យោងតាមមាត្រា២៧ នៃច្បាប់ស្តីពីចរាចរណ៍ និងវិសោធនកម្ម បានចែងថា ក្នុងពេលកំពុងបើកបរយានយន្ត ការប្រើប្រាស់ភ្លើងហ្វា គឺនៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។

ក្នុងពេលជួបយានយន្តដែលមកពីទិសផ្ទុយ អ្នកបើកបរត្រូវទម្លាក់ភ្លើងហ្វា មកភ្លើងកូតវិញ ក្នុងចម្ងាយប្រហែល ១៦០ម៉ែត្រ។ ជាមួយគ្នានេះ នៅពេលបើកបរពីក្រោយជិតយានជំនិះមួយទៀត ក៏មិនត្រូវបើកភ្លើងហ្វានោះដែរ ដោយអាចទម្លាក់មកប្រើត្រឹមភ្លើងកូតវិញ។

យ៉ាងណាមិញ ការបើកភ្លើងហ្វា ត្រូវហាមឃាត់ពេលបើកបរនៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់ ដោយប្រើត្រឹមភ្លើងកូត លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នារវាងភ្លើងហ្វាជាមួយភ្លើងកូត។

ប្រសិនបើកបរនៅពេលថ្ងៃ ហើយមើលមិនឃើញច្បាស់គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូង គឺប្រើត្រឹមភ្លើងកូត ឬបើកអំពូលកាត់អ័ព្ទបានហើយ ព្រោះបើបើកភ្លើងហ្វានឹងបណ្តាលឲ្យផ្លាតចាំងពន្លឺ ធ្វើឲ្យការមើលកាន់តែពិបាក និងមិនត្រូវតាមច្បាប់ឡើយ៕























