៏ជាឆ្នាំទី ៣ ដែលក្រុមហ៊ុនរថយន្តនេះនាំមុខចំនួននៃការប្រមូលមកវិញក្នុងទីផ្សារនេះ។
ទោះបីជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងឆ្នាំមុន បរិមាណរថយន្ត និងចំនួននៃការប្រមូលរថយន្តរបស់ក្រុមហ៊ុន Ford បានបង្ហាញសញ្ញានៃការថយចុះប្រមាណ ៣០% ដោយនៅឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្តនេះបានចេញសេចក្តីជូនដំណឹងប្រមូលរថយន្តត្រលប់មកវិញចំនួនសរុបរហូតដល់ទៅ ៨,៥ លានគ្រឿង។
ជាមួយគ្នានេះ អ្នកតំណាងក្រុមហ៊ុន Ford បាននិយាយថា យើងនៅតែខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីនាំយកនៅរថយន្តប្រកបដោយគុណភាព និងសុវត្ថិភាពពិតប្រាកដជូនអតិថិជន ។ លើសពីនេះ ការប្រមូលរថយន្តមកវិញក៏ជាវិធានការមួយដើម្បីការពារអតិថិជនពីបញ្ហាផ្សេងៗ នឹងមានគុណភាពកាន់តែប្រសើរ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តមួយចំនួនផ្សេងទៀតក៏ស្ថិតនៅក្នុងក្រុមហ៊ុនកំពូលទាំង ១០ ដែលត្រូវបានប្រមូលរថយន្តរបស់ខ្លួនត្រលប់មកវិញញឹកញាប់បំផុត រួមមាន BMW, Mercedes-Benz និង Nissan ៕