
ក្រុមហ៊ុន Geely បានបង្ហើបថា Galaxy A7 EM-i ជារថយន្ត Plug-in Hybrid ប្រភេទ Sedan ដំបូងគេដែលនឹងប្រើប្រាស់ប្រព័ន្ធ Leishen AI Hybrid 2.0 ថ្មី។ រថយន្តនេះ គ្រោងនឹងចេញលក់នៅក្នុងទីផ្សារប្រទេសចិននៅត្រីមាសទី៣ ឆ្នាំ២០២៥ ដោយរំពឹងនឹងដាក់លក់ក្នុងតម្លៃចន្លោះពី ១០០ ០០០ ដល់ ១៣០ ០០០យន់ ស្មើនិងប្រមាណ ១៤ ០០០ ដល់ ១៨ ២០០ដុល្លារ។
លក្ខណៈពិសេសលេចធ្លោរបស់រថយន្ត Galaxy A7 EM-i គឺមានរយៈចម្ងាយសរុបបើកបរបាន ២ ១០០គីឡូម៉ែត្រ នៅពេលប្រើប្រាស់ថាមពលអគ្គិសនីលាយសាំង។ រថយន្ដដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនី។ ក្នុងការធ្វើតេស្តជាក់ស្តែង រថយន្ដស៊ីប្រេងត្រឹមតែ ២,៤លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Geely រថយន្ដGalaxy A7 EM-i នឹងបំពាក់មកជាមួយប្រព័ន្ធ AI ថ្មីជួយដល់ការពន្យារអាយុកាលអាគុយបាន ១៥% ផងដែរ តាមរយៈការគ្រប់គ្រងចរន្តអគ្គិសនីបានយ៉ាងល្អ។
រថយន្ត A7 EM-i ត្រូវបានរចនាឡើងផ្ដោតលើតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយការសន្សំសំចៃខ្ពស់និងសមត្ថភាពបើកបរបានឆ្ងាយ។ រថយន្ដនេះអាចបើកបរបានចម្ងាយ ៥៥គីឡូម៉ែត្រ ឬ ១២០គីឡូម៉ែត្រ នៅពេលប្រើអគ្គិសនីសុទ្ធ អាស្រ័យលើកញ្ចប់អាគុយដែលបានបំពាក់មកក្នុងរថយន្ដ។ Galaxy A7 EM-i និងក្លាយជាគូប្រជែងរបស់រថយន្ដ BYD Qin L និង Wuling Starlight ដែលកំពុងបានការគាំទ្រខ្លាំងក្នុងប្រទេសចិន។
រថយន្ត A7 EM-i ត្រូវបានរចនាឡើងជាមួយនឹងរូបរាងខាងក្រៅបែបទំនើបរួមបញ្ចូលជាមួយភាពម៉ឺងម៉ាត់។ នៅផ្នែកខាងមុខបំពាក់មកជាមួយភ្លើង Daytime Runninglight LED អូសកាត់ពេញទទឹង ផ្នែកខាងមុខ តភ្ជាប់ចង្កៀងមុខដែលមានជ្រុងស្រួច ភា្ជប់ជាមួយប៉ាណាមានរន្ធខ្យល់ខាងក្រោម។
រូបរាងចំហៀងបំពាក់មកជាមួយយ៉ាន់កង់បែប Turbine មានច្រើនកាំ និងគែមបង្អួចពណ៌ខ្មៅរលោង។ ខណៈរថយន្ដនៅតែរក្សាដៃទ្វារបែបប្រពៃណីជំនួសឲ្យដៃទ្វាររាបស្មើ ការរចនានេះបានបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់។ នៅផ្នែកខាងក្រោយ ភ្លើងក្រោយដែលលាតសន្ធឹងពេញទទឹង និង Ducktail Spoiler តូចមួយបានបន្ថែមភាពរស់រវើក។ ចំពោះទំហំ រថយន្ត A7 EM-i មានប្រវែង ៤.៩១៨ ម.ម ទទឹង ១.៩០៥ ម.ម កម្ពស់ ១.៤៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោយប្រវែង ២.៨៤៥ ម.ម។
នៅខាងក្នុង ត្រូវបានរចនាឡើងបែបទំនើប និងបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ ផ្ទៃខាងក្នុងបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ១២.៣ អុីញ និង អេក្រង់កម្សាន្ដទំហំ ១៥.៤ អុីញ រួមបញ្ចូលនូវឧបករណ៍ប្តូរលេខរាងមូលតូចល្មម ភ្លើងលម្អរផ្ទៃក្នុង (ambient lighting) កន្លែងសាកថ្មឥតប្រើខ្សែនិងការតុបតែងលម្អរដោយឈើ ។
រថយន្ត A7 EM-i ដំណើរការដោយប្រព័ន្ធ Flyme Auto របស់ Geely ដែលគាំទ្រការអាប់ដេតតាមរយៈ OTA (over-the-air) និងត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងថាមពលឆ្លាតវៃ។ ក្រុមហ៊ុន Geely អះអាងថា ម៉ាស៊ីន AI-driven scene engine អាចលៃតម្រូវការបែងចែកថាមពលដោយស្វ័យប្រវត្តិដោយផ្អែកលើស្ថានភាពបើកបរជាក់ស្តែង ដើម្បីជួយបង្កើនកម្រិតសន្សំសំចៃកាន់តែប្រសើរ៕