ឧស្សាហកម្មរថយន្តអគ្គិសនីចិនផ្លាស់ប្តូរយុទ្ធសាស្ត្រ ផ្តោតលើការវិនិយោគនៅបរទេសច្រើនជាងផ្សារប្រទេសកំណើតខ្លួន

[បរទេស] បន្ទាប់ពីទីផ្សារក្នុងស្រុកចិនបានឈានដល់ចំណុចមួយដែលម៉ាករថយន្តមានច្រើនពេក ហើយមិនមានអ្នកទិញគ្រប់គ្រាន់ បើទោះបីខ្លួនជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោកក៏ដោយ ដោយបានបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តចិនងាកទៅរកទីផ្សារអន្តរជាតិ ហើយការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ អាចនឹងធ្វើអោយមានផលប៉ះពាល់ដល់ឧស្សាហកម្មរថយន្តពិភពលោក។

យោងតាមក្រុមហ៊ុន Rhodium Group ដែលជាក្រុមហ៊ុនស្រាវជ្រាវដែលបានចេញផ្សាយរបាយការណ៍ថ្មីមួយដែលបង្ហាញពី “ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ” នៅក្នុងការវិនិយោគ​ទៅលើរថយន្តអគ្គិសនីរបស់ប្រទេសចិនសម្រាប់ឆ្នាំ ២០២៤ បានបង្ហាញថា បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការវិនិយោគរបស់ខ្លួនក្នុងស្រុកគឺមានប្រមាណ ៨០%  ប៉ុន្តែចាប់ពីឆ្នាំ២០២៤មក ក្រុមហ៊ុនរបស់ចិនប្រហែល ៣០% ឈានទៅកាន់ការវិនិយោគនៅបរទេសច្រើនជាងនៅក្នុងប្រទេសកំណើរ ជាក់ស្តែងបានបោះទុន ១៦ ពាន់លានដុល្លារនៅក្រៅប្រទេស ខណ:បោះទុនត្រឹម ១៥ពាន់លានដុល្លារប៉ុណ្ណោះទៅក្នុងទីផ្សាររបស់ខ្លួន។ របាយ​ការណ៍​នេះបានបង្ហាញថាប្រហែល​ ៣/៤ ​នៃ​ការ​វិនិយោគ​នៅ​បរទេស​បាន​មក​ពី​ក្រុមហ៊ុន​ផលិត​អាគុយ ជាក់ស្តែងដូចជា CATL គឺធ្វើតាមតម្រូវការអតិថិជនរបស់ពួកគេ ក្នុងការបោះជំហានខ្លួនទៅកាន់ទីផ្សាររបស់ពួកគេ រួមទាំងពន្ធសម្រាប់ផលិតកម្មក្នុងស្រុក និងតម្លៃដឹកជញ្ជូនទាបផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ផងដែរថា ចំពោះរឿងនេះរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបង្ហាញនូវក្តីព្រួយបារម្ភផង អំពីការផ្ទេរបច្ចេកវិទ្យាទៅប្រទេសផ្សេងទៀត រួមទាំងការបាត់បង់ការងារ និងការធ្លាក់ចុះឧស្សាហកម្ម (Industrial Hollowing)។ ហើយ​បើ​យោង​តាម​ Rhodium អាច​នាំ​ឱ្យ​មាន​ការ​គ្រប់​គ្រល​កាន់​តែ​តឹងរ៉ឹង​លើ​ការ​វិនិយោគពី​បរទេស។

ជាមួយការផ្លាស់ប្តូររបស់ប្រទេសចិនក្នុងការកសាងអនាគតសម្រាប់រថយន្តអគ្គិសនីនៅខាងក្រៅទឹកដីរបស់ខ្លួនអាចនិយាយបានវាជាជំហានដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរពិភពលោកពីម៉ាស៊ីនចំហេះក្នុងទៅជារថយន្តអគ្គិសនី។ ប៉ុន្តែការវិនិយោគទាំងនេះនៅតែប្រឈមមុខនឹងហានិភ័យ និងឧបសគ្គជាច្រើន ហើយលើសពីនេះ ឧស្សាហកម្មរថយន្តអគ្គិសនី ក៏លែងគ្រាន់តែជាការប្រកួតប្រជែងក្នុងស្រុកទៀតហើយ ប៉ុន្តែជាការប្រគួតប្រជែងនៅលើទីផ្សារជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម