យោងតាមគេហទំព័រ Auto News បានបង្ហាញថា ក្រុមហ៊ុន Cadillac នឹងបង្ហាញរថយន្ត SUV ខ្នាតកណ្តាល ដំណើរការដោយថាមពលអគ្គិសនី នៅក្នុងខែមេសា ឆ្នាំ២០២០ នេះ។
រថយន្តអគ្គិសនីរបស់ Cadillac ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យឃើញ កាលពី១៣ខែមុន ដែលមានរូបរាងបែបជ្រុងៗ កាច និងទាប។ ទោះជាយ៉ាងណា វាអាចនឹងផ្លាស់ប្តូររូបរាង និងការរចនាមួយចំនួន នៅពេលចេញលក់ជាផ្លូវការ។
Cadillac នឹងប្រើប្រាស់គ្រោងឆ្អឹងថ្មីលើរថយន្តអគ្គិសនីរបស់ខ្លួន ដែលបាននិងកំពុងប្រើលើរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន General Motors ជាច្រើនម៉ូដែលមកហើយ។ គ្រោងឆ្អឹងនេះអាចប្រើជារថយន្តប៉ុងមុខ, ប៉ុងក្រោយ និង ប៉ុងពីរ AWD បានផងដែរ។
ក្រុមហ៊ុន Cadillac បានឲ្យដឹងថា រថយន្តអគ្គិសនីថ្មីនេះ នឹងផ្អោតលើទីផ្សាររថយន្តប្រណីតនៅទូទាំងពិភពលោកតែម្តង។
ទោះបីជាកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានបង្ហាញ ប៉ុន្តែរថយន្ត Cadillac នេះនឹងបង្ហាញខ្លួនក្នុងកម្មវិធី New York Auto Show ដែលធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ ១៩ ខែមេសា ឆ្នាំ២០២០៕