Bugatti មិនខ្ចីឈឺក្បាលរឿងរកអ្នកទិញឡានរហូតដល់ឆ្នាំ២០២៥

[ទីផ្សារបរទេស] លោក Mate Rimac ដែលជាប្រធានក្រុមហ៊ុន Bugatti Rimac បាន​និយាយថា​តម្រូវ​ការ​រថយន្ត​តម្លៃ​ថ្លៃ​របស់​ក្រុមហ៊ុន​ខ្លួន ហាក់​មិន​មាន​សញ្ញាថមថយឡើយ គឺនៅតែទទួលបានការគាំទ្រខ្លាំងជាលំដាប់។

លោក Mate Rimac បានលើកឡើងដូចនេះ ក្រោយការប្រកាសចេញរថយន្ត Bugatti W16 Mistral តម្លៃ៥លាន​ដុល្លារ ហើយ​លោក​បាន​បញ្ជាក់ថា​ជាមួយ​ម៉ាក​រថយន្ត Bugatti គឺបានលក់ដាច់រហូតដល់ឆ្នាំ២០២៥ឯណោះ ដូចនេះទោះជាមាន​វិបត្តិ​សេដ្ឋកិច្ច​ច្រើនឆ្នាំក៏មិនជាបញ្ហា​ដែរ។

ពាណិជ្ជកម្ម

ភ័ស្តុតាងនៃតម្រូវការលើរថយន្ត Bugatti ម៉ូដែលថ្មីបាន​បង្ហាញ​ឲ្យឃើញ​ច្បាស់ៗនៅពេលដែលរថយន្ត W16 Mistral ​ដែល​ផលិត​មាន​កំណត់​ចំនួន៩៩គ្រឿង សុទ្ធតែមានអ្នកកុម្ម៉ង់ទិញគ្រប់គ្រឿងទាំងអស់។ ត្រង់​ចំណុចនេះលោក Rimac បាន​និយាយថា​លោក​ភ្ញាក់ផ្អើល​បន្តិចដែរ ពេលឃើញថារថយន្តលក់អស់លឿនបែបនេះ និងបានបញ្ជាក់ថាអតិថិជនភាគច្រើនគឺមកសហរដ្ឋអាមេរិក​។

មិនមែនតែម៉ាករថយន្ត Bugatti និង Rimac នោះទេ ដែលជួយជ្រោមជ្រែងដល់​ក្រុមហ៊ុន Bugatti Rimac ប៉ុន្តែ​តាម​ពិត​ទៅ​អ្នក​ដែល​ជួយ​ខ្លាំងជាងគេគឺក្រុមហ៊ុនបុត្រសម្ព័ន្ធ Rimac Technology ដែលលក់​អាគុយ និងបច្ចេកវិទ្យារថយន្តអគ្គិសនី​ទៅ​ឲ្យ​ក្រុមហ៊ុន Porsche, Aston Martin, Hyundai និងក្រុមហ៊ុន​រថយន្តធំដទៃទៀត៕

Sponsored