Honda Clarity ប្រើម៉ាស៊ីន Plug-in Hybrid ឆ្នាំ២០២០ សន្សំសំចៃហួសការស្មាន

ក្រុមហ៊ុន Honda បានប្រកាសពីតម្លៃនៃរថយន្ត Clarity ប្រើម៉ាស៊ីន Plug-In Hybrid ស៊េរីឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមដាក់លក់ នៅលើទីផ្សរសហរដ្ឋអាមេរិក ពីពេលនេះតទៅ។

រថយន្ត Honda Clarity Plug-In Hybrid ថ្មី មានតម្លៃចាប់ពី ៣៤ ៣៥៥ដុល្លារ ពោលគឺតម្លៃមិនផ្លាស់ប្តូរ ដូចពេលកាលចេញឆ្នាំ២០១៩ ដែរ។ ទោះជាយ៉ាងណា វាបានបន្ថែមមុខងារពិសេសមួយហៅថា Acoustic Vehicle Alert System (AVAS) ដែលអនុញ្ញាតឲ្យរថយន្តព្រមានដល់អ្នកដំណើរថ្មើរជើងខាងក្រៅ ពីវត្តមានរបស់វា នៅពេលបើកក្នុងល្បឿនយឺត ដោយប្រើថាមពលអគ្គិសនី។

ពាណិជ្ជកម្ម

Clarity Plug-In Hybrid នេះ ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង, ម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយកម្លាំង ១៧គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ២១២សេះ។ វាអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៧៥គីឡូម៉ែត្រ ល្អសម្រាប់ការប្រើប្រាស់ក្នុងទីក្រុងប្រចាំថ្ងៃ ហើយអាចសាកភ្លើងពេញវិញ ប្រើពេលត្រឹម ២,៥ម៉ោងប៉ុណ្ណោះ។

លើសពីនេះទៅទៀត បើដំណើរការដោយម៉ាស៊ីនសាំងសុទ្ធវិញ វាមានកម្រិតស៊ីសាំងត្រឹម ៥,៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ រឹតតែពិសេស Clarity Plug-In Hybrid មានបំពាក់មុខងារពិសេសៗជាច្រើន ដូចជា អេក្រង់ទំហំ ៨អ៊ីង មានមុខងារ Android Auto និង Apple CarPlay, កៅអីមុខមានមុខងារកម្តៅ, ផ្លិតទឹកអូតូ និងប្រព័ន្ធសុវត្ថិភាព Honda Sensing ផងដែរ៕

Sponsored