
កាលថ្ងៃទី ៨ ខែកក្កដា រថយន្ត Chery Fulwin A9L ប្រភេទ Sedan ដំណើរការដោយប្រព័ន្ធ Plug-in Hybrid បានដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន ជាមួយនឹងជម្រើស ៤ម៉ូឌែល ជាមួយតម្លៃចន្លោះតម្លៃពី ២០ ៨៩០ ដល់ ២៩ ០០០ ដុល្លារ។
មួយម៉ោងបន្ទាប់ពីការដាក់លក់ជាផ្លូវការ ក្រុមហ៊ុនបានប្រកាសថា រថយន្ត Chery Fulwin A9L បានទទួលការបញ្ជាទិញរហូតដល់ ៣៥ ៦៨០គ្រឿង។ រថយន្ត Chery Fulwin A9L មេគុណអូសទាញ (drag coefficient) ត្រឹមតែ 0.23 Cd នេះជាផ្នែកមួយជួយដល់ប្រព័ន្ធលំហូរខ្យល់របស់រថយន្ដកាន់តែដំណើរការបានល្អ។ អ្នកប្រើប្រាស់អាចជ្រើសរើសបាន ៦ ពណ៌សម្រាប់តួរថយន្ត រួមមាន៖ បៃតង ប្រផេះ ក្រហម ប្រាក់ ស្វាយ និងខ្មៅ។
រថយន្តនេះត្រូវបានបំពាក់ដោយ LiDAR លើដំបូល ចំនួន ១គ្រាប់, រ៉ាដាមីលីម៉ែត្ររលក ចំនួន ៣គ្រាប់, កាមេរ៉ា HD ចំនួន ១១ គ្រាប់ និង រ៉ាដា ultrasonic ចំនួន ១២ គ្រាប់នៅជុំវិញរថយន្ត។ ឧបករណ៍ទាំងអស់នេះគាំទ្រដល់ប្រព័ន្ធជំនួយការបើកបរទំនើប Falcon 500 ដែលអាចធ្វើប្រតិបត្តិការបើកបរដោយស្វ័យប្រវត្តិពេលប្រើប្រាស់ល្បឿនលឿន (high-speed navigation on autopilot) និងប្រព័ន្ធជំនួយការចូលចត (parking assistance)។ លើសពីនេះរថយន្ដនេះក៏បន្ថែមមកជាមួយប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ (automatic emergency braking) រថយន្តអាចបន្ថយល្បឿនបានក្នុងល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
Chery Fulwin A9L ផ្ដល់ជូនអតិថិជនជាជម្រើសប្រើបាស់បប៉ុង១និងប៉ុង២ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន៖
ដំណើរការដោយប៉ុង១ (FWD)
- ដំណើរការដោយម៉ូទ័រអគ្គិសនីខាងមុខ: អាចផលិតកម្លាំងបាន ២១៥សេះ កម្លាំងរមួល ៣១០ញូតុនម៉ែត្រ
- កម្រិតសុីសាំង: ៣.៦៥ លីត្រ ក្នុង ១០០គីឡូម៉ែត្រ
- អាចបង្កើនល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេល ៧.៩ វិនាទី
- ប្រើអគ្គិសនីសុទ្ធអាចបើកបរបាន ២៦០គីឡូម៉ែត្រ ប្រើអគ្គិសនីសាយសាំងអាចបើកបាន ២ ០០០គីឡូម៉ែត្រ
ដំណើរការដោយប៉ុង២ (AWD)
- ម៉ូទ័រអគ្គិសនីខាងមុខ: អាចផលិតកម្លាំង ២១៥សេះ កម្លាំងរមួល ៣១០ញូតុនម៉ែត្រ
- ម៉ូទ័រអគ្គិសនីខាងក្រោយ អាចផលិតកម្លាំងបាន ២៦១សេះ កម្លាំងរមួល ៣២៤ ញូតុនម៉ែត្រ
- កម្រិតសុីសាំង: ៤.៨ លីត្រ ក្នុង ១០០គីឡូម៉ែត្រ
- ការបង្កើនល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេល ៤.៩ វិនាទី
- ប្រើអគ្គិសនីសុទ្ធអាចបើកបរបាន ២០០គីឡូម៉ែត្រ ប្រើអគ្គិសនីលាយសាំងបើកបាន ១ ៦០០គីឡូម៉ែត្រ
ចូលមកដល់ផ្នែកខាងក្នុងរថយន្តនេះបានបំពាក់នូវចង្កូតបែប double-spoke flat-bottom (មានគែមរាបស្មើ) អេក្រង់កុងទ័រទំហំ 10.25 អុីញ និងអេក្រង់កម្សាន្ដទំហំ 15.6 អុីញ។ រថយន្ដនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Lingxi Smart Cabin 2.0 របស់ Chery គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8255។
បន្ថែមពីនៅផ្នែកខាងក្នុងរបស់ Chery Fulwin A9L បំពាក់ជាមួយភ្លើង ambient lighting ចំនួន ២៥៦ ពណ៌, ពោងសុវត្ថិភាពចំនួន ៩គ្រាប់, ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ , ប្រព័ន្ធជំនួយការបញ្ចេញដោយសំឡេង និង ការបញ្ជារថយន្ដពីចម្ងាយតាមរយៈទូរស័ព្ទដៃ៕