
ក្រុមហ៊ុន Geely បានដាក់សម្ពោធរថយន្តភីកអាប់ប្រភេទ Plug-in Hybrid ប៉ុងពីរ (AWD) ម៉ូឌែល Riddara RD6 Mountain Edition (ត្រូវបានស្គាល់ថា King Kong នៅក្នុងប្រទេសចិន) និងម៉ូឌែល Riddara Horizon High-Altitude Edition នៅក្នុងប្រទេសចិន ក្នុងតម្លៃប្រហែល ២០ ០០០ ដុល្លារ និង ២១ ៧០០ ដុល្លារ។
រថយន្ដទាំងពីរម៉ូឌែលនេះបំពាក់មកជាមួួយប្រព័ន្ធ Hybrid “NordThor EM-P” របស់ Geely ផ្ដល់នូវចម្ងាយបើកបរសរុប រហូតដល់ ១ ០៦៨ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ ជាមួយគ្នានេះរថយន្ដនេះមានអត្រាប្រសិទ្ធភាពនៃការបើកបររហូតដល់ ៩៥% ទោះស្ថិតក្នុងកម្ពស់ ៣ ៨០០ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ហើយវាមានសមត្ថភាពអាចបើកបរឡើងចំណោតដែលមានកម្រិតជម្រាល ៥៥% បានយ៉ាងងាយស្រួល ទោះបីជាផ្ទុកទម្ងន់ពេញក៏ដោយ។
សម្រាប់កម្រិតសមត្ថភាពរថយន្តនេះដំណើរដោយម៉ាសុីនចំណុះ ១.៥ លីត្រ Turbo រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ (Dual motors) ដំណើរការជាមួយប្រអប់លេខ ៣ វគ្គប្រភេទ DHT អាចផលិតកម្លាំងសរុប ២៦០ គីឡូវ៉ាត់ ឬស្មើនិង ៣៤៩ សេះ កម្លាំងរមួល ៩១៤ ញូតុនម៉ែត្រ។ បន្ថែមពីនេះរថយន្ដនេះបានបំពាក់មកជាមួយអាគុយប្រភេទលីចូមដែកផូស្វាត (Lithium iron phosphate) ទំហំ ១៩.០៩ គីឡូវ៉ាត់ម៉ោង ផ្ដល់នូវចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ១០០ គីឡូម៉ែត្រ គិតតាមស្ដង់ដារ CLTC។
រថយន្ត Riddara RD6 Mountain Edition ត្រូវបានអភិវឌ្ឍឲ្យមានលក្ខណៈប្រសើរឡើងបំផុតសម្រាប់ការបើកបរក្នុងស្ថានភាពផ្លូវភ្នំដ៏ស្មុគស្មាញ និងផ្លូវ Off-road ដោយបំពាក់ជាមួយប្រព័ន្ធបូមឯករាជ្យនៅកង់ទាំងបួន (Four-wheel independent suspension) និងបំពាក់ដោយសំបកកង់សម្រាប់គ្រប់ស្ថានភាពផ្លូវ (All-terrain tires)។
នៅពេលមិនមានផ្ទុកទំនិញ រថយន្ដនេះអាចជាន់សន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលត្រឹមតែ ៦.៣ វិនាទីប៉ុណ្ណោះ ហើយនៅពេលមានផ្ទុកទំនញពេញគឺប្រើរយៈពេល ៨.៦ វិនាទី។ រថយន្តស៊េរី Mountain Edition នេះ នៅតែរក្សានូវរាងរៅ និងវិមាត្រដូចគ្នាទៅនឹងរថយន្ដ Riddara RD6 EM-P មានវត្តមាននៅលើទីផ្សារបច្ចុប្បន្នផងដែរ។
លើសពីនេះ ក្រុមហ៊ុន Geely បានអះអាងថាចំពោះរថយន្ត Riddara Horizon High-Altitude Edition ត្រូវបានរចនាឡើងសម្រាប់តំបន់ដែលមានធាតុអាកាសត្រជាក់ខ្លាំង ដោយវាមានបំពាក់នូវប្រព័ន្ធការពារកម្ដៅអាគុយ (Battery insulation), ប្រព័ន្ធបញ្ឆេះម៉ាស៊ីនក្នុងសីតុណ្ហភាពទាបដែលត្រូវបានកែលម្អឲ្យកាន់តែប្រសើរ និងប្រព័ន្ធគ្រប់គ្រងកម្ដៅកម្រិតខ្ពស់ ដើម្បីធានាថាវាអាចបញ្ឆេះបានយ៉ាងមានទំនុកចិត្ត ទោះបីស្ថិតនៅក្នុងសីតុណ្ហភាពទាបបំផុតរហូតដល់ -៣០ អង្សាសេ។
នៅលើផ្លូវដែលមានទឹកកក និងព្រិល ប្រព័ន្ធប៉ុងពីរ (AWD) របស់វាប្រើប្រាស់បច្ចេកវិទ្យាបែងចែកកម្លាំងរមួលក្នុងកម្រិតមិល្លីវិនាទី (Millisecond-level) ដើម្បីកែតម្រូវកម្លាំងទៅកាន់កង់នីមួយៗក្នុងគោលបំណងការពារការរអិល។រថយន្ដម៉ូឌែលនេះក៏មានបំពាក់មកជាស្ដង់ដារនូវ ប្រព័ន្ធកម្ដៅកៅអីជួរមុខ និងមុខងារបញ្ឆេះរថយន្តពីចម្ងាយ (រួមទាំងការបញ្ជាសីតុណ្ហភាពក្នុងរថយន្ត) តាមរយៈកម្មវិធីទូរស័ព្ទដៃផងដែរ៕



























