
ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Xpeng G7 ប្រភេទ SUV អគ្គិសនី គ្រោងចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆមាសទី១ នេះ ជាមួយតម្លៃចាប់ពី ២៧ ៣០០ ដុល្លារ។
Xpeng G7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ ផ្គួបជាមួយអាគុយ LFP ទំហំ ៦៨,៥ និង ៨០៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០២ និង ៧០២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៩២ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ ដល់ ២០ អ៊ីញ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើប Hawk AI ថ្មី ដែលផ្តល់នូវសមត្ថភាពបើកបរដ៏ឆ្លាតវៃថែមទៀតផង។
សម្រាប់ការរចនាផ្នែកខាងក្នុង Xpeng G7 មានទំហំធំជាងបើប្រៀបធៀបទៅនឹង G9 ដោយវាត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលប្រើប្រាស់ក្នុងទីក្រុង ខណៈ Option ទទួលបានដូចគ្នានឹងរថយន្ត Xpeng P7+ ៕