ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ Ford F-150 Raptor ២០២២ ជាច្រើនគ្រឿង សរុបទឹកប្រាក់ប្រមាណ ១លានដុល្លារ ត្រូវបានចោរលួច

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ មន្ត្រីទីក្រុង Dearborn បានបញ្ជាក់ប្រាប់សារព័ត៌មាន Free Press ថា ទឹកប្រាក់ប៉ាន់ស្មានចំនួន ១ លានដុល្លារអាមេរិក នៃចំនួនសរុបនៃរថយន្តភីកអាប់ Ford F-150 Raptor ស៊េរីឆ្នាំ ២០២២ ត្រូវបានលួចពីកន្លែងរង់ចាំនៃរថយន្តនៅរោងចក្រ Dearborn Truck Plant។

ក្នុងនោះ លោក Bilal Baydoun អ្នកនាំពាក្យនៃទីក្រុង Dearborn បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Ford បានរាយការណ៍អំពីរថយន្តភីកអាប់ Ford F-150 Raptor ដែលមានសមត្ថភាពខ្ពស់បើកបរលើផ្លូវលំបាក (Off-Road) បានបាត់ដែលមានតម្លៃក្នុងមួយគ្រឿង ៦៩ ៩០៥ ដុល្លារ កាលពីថ្ងៃទី ១០ ខែមិថុនា នឹងបានប្រាប់ទៅកាន់ប៉ូលីសក្នុងអំឡុងពេលចុងសប្តាហ៍នោះ។

គួរឲ្យដឹងថា នៅពេលនេះ ប៉ូលីសនៅទីក្រុង Dearborn បានរកឃើញរថយន្តភីកអាប់ចំនួន ១៣ គ្រឿង ប៉ុន្តែយើងមិនទាន់ដឹងច្បាស់ថា តើមានរថយន្តប៉ុន្មានគ្រឿងដែលនៅសល់នៅទីនោះទេ។ នៅពេលដែលរថន្តត្រូវបានរកឃើញវិញ មានឃើញសញ្ញានៃការខូចខាត ហើយរបស់របរខ្លះត្រូវបានដកចេញ សំបកកង់ ហើយរថយន្ត​ស្ថិត​នៅ​ក្នុង​សភាព​ទ្រុឌទ្រោម​ខុស​ៗ​គ្នា។

បន្ដែមពីនេះ ជុំវិញ​ហេតុការណ៍​នីមួយៗ​មាន​ជនសង្ស័យ​តែ​២​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​របស់​ប៉ូលិស​នៅ​ចំណុច​នេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែមីនាឆ្នាំនេះក៏មានករណីលួចដូចគ្នាផងដែរ ដូចជារថយន្តភីកអាប់ RAM ចំនួន ៤ គ្រឿង​ចេញពីរោងចក្រ Sterling Heights Assembly Plant ។ បន្ទាប់មកនៅក្នុងខែឧសភា រថយន្តម៉ាក Chevrolet Camaros ថ្មីចំនួន ៥ ត្រូវបានលួចចេញពីរោងចក្រ General Motors នៅ Lansing៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមលុយនៅ! ឡានអគ្គិសនីរូបរាង Cute បំផុតលើពិភពលោក ចូលរោងចក្រផលិតហើយ

រថយន្តខ្នាតតូច (Microcar) គឺជាគំនិតដ៏ប្រសើរមួយសម្រាប់អ្នកប្រើប្រាស់នៅក្នុងទីប្រជុំជន ប៉ុន្តែចំពោះទីផ្សារមួយចំនួន វាមិនដូច្នោះឡើយ ព្រោះគេចង់បានរថយន្តដែលធំ និងលឿន ដូចជាទីផ្សារសហរដ្ឋអាមេរិកជាដើម។

យ៉ាងណាមិញ សម្រាប់ទីផ្សារខាងលើ រថយន្តតូចបំផុតបច្ចុប្បន្នគឺ Mitsubishi Mirage ប៉ុន្តែចំពោះអឺរ៉ុបវិញនឹងទទួលបានរថយន្តតូចបំផុតថ្មី គឺ Micro Microlino។

ក្រុមហ៊ុន Micro ថ្មីៗនេះ បានប្រកាសថា រថយន្តអគ្គិសនីខ្នាតតូចបំផុតរបស់ខ្លួន បានចូលសង្វាក់ផលិតកម្មហើយ និង ចាប់ផ្តើមដឹកឲ្យអតិថិជននៅក្នុងប្រទេស Switzerland ហើយអ៊ីតាលី និងអាល្លឺម៉ង់ នៅចុងឆ្នាំ២០២២ ខណៈអឺរ៉ុបនឹងទទួលបានវានៅឆ្នាំ២០២៣។

Micro ក៏បានអះអាងឲ្យដឹងដែរថា រថយន្ត Microlino បានទទួលការចាប់អារម្មណ៍ខ្លាំង ហើយមានការកក់ចំនួនជាង ៣០ ០០០គ្រឿងរួចទៅហើយ។

រថយន្ត Micro Microlino ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ១៥ ៥០០ដុល្លារ ដោយចែកចេញជា ៣ Option គឺ Urban, Dolce និង Competizione។ រថយន្តនេះអាចផ្តល់ចម្ងាយបើកបរពី ៩៦គីឡូម៉ែត្រ ដល់ ២៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ចំពោះល្បឿន Top Speed របស់វាវិញគឺ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡាន Nissan Skyline R34 GT-R ឆ្នាំ២០២២ ប្រើបាន ៣៧០គ.ម ដាក់លក់តម្លៃជិតកន្លះលានដុល្លារ

កាលពីពេលថ្មីៗនេះ រថយន្ត Nissan Skyline R34 GT-R ស៊េរីឆ្នាំ២០២២ ដ៏កម្រមួយគ្រឿង ត្រូវបានប្រកាសដាក់លក់ដេញថ្លៃ នៅក្នុងប្រទេសជប៉ុន ជាមួយនឹងតម្លៃរហូតដល់ទៅ ៦០លានយ៉េន ឬប្រហែលខ្ទង់ ៤៤៦ ០០០ដុល្លារ។

គួររំលឹកឲ្យដឹងផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្ត Skyline GT-R ជំនាន់ R34 បានឡើងថ្លៃយ៉ាងខ្លាំង ខណៈ Option Z-Tune ត្រូវបានគេអះអាងថាមានតម្លៃដល់ ១លានដុល្លារឯណោះ។

ដោយឡែកចំពោះ GT-R M-Spec ដែលត្រូវបានផលិតត្រឹមតែ ៣៦៦គ្រឿងនោះ ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ។

ក្នុងនោះ កាលពីឆ្នាំ២០២២ កន្លងទៅ GT-R M-Spec Nur មួយគ្រឿង ត្រូវបានលក់ក្នុងតម្លៃ ៣១៣ ៤០០ដុល្លារ បន្ទាប់ពីម្ចាស់វាទើបប្រើបាន ៦ ៨១៧គីឡូម៉ែត្រប៉ុណ្ណោះ។ ចំពោះប្រភេទ M-Spec Nur ដែលមានពណ៌ Silica Brass ត្រូវបានផលិតត្រឹមតែ ១៣១គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford សម្ងំផលិតឡានភីកអាប់ Ford Maverick ប្រភេទ PHEV ស៊ីប្រេងរឹតតែតិច

[ទីផ្សារបរទេស] នៅតាមដងផ្លូវសហរដ្ឋអាមេរិក គេបានប្រទះឃើញរថយន្ត Maverick ដ៏ប្លែកមួយ ដែលមាន​ប្រអប់ជ្រុងមួយ​បន្តោក​នៅ​ជាប់ផ្នែកខាងក្រោយ ដែលប្រអប់នេះបាននាំកើតមានជាមន្ទិលសង្ស័យមួយចំនួន។

នៅលើប្រអប់នោះមានសរសេរច្បាស់ៗថា “PHE-V” និង “2.1L” ដែលអាចសន្និដ្ឋានបានថាវាជាប្រភេទរថយន្ត PHEV និង​មាន​ម៉ាស៊ីន​ចំណុះ ២,១លីត្រ។ លើប្រអប់ក៏បានសរសេរផងដែរថាអំពីទម្ងន់របស់រថយន្តដែលមានទម្ងន់ចាប់ពី ១៦៨៤គ.ក ដល់ ១៧៩០គ.ក។

រូបរាងរបស់រថយន្តត្រូវបាន Ford បិតបាំងជិតឈឹង ដែលមើលទៅប្រៀបដូចជារថយន្តដែលកំពុងតេស្តដំបូងៗ ហើយ​ផ្នែកខាងក្រោយ​នៃ​រថយន្ត​ឃើញ​មាន​លាក់បាំងគ្រឿងបន្លាស់ថ្មីៗមួយចំនួនផងដែរ។

រថយន្ត Maverick ត្រូវបាន Ford ឌីហ្សាញឡើងដោយអាចបំពាក់អាគុយបន្ថែមមួយទៀតនៅផ្នែកខាងក្រោម ប៉ុន្តែ​អាគុយ​លើ​ប្រភេទ Hybrid គឺមានចំណុះត្រឹម ១,១kWh ប៉ុណ្ណោះ។ ចន្លោះទំនេរបន្ថែមអាចល្អបំផុតដើម្បីឲ្យរថយន្តនេះ​វិវត្តន៍ក្លាយ​ជារថយន្ត​អគ្គិសនីសុទ្ធនៅពេលខាងមុខ។

រថយន្ត Ford Escape PHEV អាចផ្ដល់ចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥៩គ.ម និងមានអាគុយ​ចំណុះ ១៤,៤kWh ដូចនេះរង់ចាំមើលទាំងអស់គ្នាថា Maverick PHEv នឹងមានលក្ខណៈសម្បត្តិបែបណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ដាក់ពាក្យប្ដឹងក្រុមហ៊ុនចិន Nio រឿងឡានឈ្មោះស្រដៀងពេក

[ទីផ្សារបរទេស]​ ក្រុមហ៊ុន Audi បានដាក់ពាក្យបណ្ដឹងនៅទីក្រុង Munich ដែលប្ដឹងក្រុមហ៊ុនរថយន្តចិន Nio ដោយ​ចោទ​ប្រកាន់​ថាបានល្មើសកម្មសិទ្ធបញ្ញា ដោយ Audi អះអាងថារថយន្ត Nio ES6 និង ES8 មានឈ្មោះស្រដៀងនឹងរថយន្ត S6 និង S8។

រថយន្ត ES6 និង ES8 គឺជាប្រភេទរថយន្ត SUV អគ្គិសនី ចំណែករថយន្ត S6 និង S8 គឺជាប្រភេទកម្លាំងខ្លាំង​នៃ​រថយន្ត A6 និង A8 ដែលឈ្មោះនេះមានប្រវត្តិប្រើប្រាស់តាំង​ពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។ ដោយឡែករថយន្ត ES6 និង ES8 ត្រូវក្រុមហ៊ុន Nio ប្រកាសចេញលក់នៅប្រទេសន័រវេសកាលពីឆ្នាំមុន។

ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា Nio បានដកចេញផ្លាកដែលជាបញ្ហាចេញពីឈ្មោះនោះ ចេញពីរថយន្ត SUV ទាំង​ពីរ ខណៈដែលការលក់រថយន្ត ES6 និង ES8 ដែលនឹងចាប់ផ្ដើមនៅត្រីមាសទីបួន អាចនឹងរងផលប៉ះពាល់​ដោយ​សារ​រឿងក្ដី​មួយនេះ។

ទាក់ទងនឹងរឿងក្ដីនេះដែរ អ្នក​ជំនាញបាន​លើក​ឡើងថា​ការភ័ន្តច្រឡំរវាងឈ្មោះរថយន្ត Nio និងឈ្មោះរថយន្ត Audi គឺ​មាន​កម្រិត​ទាបបំផុត ហេតុនេះ Audi ទំនងជាមិនអាចនឹងទទួលបានជ័យជម្នះលើការប្ដឹងផ្ដល់នេះឡើយ។ បន្ថែមពីនេះចិនជាទីផ្សារធំមួយ​របស់ Audi ហើយរឿងក្ដីនេះ ទំនងជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Audi នៅប្រទេសចិនផងដែរ ប្រសិនបើមិនអាចឈ្នះក្ដី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla កាន់តែឡើងថ្លៃ កាន់លុយក្រោម ១០ម៉ឺនដុល្លារទិញ Model S លែងបានហើយ

ថ្មីៗនេះ រថយន្តអគ្គិសនី Tesla បានដំឡើងថ្លៃគ្រប់ម៉ូដែលទាំងអស់ ដោយខ្លះឡើងរហូតដល់ទៅ ៦ ០០០ ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ចាប់ផ្តើមពីម៉ូដែលធូរថ្លៃបំផុត គឺ Tesla Model 3 Long Range ឥឡូវនេះមានតម្លៃចាប់ពី ៥៧ ៩៩០ដុល្លារ ឡើងថ្លៃ ២ ៥០០ដុល្លារ។ ចំពោះម៉ូដែល Base Option មានតម្លៃចាប់ពី ៤៦ ៩៩០ដុល្លារ ខណៈ Model 3 Performance តម្លៃចាប់ពី ៦២ ៩៩០ដុល្លារ។

ចំណែកឯ Model Y Long Range ឥឡូវនេះមានតម្លៃ ៦៥ ៩៩០ដុល្លារ ឡើង ៣ ០០០ដុល្លារ ខណៈប្រភេទ Model Y Performance ឡើង ២ ០០០ដុល្លារ ដល់ ៦៩ ៩៩០ដុល្លារ ហើយ Model Y Standard Range មានតម្លៃក្រោម ៤០ ០០០ដុល្លារ។

ក្រឡេកមកមើលម៉ូដែលឡើងថ្លៃច្រើនបំផុតរបស់ Tesla គឺ Model S ដោយឥឡូវនេះមានតម្លៃចាប់ពី ១០៤ ៩៩០ដុល្លារ ឡើងថ្លៃ ៥ ០០០ដុល្លារ ហើយម៉ូដែល Model S Plaid មានតម្លៃចាប់ពី ១៣៥ ៩៩០ដុល្លារ។ គួររំលឹកឲ្យដឹងថា Model S កាលចេញលក់ ២ ឆ្នាំមុន មានតម្លៃក្រោម ៧០ ០០០ដុល្លារប៉ុណ្ណោះ។

ចុងក្រោយគេគឺ Tesla Model X ប្រភេទ dual-motor មានតម្លៃ ១២០ ៩៩០ដុល្លារ ឡើងថ្លៃ ៦ ០០០ដុល្លារ។ ចំពោះម៉ូដែល Model X Plaid នៅតែរក្សាតម្លៃដើម ១៣៨ ៩៩០ដុល្លារ ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Venue ២០២៣ កែកុនមុខថ្មី បង្ហាញខ្លួនជាផ្លូវការ

រថយន្ត Hyundai Venue ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌា ដោយបានកែកុនមុខមាត់ថ្មី គួរឲ្យទាក់ទាញ ព្រមទាំងអាប់ដេតលើប្រព័ន្ធកម្សាន្ត និងកាប៊ីនខាងក្នុងផងដែរ។

ចំពោះ Venue ឆ្នាំ២០២៣ ថ្មី វាមានបំពាក់ប៉ាណាមុខពណ៌ក្រូមេក្រម៉ៅ, ចង្កៀងមុខប្រភេទ split headlights, រន្ធបឺតខ្យល់លើកាងមុខ, បន្ទះអាលុយមីញ៉ូមការពារបាតក្រោមរថយន្ត, ចង្កៀងក្រោយ full-width LED taillights និង កាងក្រោយថ្មី ជាដើម។

ឥឡូវនេះ Venue សម្រាប់ទីផ្សារប្រទេសឥណ្ឌា មានប្រវែងតួខ្លួន ៣,៩៩ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ២,៥ម៉ែត្រ ខណៈម៉ូដែល Venue សម្រាប់ទីផ្សារសហរដ្ឋអាមេរិក មានប្រវែង វែងជាងបន្តិច គឺ ៤,០៤ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ២,៥២ម៉ែត្រ។

ក្រឡេកទៅមើលផ្នែកខាងក្នុង វាមានបំពាក់អេក្រង់កម្សាន្តថ្មី ប្រភេទ Touchscreen ទំហំ ៨អ៊ីញ មកស្តង់ដារ និង កុងទ័រឌីជីថលថ្មីផងដែរ។ ក្រៅពីនោះ វាក៏មានមុខងារ over-the-air software updates, បញ្ជាចាក់-ដោះសោរពីចម្ងាយ remote lock/unlock, គាំទ្រភាសាច្រើន និង អាចបញ្ជាមុខងារដោយប្រើសំលេង តាមរយៈ Alexa ឬ Google Voice Assistant ទៀតផង។

SUV ខ្នាតតូចនេះផ្តល់ជម្រើសបើកបរចំនួន ៣ គឺ Eco, Normal និង Sport ហើយផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ ម៉ាស៊ីនសាំង២ និង ម៉ាស៊ីនម៉ាស៊ូត១ ក្នុងនោះរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,២លីត្រ មានកម្លាំង ៨២សេះ និងកម្លាំងរមួល ១១៣ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខដៃ ៥វគ្គ ប្រើប៉ុងមួយវិលកង់មុខ
  • ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ turbocharged មានកម្លាំង ១១៨សេះ និងកម្លាំងរមួល ១៧២ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខដៃ ៦វគ្គ ឬ លេខអូតូ ៧វគ្គ ប្រើប៉ុងមួយវិលកង់មុខ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥លីត្រ មានកម្លាំង ៩៩សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខដៃ ៦វគ្គ ប្រើប៉ុងមួយវិលកង់មុខ

យ៉ាងណាមិញ ក្រុមហ៊ុន Hyundai មិនទាន់បានប្រកាសឲ្យដឹងពីតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla អាចនឹងអស់អំណាចនៅឆ្នាំ២០២៤

[ទីផ្សារបរទេស] របាយការណ៍មួយចេញផ្សាយដោយស្ថាប័ន Bloomberg Intelligence បាន​អះអាងថា Volkswagen អាចនឹងយកឈ្នះ Tesla ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនជាងគេក្នុងលោកនៅក្នុងឆ្នាំ២០២៤ខាងមុខ។

របាយការណ៍បាន​និយាយថា VW Group បានត្រៀមប្រកាសចេញរថយន្តអគ្គិសនីចំនួន១៦ ក្នុងការប្រកួតប្រជែងជាមួយ Tesla។ ដើមឡើយ Bloomberg រំពឹងថា VW Group អាចយកឈ្នះ Tesla នៅឆ្នាំ២០២៣ ប៉ុន្តែរោងចក្រថ្មីរបស់ Tesla នៅ​អាល្លឺម៉ង់ និងនៅរដ្ឋតិចសាស់ នឹងជួយបង្កើនចំនួនលក់ក្នុងពេលប៉ុន្មានខាងមុខ។

របាយការណ៍បានកត់ចំណាំថា VW Group បានលក់រថយន្តអគ្គិសនីបានជាង ៣១ម៉ឺនគ្រឿង នៅទូទាំងទ្វីបអឺរ៉ុប ក្នុង​ឆ្នាំ​២០២១ ច្រើន​ជាង​ចំនួន​លក់​ជាង ១៧ម៉ឺនគ្រឿងរបស់ Tesla។ យ៉ាងណាក្ដីវត្តមានរបស់ VW Group លើទឹកដីសហរដ្ឋអាមេរិក នៅ​មិន​ទាន់​ខ្លាំងក្លានៅឡើយទេ។ ដើម្បីក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំជាងគេ VW Group នឹងត្រូវ​ដណ្ដើមចំណែកទីផ្សារលើ​ទីផ្សារ​ដូចជាប្រទេសចិន និងនៅសហរដ្ឋអាមេរិកផងដែរ។

មិនមែនតែ VW Group នោះទេដែលកំពុងតែពង្រីកខ្លួនក្នុងឧស្សាហកម្មរថយន្តអគ្គិសនី ដោយ Bloomberg សន្និដ្ឋានថាក្រុមហ៊ុន​ចិន BYD នឹងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំលំដាប់ទីបីក្នុងលោក សម្រាប់ឆ្នាំ២០២២នេះ និងបន្តកាន់កាប់តំណែងរហូត​ដល់​ឆ្នាំ​២០២៣, ២០២៤ និង ២០២៥ ថែមទៀតផង។

Bloomberg បានលើកឡើងថាទីផ្សាររថយន្តអគ្គិសនីនឹងមិនកើនឡើងឆាប់រហ័សដូចការព្យាករណ៍ដទៃឡើយ ដោយ​ស្ថាប័ននេះ​រំពឹងថានៅត្រឹមឆ្នាំ២០២៥ រថយន្តអគ្គិសនីនឹងមានចំណែក ១៥% ប៉ុណ្ណោះ ក្នុងចំណោមរថយន្តដែលលក់ចេញលើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Palisade ស៊េរីឆ្នាំ២០២៣ ឡើងថ្លៃលើសមុនជាង១ពាន់ដុល្លារ

[ទីផ្សារបរទេស] Hyundai បានបង្ហាញចេញ​តម្លៃ​សម្រាប់រថយន្ត Hyundai Palisade ស៊េរីឆ្នាំ២០២៣ ដោយលើទីផ្សារ​សហរដ្ឋអាមេរិករថយន្តនេះគឺមានតម្លៃចាប់ពី ៣៤ ៩៥០ដុល្លារ ជាការកើនឡើង ១ ៣៥០ដុល្លារ បើធៀបទៅនឹងស៊េរីឆ្នាំ២០២២។



រថយន្ត Palisade ដែលថ្លៃជាងគេគឺជាប្រភេទ Calligraphy ដែលមានតម្លៃ ៥០ ៨០០ដុល្លារ ហើយវាក៏បានបន្ថែមនូវ​ជម្រើស​ថ្មី​ឈ្មោះថា XRT ដែលមានតម្លៃចាប់ពី ៤២ ១៥០ដុល្លារ ផងដែរ។

ការអាប់ដេតថ្មីដែលមានលើរថយន្ត Palisade ស៊េរី២០២៣ មានដូចជារចនាបថលើផ្ទាំងប៉ាណាដែលមានរាជជាជ្រុងៗជាងមុន និង​មាន​រាងជាប្រអប់ជ្រុងជាងមុនសម្រាប់ផ្នែកខាងមុខ។ សម្រាប់ចង្កៀងខាងមុខក៏បានផ្លាស់ប្ដូររចនាបថបន្តិចបន្តួចផងដែរ ប៉ុន្តែ​នៅ​តែ​រក្សា​រចនាបថ​ខណ្ឌចែកជាពីរដដែល។

នៅផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូរបន្តិចបន្តួចដែរ ដោយអេក្រង់បានកើនឡើងទំហំ ១២អ៊ីញ អមជាមួយតាបឡូដែលមាន​ភាព​ស្រស់​ស្អាតជាងមុន។ ចង្កូតរថយន្តថ្មីជាប្រភេទ Four-Spoke ដែលមើលទៅទាក់ទាញជាងចង្កូត Three-Spoke កាល​ពី​មុន។

រថយន្ត Palisade ស៊េរីឆ្នាំ២០២៣គ្រប់ប្រភេទ មានប្រើប្រាស់ម៉ាស៊ីន ៣,៨លីត្រ ៦ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ២៩១សេះ ហើយ Hyundai Palisade នេះរំពឹងថានឹងមានចេញលក់លើទីផ្សារសហរដ្ឋអាមេរិកនារដូវក្ដៅនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Seltos ឆ្នាំ២០២៣ កែកុនប្រព័ន្ធជំនួយការបើកបរ និងទប់សំឡេងរំខាន តម្លៃចាប់ពី ២២ ៨៩០ដុល្លារ

រថយន្ត Kia Seltos ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយទទួលបានការអាប់ដេតបន្តិចបន្តួច ជាពិសេសទៅលើការធ្វើឲ្យប្រសើរលើប្រព័ន្ធជំនួយការបើកបរ និង ការទប់សំឡេងរំខាន។

ក្នុងនោះ ម៉ូដែល Seltos S មានបំពាក់មុខងារ Blind-Spot Collision Avoidance-Rear និង Rear-Cross-Traffic Collision Avoidance មកស្តង់ដារតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Kia Seltos ឆ្នាំ២០២៣ មិនសូវជាឡើងថ្លៃជាងស៊េរីមុនឡើយ ពោលគឺចាប់ពី ២២ ៨៩០ដុល្លារ ថ្លៃជាងស៊េរីមុន ១០០ដុល្លារប៉ុណ្ណោះ។

ដោយឡែក ចំពោះម៉ូដែល Seltos LX AWD ឆ្នាំ២០២៣ មានតម្លៃចាប់ពី ២២ ៨៤០ដុល្លារ ថ្លៃជាងមុន ២៥០ដុល្លារ។ ម៉ូដែល Seltos S AWD ថ្លៃជាងមុន ១០០ដុល្លារ ដល់ ២៤ ៣៩០ដុល្លារ ខណៈម៉ូដែល EX AWD និង Nightfall Edition ថ្លៃជាងមុន ២៥០ដុល្លារ ដល់ ២៦ ១៤០ដុល្លារ និង ២៧ ០៤០ដុល្លារ។

ចុងក្រោយ និងជា Option ខ្ពស់បំផុតនោះគឺ Seltos SX AWD មានតម្លៃចាប់ពី ២៨ ៣៤០ដុល្លារ ថ្លៃជាងមុន ២៦០ដុល្លារ។

យ៉ាងណាមិញ ចំពោះផ្នែកមេកានិចវាមិនបានផ្លាស់ប្តូរអ្វីឡើយ ដោយនៅតែបន្តប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៦សេះ និងកម្លាំងរមួល ១៧៩ញ៉ូតុនម៉ែត្រ។ ចំពោះ Option ខ្ពស់ ប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ និងកម្លាំងរមួល ២៦៤ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+