BMW បញ្ចេញរូប Teaser ឡាន Sedan ប្រណីតប្រើអគ្គិសនីសុទ្ធដំបូងគេក្នុងលោក

[ទីផ្សារបរទេស] BMW បានចេញផ្សាយរូបភាព Teaser ច្រើនសន្លឹកសម្រាប់រថយន្ត i7 និងថែមទាំងបានបញ្ជាក់ថារថយន្តនេះប្រកាសចេញជាផ្លូវការនៅខែមេសាខាងមុខនេះហើយ។

រថយន្ត BMW i7 ដែលជារថយន្ត Sedan ប្រណីតដើរដោយថាមពលអគ្គិសនីសុទ្ធ នឹងត្រូវបង្ហាញចេញស្របពេលគ្នាជាមួយរថយន្ត BMW 7-Series ជំនាន់ថ្មី ដោយ BMW i7 នេះនឹងជាប្រភេទដែលមានថាមពលខ្លាំងក្លាជាងគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមរូបភាព Teaser បង្ហាញថារថយន្តជំនាន់ថ្មីនឹងមាន​ផ្ទាំងប៉ាណាមុខទំហំធំដែលជាអត្តសញ្ញាណថ្មីសម្រាប់រថយន្ត BMW ស៊េរីចុងក្រោយជាច្រើនម៉ូដែល ខណៈដែលផ្ទាំងប៉ាណានេះដែរស្រដៀងនឹងអ្វីដែលមានលើរថយន្ត XM អ៉ីចឹងដែរ។

BMW បានហៅរថយន្ត i7 ថាជារថយន្ត Sedan ប្រណីតដែលប្រើអគ្គិសនីសុទ្ធដំបូងគេក្នុងលោក ដោយគេឃើញមានផ្នែកខាងក្នុងដែលមានបំពាក់ដោយមុខងារ BMW Threate Screen ដែលនោះគឺជាអេក្រង់ Ultrawide ទំហំ៣១អ៉ីញ សម្រាប់បម្រើជាការកម្សាន្តដល់អ្នកដំណើរអង្គុយខាងក្រោយ ហើយក៏មានចំណុចពិសេសផ្សេងទៀត​ដូចជាដំបូលកញ្ចក់ Sky Lounge ជាមួយអំពូល LED តូចៗជាច្រើនគ្រាប់នៅលើដំបូល។

BMW មិនទាន់បានបង្ហាញពីថាមពលអគ្គិសនីនៃ i7 នៅឡើយទេ ប៉ុន្តែបានបង្ហាញតួលេខប៉ាន់ស្មានថារថយន្តនេះនឹងអាចបើកបរបានចម្ងាយចន្លោះពី ៥៨០ ទៅ ៦១០គីឡូម៉ែត្រ ផ្អែកតាមការប៉ាន់ស្មាន WLTP និងការប៉ាន់ស្មានរបស់ EPA គឺអាចបើកបរបានចម្ងាយ ៤៩១គីឡូម៉ែត្រ។

ដោយឡែកបើផ្អែកតាមដំណឹងចុងក្រោយ BMW i7 នឹងមានបំពាក់អាគុយចំណុះ ១២០kWh ហើយវាក៏នឹងមានជាប្រភេទមហាកម្លាំងដែលលេចឮថាមានបំពាក់ម៉ូទ័រអគ្គិសនីបី អាចផលិតកម្លាំងបានសរុប ៧៤០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម