
ម៉ាកយីហោលំដាប់កំពូលត្រកូល Denza របស់ BYD បានទទួលជោគជ័យគួរឲ្យកត់សម្គាល់ក្រោយរថយន្ដ MPV ម៉ូឌែលនេះ បានក្លាយជារថយន្តអគ្គិសនីចិន ដែលលក់ដាច់បំផុតកាលពីខែមីនា បន្ទាប់ពីបានចូលប្រឡុកទីផ្សារឥណ្ឌូនេស៊ី។
យោងតាមសមាគមឧស្សាហកម្មរថយន្តឥណ្ឌូនេស៊ី រថយន្តអគ្គិសនីចិន ១០ ម៉ូដែលដែលលក់ដាច់បំផុតនៅប្រទេសឥណ្ឌូនេស៊ី គិតត្រឹមខែមីនា ឆ្នាំ ២០២៥៖
- BYD Denza D9: ១.៥៨៧ គ្រឿង
- BYD M6: ១.២៩៣ គ្រឿង
- BYD Sealion 7: ១.១៨២ គ្រឿង
- Chery iCar 03 (J6): ៩៨៧ គ្រឿង
- Aion Hyptec: ៨៨៦ គ្រឿង
- Wuling Air EV: ៤៧១ គ្រឿង
- Wuling Binguo EV: ៤៦៨ គ្រឿង
- BYD Atto 3: ៣៨៨ គ្រឿង
- Wuling Cloud EV: ២៦៦ គ្រឿង
- BYD Seal: ២៣៤ គ្រឿង
យោងតាមយោងតាមទិន្នន័យទីផ្សារចុងក្រោយដែលកានកត់ត្រា រថយន្ត Denza D9 លក់បាន ១.៥៨៧ គ្រឿងក្នុងខែមីនា ឆ្នាំ ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី ដែលដណ្តើមបានចំណែកទីផ្សារ ២.២%។ សមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍នេះបានជំរុញឲ្យវាក្លាយជារថយន្តម៉ូដែលចិនដែលលក់ដាច់បំផុតនៅក្នុងទីផ្សារឥណ្ឌូនេស៊ី បើគិតពីចំណាត់ថ្នាក់រួមគ្រប់ប្រេនទាំងអស់ Denza D9 ឈរនៅលេខ១១ មានអត្រានៃការលក់ខុសគ្នាតែ ១៣ គ្រឿងប៉ុណ្ណោះពីរថយន្ត SUV ម៉ូដែល XL7 របស់ Suzuki ដែលស្ថិតនៅចំណាត់ថ្នាក់ទី ១០។
ការដាក់លក់នៅប្រទេសឥណ្ឌូនេស៊ីនេះ គឺបន្ទាប់ពី BYD បានចូលទីផ្សារមុននេះក្នុងខែមករា ឆ្នាំ ២០២៤ នៅពេលដែលក្រុមហ៊ុនបានណែនាំរថយន្តថាមពលថ្មី ៣ ម៉ូដែលគឺ Dolphin, Seal, និង Atto 3។ BYD បានចាប់ផ្តើមដឹកជញ្ជូនរថយន្តទាំងនេះទៅអតិថិជនឥណ្ឌូនេស៊ីក្នុងខែមិថុនា ឆ្នាំ ២០២៤។
ត្រឡប់មកប្រទេសចិនវិញ រថយន្ត Denza D9 បានតំណែងនាំមុខក្នុងរថយន្ដប្រភេទ MPV។ នៅខែមករា ឆ្នាំ ២០២៥ ពួកបានដណ្តើមបានតំណែងកំពូល ក្រោយលក់បានចំនួន ១០ ០២៦ គ្រឿង។ សន្ទុះនេះបានបន្តដល់ខែកុម្ភៈ ដោយរថយន្ត Denza D9 DM-i (កំណែ plug-in hybrid) បានឈរនៅលំដាប់កំពូលដោយការលក់រាយ ៧ ២១៣ គ្រឿង។
នៅត្រឹមខែមីនា ឆ្នាំ ២០២៥ រថយន្ត Denza D9 នៅតែរក្សាតំណែងនាំមុខរបស់ខ្លួនដោយលក់បាន ៩.៣២៦ គ្រឿង ដោយបង្កើតខ្លួនជា MPV លេខមួយផ្នែកបរិមាណលក់ដាច់ដោយនាំមុខដៃគូប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ សម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៥ រថយន្ត Denza D9 DM-i លក់បាន ២៥.៥៩៨ គ្រឿង៕