
[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Hongqi Tiangong 05 ប្រភេទ sedan ៥កៅអី ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលជារថយន្ត sedan ទី ១ និងម៉ូដែលទី ២ នៅក្នុងត្រកូល Tiangong របស់ Hongqi ជាមួយតម្លៃលក់ចាប់ពី ២២ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត Hongqi Tiangong 05 មានប្រវែងសរុប ៤ ៨២០ ម.ម កម្ពស់ ១ ៤៨០ ម.ម ទទឹង ១ ៩១៥ ម.ម និងប្រវែងគម្លាតកង់ ២ ៩០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ អាចផលិតកម្លាំងបាន ២៨២ សេះ និងកម្លាំងរមួល ៣១៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយចំនួន ២ ទំហំ ៦២ និង ៨៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ និង ៧៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកល្បឿនលឿន អាចសាកឡើងពី ១០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ២០នាទី ប៉ុណ្ណោះ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីបែបស្ព័រជាមួយប៉ាណាបិតជិត ចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយ LED រាងអក្សរ X ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់លើកញ្ជក់ AR-HUD ទំហំ ៦០ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ កន្លែងសាកឥតខ្សែកម្លាំង ៥០វ៉ាត់ ឧបករណ៍បំពងសំឡេងចំនួន ៨ចំនុច និងប្រព័ន្ធបើកបរឆ្លាតវៃ L2.9 ចុងក្រោយបង្អស់៕