ក្រុមហ៊ុនរថយន្តអាមេរិកធំៗចំនួន៣ រួមមាន Ford, GM និង Tesla ទទួលបានភ្លើងខៀវក្នុងការផលិតឧបករណ៍សម្រួលផ្លួវដង្ហើម ស្របពេលដែលមន្ទីរពេទ្យកំពុងខ្វះខាតឧបករណ៍នេះ ខណៈជំងឺកូវីដ១៩ កំពុងតែផ្ទុះឡើង។ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់ឲ្យដឹងនៅលើ Tweeter កាលពីថ្ងៃអាទិត្យ។
ឧបករណ៍សម្រួលផ្លូវដង្ហើម គឺជាផ្នែកមួយដ៏សំខាន់នៃឧបករណ៍វេជ្ជសាស្រ្ត សម្រាប់អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលជាជំងឺផ្លូវដង្ហើមថ្មី។ ជំងឺកូវីដ១៩ វាយប្រហារសួត និងអាចបណ្តាលឲ្យមានរោគសញ្ញាផ្លូវដង្ហើម និងរលាកសួតធ្ងន់ធ្ងរ។
ជាមួយគ្នានេះ ដោយសារតែមិនទាន់មានការព្យាបាលពិតប្រាកដណាមួយនៅឡើយ ឧបករណ៍សម្រួលផ្លូវដង្ហើម ត្រូវការយ៉ាងចាំបាច់ ក្នុងការជួយមនុស្សឲ្យដកដង្ហើមស្រួល និងប្រយុទ្ធនឹងជំងឺនេះ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក មានឧបករណ៍សម្រួលផ្លូវដង្ហើមនេះប្រហែល ១៦០ ០០០គ្រឿង និង ១២ ៧០០គ្រឿងផ្សេងទៀត ស្ថិតនៅ National Strategic Supply៕