អាគុយរថយន្តអគ្គិសនី ត្រូវបានរកឃើញថា ស្រកចុះគុណភាពតិចបំផុតក្នុង១ឆ្នាំ

ការសិក្សាជាក់ស្តែងជាទ្រង់ទ្រាយធំមួយ​ បានបង្ហាញ​ថា អាគុយរថយន្តអគ្គិសនី គឺមានអាយុកាលប្រើប្រាស់បានយូរ ពោលគឺវាស្រកចុះគុណភាពតែ ២% ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលតិតជាងឆ្ងាយពីការប៉ាន់ស្មានរបស់​មនុស្សជាច្រើន។

ទិន្នន័យ​នេះ ត្រូវបាន​ប្រមូល​ចេញពីរថយន្តអគ្គិសនីចំនួន ២២៧០០គ្រឿង លើ២១ម៉ូឌែល ដោយប្រើវិធីសាស្រ្ត Telematics របស់​ក្រុមហ៊ុន Geotab។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​ការធ្លាក់ចុះគុណភាពអាគុយ ២% ជាមធ្យមក្នុង១ឆ្នាំ នោះមានន័យថា បើរថយន្តអគ្គិសនីប្រើរយៈពេល១០ឆ្នាំ ក៏អាចនៅរក្សាគុណភាពអាគុយបាន ៨០%ដែរ។ ប្រសិនបើរថយន្តអគ្គិសនីថ្មី១គ្រឿង ពេលសាកពេញ អាចធ្វើដំណើរបានដល់ ៥១៥គីឡូម៉ែត្រ អ៊ីចឹងក្នុងរយៈពេល ១០ឆ្នាំក្រោយ គឺនៅអាចធ្វើដំណើរបាន​ដល់ប្រហែល ៤២០គីឡូម៉ែត្រទៀត។

យ៉ាងណាមិញ ការស្រកចុះគុណភាពអាគុយ ក៏ពាក់ព័ន្ធ​ទៅនឹង​ទម្លាប់ប្រើប្រាស់​ប្រចាំថ្ងៃផងដែរ។ បើអ្នកប្រើប្រាស់​ EV សាកថ្ម​ល្បឿនលឿនជាញឹកញាប់ពេកនោះ គុណភាពអាគុយក៏ធ្លាក់ចុះកាន់តែលឿនផងដែរ ជាពិសេសបើសាកចាប់ពីល្បឿន ១០០គីឡូវ៉ាត់ឡើងទៅ គឺអាចបណ្តាលឲ្យអាគុយស្រកចុះគុណភាពដល់ ៣% ក្នុង១ឆ្នាំ។

ទិន្នន័យដដែលនេះ ក៏បាន​បង្ហាញឲ្យដឹងដែរថា ការសាកថ្មដល់ ១០០% ឬបើកបរក្នុងស្ថានភាពអាគុយសល់តិចភាគរយញឹកញាប់ ក៏ដូចជាបើកបរក្នុងអាកាសធាតុក្តៅ គឺមានផលប៉ះពាល់តិចតួចប៉ុណ្ណោះចំពោះអាគុយ ដោយធ្វើឲ្យស្រកចុះគុណភាពត្រឹម ០,៤% ក្នុង១ឆ្នាំ។

សម្រាប់ក្រុមហ៊ុន​ផលិតរថយន្តអគ្គិសនី ប្រាកដជាបានដឹងច្បាស់ពីបញ្ហានេះ ដូច្នេះ​ការឌីហ្សាញ និងការផលិតអាគុយដែលបំពាក់លើរថយន្តស៊េរីក្រោយៗ នឹងកាន់តែធ្វើឲ្យមានភាពធន់ ប្រើប្រាស់បានកាន់តែយូរ ទោះអ្នកប្រើប្រាស់​មានទម្លាប់សាកបែបណាក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម