ម្ចាស់យានយន្តដែលធ្លាប់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ តាំងពីឆ្នាំមុនៗមក ដែលមានចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធរបស់អគ្គនាយកដ្ឋានពន្ធដាររួចជាស្រេចទៅហើយនោះ គ្រាន់តែប្រើតែបណ្ណសម្គាល់ការបង់ពន្ធ ឬកាតពន្ធតែមួយប៉ុណ្ណោះ គឺអាចបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២៦នេះបានតែម្តង។
ប្រសិនបើលោកអ្នក មិនទាន់មានកាត់បង់ពន្ធនេះទេ ហើយចង់ស្នើសុំ គឺអាចធ្វើបាននៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារជាដៃគូ ដោយបង់ថ្លៃសេវាចំនួន ៥០០០រៀល។ បណ្ណសម្គាល់ការបង់ពន្ធ ឬកាតពន្ធផ្លូវនេះ មានទម្រង់ជាបណ្ណរឹង និងបណ្ណទម្រង់ឌីជីថល (E-CARD)។ នេះបើយោងតាមប្រកាសស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន។

យ៉ាងណាមិញ ក្រៅពីកាតបង់ពន្ធនេះ លោកអ្នកក៏អាចប្រើឯកសារផ្សេងទៀតបានផងដែរ មួយណាក៏បាន ដូចជា បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធ ឬលតាបត្របង់ពន្ធផ្លូវឆ្នាំចាស់ សម្រាប់ឲ្យមន្រ្តីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធ។
ចុះសម្រាប់យានយន្តថ្មីវិញ ត្រូវការឯកសារអ្វីខ្លះ?
បើតាមអគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងថា ចំពោះយានយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២សន្លឹក តាមទម្រង់ VT 001 ដោយភ្ជាប់មកជាមួយឯកសាររួមមាន បណ្ណសម្គាល់យានយន្ត និងអត្តសញ្ញាណបណ្ណ ព្រមទាំងឆៀកផងដែរចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។
សូមជម្រាបថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ធ្វើឡើងពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រោយពេលបង់រួច ម្ចាស់យានយន្ត ត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធ និងលតាបត្របង់ពន្ធ។ ក្នុងនោះលតាបត្រ ត្រូវបិទភ្ជាប់ជាមួយនឹងយានយន្តតែម្តង ចំណែកបង្កាន់ដៃទទួលប្រាក់ពន្ធ អាចរក្សាទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់។ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងការពិន័យបង់ពន្ធបន្ថែមគុណនឹង២ ពោលគឺស្មើនឹង ១០០ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់៕















