
រថយន្ត Hyundai Elexio បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់នៅក្នុងប្រទេសចិន។ រថយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ Hyundai ជាមួយ BAIC នៅក្នុងប្រទេសចិន។
Hyundai Elexio ជារថយន្ត SUV ៥កៅអី មានទំហំធំទូលាយ មានជម្រើសប្រើប្រាស់ទាំងប៉ុង១ (FWD) និងប៉ុង២ (AWD)។ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៦១៥ម.ម ទទឹង ១ ៨៧៥ម.ម កម្ពស់ ១ ៦៧៣ ម.ម និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៧៥០ម.ម។ Hyundai Elexio ជារថយន្តដំបូងគេដែលបានផលិតនៅលើគ្រោងឆ្អឹងផ្តោតសំខាន់លើរថយន្តប្រើអគ្គិសនីសុទ្ធរបស់ Hyundai គឺគ្រោងឆ្អឹង E-GMP platform។
Hyundai Elexio បំពាក់មកជាមួួយអាគុយ Lithium iron phosphate (LFP) ហើយត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន FinDream ដែលជាបុត្រសម្ព័ន្ធពេញលេញរបស់ BYD។ ចំណុះរបស់កញ្ចប់អាគុយមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែ Hyundai អះអាងថា ចម្ងាយបើកបរនឹងមានរហូតដល់ ៧០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ ចំពោះការសាកថ្មនៅស្ថានីយល្បឿនលឿន រថយន្ដអាចសាកពី ៣០-៨០% ប្រើរយៈពេល ២៧នាទី ។
រថយន្ត Hyundai Elexio ត្រូវបានបង្ហាញក្នុងខែមេសា នៅឯពិព័រណ៍រថយន្តសៀងហៃ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនៅឡើយ។ ក្រុមហ៊ុននេះក៏ប្រកាសផងដែរថា ខ្លួនមានគម្រោងផលិតបន្ថែមរថយន្តប្រភេទ BEV, PHEV និង EREV ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ រថយន្ត Hyundai Elexio រំពឹងថាវានឹងដាក់លក់នៅត្រីមាសទី ៣នៃឆ្នាំនេះ ជាមួយនឹងតម្លៃប្រហែល ១៤០ ០០០ យន់ ឬស្មើនិង ១៩ ៥០០ ដុល្លារអាមេរិក៕