Ford រកលុយបាន​ជិត ៣៨ពាន់លានដុល្លារពីការលក់ឡានបីខែ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford ទទួលបានលទ្ធផលយ៉ាងអស្ចារ្យលើប្រាក់ចំណេញ និងប្រាក់ចំណូល​ដែល​រក​បាន​នៅ​ត្រីមាស​ទី​ពីរ ហើយ​រំពឹងថានឹងបន្តជោគជ័យ​រហូតដល់ត្រីមាសទីបី និងទីបួនជាបន្តបន្ទាប់ទៀត។

ប្រាក់ចំណូលរបស់ Ford ជារួមបានកើនឡើងពី ២៦,៨ពាន់លានដុល្លារកាលពីត្រីមាសទីពីរ ឆ្នាំ​២០២១ ឡើង​មក​ដល់ ៤០,២​ពាន់​លាន​ដុល្លារ នៅត្រីមាសទីពីរនៃឆ្នាំ២០២២។ បន្ថែមពីនេះប្រាក់ចំណូលពីការលក់រថយន្តមានការកើនឡើងរហូតដល់ ៥៧% ​ដោយ​មាន​សរុប ៣៧,៩ពាន់លានដុល្លារ។

ពាណិជ្ជកម្ម

Ford ក៏បានរាយការណ៍ផងដែរអំពី​​ប្រាក់ចំណេញ ៦៦៧លាន​ដុល្លារ ដែល​ក្នុងនោះបានរាប់បញ្ចូល​លើ​ការខាតបង់ជាមួយ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Rivian ផងដែរ។ Ford បានបិទបញ្ចប់ត្រីមាសទីពីរជាមួយសាច់ប្រាក់សុទ្ធ ២៩ពាន់លានដុល្លារ និង​ទ្រព្យសរុប ៤៥​ពាន់​លាន​ដុល្លារ។

ទៅថ្ងៃមុខ Ford រំពឹងថា​ប្រាក់ចំណូល​មុន​គិតពន្ធ​សម្រាប់ពេញមួយឆ្នាំ​២០២២នេះ អាចនឹងមាន​ចន្លោះ​ពី ១១,៥ពាន់​លានដុល្លារ ទៅ ១២,៥​ពាន់​លាន​ដុល្លារ ដែល​តំណាងឲ្យការកើនឡើង ១៥% ទៅ ២៥% ធៀប​នឹង​លទ្ធផល​ឆ្នាំ​២០២១៕

 

Sponsored