
ក្រុមហ៊ុន Faraday Future បានធ្វើការដាក់បង្ហាញរថយន្ត Minivan ថ្មីម៉ូឌែល FX Super One បំពាក់មកជាមួយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) នៅប៉ាណាខាងមុខ ។ រថយន្ដម៉ូឌែលថ្មីនេះត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ពិសេសមួយនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនក្នុងរដ្ឋ California។
រថយន្ត FX Super One ផលិតផ្អែកលើលំនាំរថយន្ត Minivan ម៉ូឌែល Wey Gaoshan របស់ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motors។ ទោះជាយ៉ាងណា វាបានមកជាមួយនឹងការរចនាផ្នែកខាងមុខឡើងវិញ ដោយបានបំពាក់ជាមួយឈុតកង់ទំហំ ២០អុីញដែលស្រស់ស្អាតជាងមុន ហើយលេងបន្ថែមមកជាមួយគ្រឿងតុបតែងនិងបច្ចេកវិទ្យាបន្ថែមជាច្រើនទៀត។
ចំណុចលេចធ្លោបំផុតគឺអេក្រង់ទំហំត្រូវបានបំពាក់នៅប៉ាណាខាងមុខ (grille) មានឈ្មោះថា Front AI Communication Ecosystem ហៅកាត់ថា F.A.C.E.។ ប្រព័ន្ធ F.A.C.E. មិនមែនគ្រាន់តែសម្រាប់បង្ហាញក្រាហ្វិកទេ ជាក៏បង្ហាញសម្រង់ពាក្យបំផុសគំនិត និងរូបអារម្មណ៍ អាចមើលឃើញ ស្តាប់និងនិយាយតបវិញដូចជាអ្នកបើកបរពិតប្រាកដ real co-pilot។
ជាមួយមុខងារនេះអ្នកអាចប្រើវាសម្រាប់ការផ្សាយពាណិជ្ជកម្ម ទោះបីជាលក្ខណៈពិសេសអន្តរកម្មទាំងនេះអាចដំណើរការបានតែនៅពេលរថយន្តចតស្ងៀមក៏ដោយ។ សម្រាប់អ្នកដែលមិនចូលចិត្តរូបរាងបែប Sci-Fi ក្រុមហ៊ុន Faraday Future ក៏នឹងផ្តល់ជម្រើសប៉ាណាខាងមុខបែបធម្មតាបាន។
ចំណុចសំខាន់មួយទៀតគឺរថយន្ដនេះបានបំពាក់មកជាមួយស្ថាបត្យកម្ម EAI Embodied Intelligence AI Agent 6×4 ដែលត្រូវបានបង្កើតឡើងដោយ Faraday Future ផ្ទាល់។ ប្រព័ន្ធនេះគ្រប់គ្រងមិនត្រឹមតែមុខងារ F.A.C.E ប៉ុណ្ណោះទេ ប៉ុន្តែក៏គ្រប់គ្រងប្រព័ន្ធកម្សាន្តបច្ចេកវិទ្យាកម្រិតខ្ពស់ ប្រព័ន្ធសម្គាល់សំឡេង និងប្រព័ន្ធជំនួយការបើករ ADAS ដ៏ទំនើបផងដែរ។
ចូលមកដល់ផ្នែកខាងក្នុង រថយន្ត Minivan នេះនឹងមានផ្តល់ជូននូវ ៤កៅអី ៦កៅអី ឬ ៧កៅអី រចនាមកជាមួួយជម្រើសកៅអី២ជួរនិងកៅអី៣ជួរ ផ្ដល់ជូនជាពិសេសសម្រាប់អតិថិជនគ្រប់វណ្ណៈ។ FX Super One ៤កៅអីត្រូវបានគេហៅថាជាម៉ូឌែល GOAT Edition ហើយវាបន្ថែមអេក្រង់កម្សាន្ដបែប Panoramic អាចបញ្ជាបិទបើកទម្លាក់បាន ប្រព័ន្ធសំឡេង Dolby Atmos immersive audio, ប្រព័ន្ធ Super AP Platform បានធ្វើឲ្យតំបន់អង្គុយរបស់អ្នកដំណើរនៅកៅអីជួរទី២កាន់តែស្ងប់ស្ងាត់ និងបំពាក់មកជាមួយបរិក្ខារពិសេសៗជាច្រើនទៀត។ បន្ថែមពីនេះផ្នែកខាងក្នុងបំពាក់មកជាមួយស្បែកប្រណិត និងកៅអីមានមុខងារ Zero-gravity ផ្តោតលើផាសុកភាព។
ទាក់ទងនឹងគ្រោងឆ្អឹងរថយន្ត FX Super One ប្រើប្រាស់ជាប្រភេទដែកថែបដូចទៅនិងរថយន្ដ Wey Gaoshan។ រថយន្ដនេះគ្រោងនឹងផ្ដល់ជូនជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ BEV និងជម្រើស Hybrid “AI Hybrid Extended Range” ។ ម៉ាស៊ីនទាំង២ប្រភេទនេះនឹងផ្តល់ជូនប្រព័ន្ធបើកបរប៉ុង២ AWD (All-Wheel Drive) ជាស្តង់ដារ ដោយដំណើរដោយម៉ូទ័រអគ្គិសនីចំនួនពីរ។
ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ រថយន្ត FX Super One នឹងចាប់ផ្តើមចេញលក់នៅដើមឆ្នាំ ២០២៦។ ម៉ូឌែលនេះនឹងត្រូវបានដំឡើងនៅរោងចក្រ Faraday Future ក្នុងទីក្រុង Hanford រដ្ឋ California ដោយត្រូវបានគេអះអាងថាប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតក្នុងស្រុក ៥០%។ ក្រុមហ៊ុន Faraday Future មិនបានបង្ហាញពីតម្លៃនោះទេ ប៉ុន្តែកំពុងតែទទួលយកការកក់ទុកជាមុនសម្រាប់ប្រាក់កក់ ១០០ ដុល្លារអាមេរិក ហើយអាចសងត្រឡប់ទៅវិញបាន៕