ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 Hybrid ឆ្នាំ២០២៣ ថែមម៉ូដែល Woodland Edition ថ្មី តុបតែងខ្លួនប៉ុណ្ណឹងម៉េចដែរ?

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញនូវរថយន្ត RAV4 Hybrid ឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី ហៅថា Woodland Edition ដែលបានតុបតែងខ្លួនមើលទៅកាន់តែហំជាងមុន ហើយថែមទាំងបន្ថែមសមត្ថភាព Off-road ទៀតផង។

រថយន្ត Toyota RAV4 Hybrid Woodland Edition ឆ្នាំ២០២៣ នេះ មានបំពាក់ប្រព័ន្ធជើងក្រោម TRD-tuned suspension ជាមួយនឹង twin-tube shocks ដែលជួយឲ្យការបើកបរ off-road កាន់តែប្រសើរ ជាពិសេសលើផ្លូវរលាក់។

រថយន្តម៉ូដែលពិសេសនេះផ្តល់ជម្រើស ៣ ពណ៌ គឺ ខ្មៅ Midnight Black Metallic, ខៀវ Cavalry Blue និង ស Ice Cap ហើយមានបន្ថែមគ្រឿងលេងដូចជា ជើងទម្រលើដំបូលពណ៌ខ្មៅ, កម្រាលជើង custom all-weather floor និង កម្រាលឃ្លុបក្រោយ cargo mats, កាងដែកពណ៌ខ្មៅការពារបាតក្រោម, ឡូហ្គូពណ៌ខ្មៅ, រន្ធសាកភ្លើង 120V inverter និង ក្បាលស៊ីម៉ាំងក្រូមេពណ៌ខ្មៅភ្លោះ dual black-chrome exhaust tips។

ម៉ូដែល Woodlands Edition គឺផលិតលើរថយន្ត RAV4 Hybrid ដែលប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងសរុបបាន ២១៩សេះ ដំណើរការដោយប្រអប់លេខអូតូ CVT ជាមួយនឹងប្រព័ន្ធបើកបរប៉ុងពីរ Electronic All-Wheel Drive system (AWD) ដែលប្រើម៉ូទ័រអគ្គិសនីជំនួយចំនួន ២ នៅលើកង់ខាងក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota មិនទាន់បានប្រកាសចេញនូវតម្លៃរបស់វាឡើយ ចំពោះម៉ូដែល Woodland Edition នេះ ប៉ុន្តែវាអាចមានតម្លៃថ្លៃជាងម៉ូដែល RAV4 Hybrid (តម្លៃចាប់ពី ២៩ ០០០ដុល្លារ) ប្រហែល ៣ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG E 63 S Final Edition ថ្មី ផ្តែផ្តាំលាម៉ាស៊ីន V8 ផលិតតែ ៩៩៩គ្រឿងគត់

ខណៈពេលដែលរថយន្ត Mercedes-Benz E-Class កំពុងស្ថិតក្រោមការអភិវឌ្ឍនៅឡើយ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ងនេះ បានប្រកាសចេញនូវម៉ូដែលពិសេស Mercedes-AMG E 63 S Final Edition ថ្មី។

វាជាម៉ូដែលពិសេសដែលផ្តល់ទាំងជម្រើសតួខ្លួន Saloon និង Estate ហើយនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៩៩៩គ្រឿងប៉ុណ្ណោះ ខណៈវានឹងដើរតួជាអ្នកផ្តែផ្តាំឲ្យម៉ូដែល E-Class និង AMG ដើម្បីលាជម្រើសម៉ាស៊ីន twin-turbo V8 ហើយនឹងងាកទៅស្រវ៉ាម៉ាស៊ីន Plug-in Hybrid វិញ។

បើនិយាយពីការឌីហ្សាញរបស់វាវិញ ម៉ូដែល Final Edition មានភាពលេចធ្លោខ្លាំង ដោយសារតែការប្រើពណ៌ប្រផេះគ្រើម matte graphite grey magno ជាមួយនឹងយ៉ាន់កង់ AMG forged wheels ទំហំ ២០អ៊ីញ និង តែម special AMG badges បូមរួមជាមួយនឹងកញ្ចប់ Option AMG Night Package ទៀតផង។

នៅពេលបើកទ្វារ រថយន្តនេះនឹងស្វាគមន៍អ្នកជាមួយនឹងឡូហ្គូ AMG បាញ់ចេញពីទ្វាររថយន្តទៅដី។ វាក៏មាន Option កៅអី AMG Performance Seat Package ដែលជាប្រភេទកៅអីស្បែក AMG Nappa leather មានមុខងារកៅអី និងសារ៉េចុចអូតូ ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ Mercedes-AMG E 63 S Final Edition ថ្មីនេះ នឹងជាម៉ូដែលចុងក្រោយនៃ E-Class ដែលប្រើ twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៦០៣សេះ និងកម្លាំងរមួល ៨៥០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ទំនងអាចគ្រងតំណែងលេខមួយ បីឆ្នាំជាប់គ្នា

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota កំពុងតែស្ថិតនៅ​ក្នុង​ស្ថានភាព​ល្អ​មួយ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិតរថយន្តធំលំដាប់​លេខ​មួយ​រយៈពេលបី​ឆ្នាំ​ជាប់គ្នា បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្ដើមទំព័រឆ្នាំ២០២២យ៉ាងខ្លាំងក្លាជាង Volkswagen Group។

រយៈពេលបួនខែដំបូងនៃឆ្នាំនេះ Toyota អាចលក់ចេញរថយន្តបានសរុប ៣ ៤២៩ ៦៣៦គ្រឿង រាប់បញ្ចូល​ទាំង​រថយន្ត​របស់​ម៉ាក Daihatsu និង Hino ផងដែរ។ ត្បិតថាតួលេខនេះធ្លាក់ចុះ ៥,៨% ធៀបនឹង៤ខែដំបូងនៃ​ឆ្នាំ២០២១ ប៉ុន្តែ Toyota នៅ​អាច​នាំ​មុខ​គូប្រជែងបានយ៉ាងងាយ ដោយមានចំនួនលក់លើសគូប្រជែងជាង ១លានគ្រឿងឯណោះ។

នៅឆ្នាំ២០២២នេះ មានរថយន្តសរុប ១ ២៧៥ ៥៧០គ្រឿង ត្រូវបាន Toyota ផលិតបាននៅ​ប្រទេសចិន ខណៈដែល​រថយន្ត ២ ១៩៩ ១៣៦គ្រឿង ផលិតបាននៅទីផ្សារបរទេស។ ផលិតកម្មលើ​ទីផ្សារបរទេសមានការកើនឡើង ៤,៧% ខណៈដែលការផលិត​ក្នុង​ស្រុកថយចុះ ១២,៤%។ ការផលិតសរុបគឺមានចំនួន ៣ ៤៧៤ ៧០៦គ្រឿង ដែលថយចុះ ២,៣%។

ក្នុងកម្រិតបច្ចុប្បន្ននេះ Toyota ទំនងជាអាចផលិតរថយន្តបានជាង ១០,៤លានគ្រឿង នៅពេញមួយ​ឆ្នាំ២០២២នេះ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​គ្រងតំណែងជាក្រុមហ៊ុន​ផលិត​រថយន្ត​លេខមួយ​ក្នុង​លោក។

គួរដឹងថា ហេតុផលមួយដែល Volkswagen Group ធ្វើមិន​សូវបានល្អ​ដូចជា Toyota ក៏​ដោយ​សារ​ក្រុមហ៊ុន Volkswagen Group មាន​ចំណែក​ទីផ្សារច្រើននៅ​លោក​ខាង​លិច ដែលជាតំបន់មួយ​កំពុងប្រឈមនឹង​បញ្ហាផ្គត់ផ្គង់ ដោយសារ​វិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលកំពុងបន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាំជិត៥ឆ្នាំ ទីបំផុតឡានកម្លាំង ១០០០សេះ របស់ Mercedes បង្ហាញមុខជាផ្លូវការ

[ទីផ្សារបរទេស] ក្រោយរយៈពេលជិតប្រាំឆ្នាំបន្ទាប់ពីការបង្ហាញចេញរថយន្ត Mercedes-AMG Project One Concept នា​ពេលនេះគេបានឃើញរថយន្ត Mercedes-AMG One នៅក្នុងទ្រង់ទ្រាយសម្រេច សម្រាប់ផលិតលក់លើទីផ្សារហើយ។

រូបរាងសម្រេចរបស់ Mercedes-AMG One គឺស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងរថយន្ត Concept កាលពីឆ្នាំ២០១៧ ហើយ​អ្វីដែល​ប្លែកនោះ​គឺ​យ៉ាន់កង់អាលុយមីញ៉ូម ប្រភេទ 10-spoke ដែលកង់ប្រភេទនេះដែរគឺឌីហ្សាញ​ផ្ដាច់​មុខ​សម្រាប់​រថយន្ត​មហា​កម្លាំង​តែ​ម្ដង។ ​

Mercedes-AMG One មានប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid ដោយផ្គួបផ្សំគ្នាវាអាចផលិតកម្លាំង​បាន​សរុប ១០៤៩សេះ ដោយ​ក្នុងនោះមាន​ការបំពាក់ម៉ាស៊ីនសាំង ជាមួយម៉ូទ័រអគ្គិសនីចំនួនបួនឯណោះ។ ម៉ាស៊ីន V6 ចំណុះ ១,៦លីត្រ គឺ​ជា​ម៉ាស៊ីន​មក​ពី​រថយន្ត F1 របស់ Mercedes ដែលម៉ាស៊ីននេះតែមួយអាចផលិតកម្លាំងបាន ៥៦៦សេះ ចំណែកម៉ូទ័រអគ្គិសនី​ចំនួនបួន មាន​ម៉ូទ័រ​ភ្លោះ​ផលិត​កម្លាំងសរុបបាន ៣២២សេះ និងម៉ូទ័រពីរផ្សេងទៀតផលិតកម្លាំងបាន ១៦១សេះ និង ១២១សេះ។

ជាមួយ​មុខងារ Race Plus ដែលមានលើរថយន្តនេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ២០០គ.ម/ម៉ ក្នុងពេលត្រឹម ៧វិនាទី ដោយ AMG មិនបានបង្ហាញអំពីសន្ទុះពី ០ ដល់ ១០០គ.ម/ម៉ ឡើយ ហើយចំពោះ​ល្បឿន​អតិបរមាគឺបានកំណត់នៅ​ត្រឹម ៣៥២គ.ម/ម៉។

Mercedes-AMG One នឹងមានផលិតត្រឹម ២៧៥គ្រឿងប៉ុណ្ណោះ ហើយរថយន្តទាំងអស់សុទ្ធតែមានម្ចាស់រួចហើយ ដោយ​លក់​ចេញបានតម្លៃ ២,៧២លានដុល្លារ ក្នុងមួយគ្រឿងៗ។ រថយន្តនេះនឹងបង្ហាញវត្តមានជាសាធារណៈនៅ​ចន្លោះថ្ងៃទី ២៣ ដល់ ២៦ខែមិថុនា នៅ​ក្នុង​កម្មវិធី Goodwood Festival of Speed ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX សេរ៊ី២០២៣ បង្ហាញខ្លួនជាមួយមុខមាត់ថ្មី ថែមទាំងនាំម៉ាស៊ីនសន្សំសំចៃមកជាមួយផងដែរ

រថយន្ត Lexus RX សេរ៊ីឆ្នាំ២០២៣ ជំនាន់ទី ៥ថ្មី បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយរូបរាងនៃការផ្លាស់ប្តូរទាំងស្រុង បច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសជម្រើសម៉ាស៊ីនកូនកាត់កាន់តែជួយសន្សំសំចៃ។

សម្រាប់ជម្រើសម៉ូឌែលឆ្នាំ ២០២៣នេះ រួមមាន RX 350, 350h, RX 500h F Sport Performance និង 450h+ PHEV។

  • ប្រភេទ RX 350 ដែលកាលពីមុនដំណើរការដោយម៉ាស៊ីន ៣,៥លីត្រ V6 ត្រូវបានផ្លាស់ប្តូរថ្មីជាមួយម៉ាស៊ីន Turbocharged ចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៥សេះ និងកម្លាំងរមួល ៤២៩ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងមានកម្រិតស៊ីប្រេងជាមធ្យម ៩,៨លីត្រ ក្នុងរយៈចម្ងាយ ១០០គ.ម។ លើសពីនេះវាអាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ដោយប្រើពេល ៧,២វិនាទីប៉ុណ្ណោះ។
  • ប្រភេទ 350h ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយប្រព័ន្ធកូនកាត់ហាយប្រ៊ីដជំនាន់ទី៤ ដែលអាចផលិតកម្លាំងបាន ២៤៦សេះ និង ៣១៦ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT និងអាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ដោយប្រើពេល ៧,៤វិនាទី។
  • ប្រភេទ 450h+ PHEV ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥លីត្រ​ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ និងកញ្ជប់អាគុយ Lithium-ion ទំហំ ១៨,១គីឡូវ៉ាត់ម៉ោង ជួយផលិតកម្លាំងបាន ៣០២សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ត្រ និងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៦០គីឡូម៉ែត្រ។
  • ប្រភេទ RX 500h F Sport Performance ដំណើរការដោយម៉ាស៊ីនចំណុះ ២,៤លីត្រ​ ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣៦៧សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ និងមានកម្រិតស៊ីប្រេង ៩លីត្រក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។ លើសពីនេះវាបានភ្ជាប់មកជាមួយប្រព័ន្ធនៃការបើកបរ Direct4 AWD ផងដែរ។

រថយន្ត Lexus RX សេរ៊ីឆ្នាំ២០២៣ ត្រូវបានផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង GA-K platform ដូចគ្នានឹងរថយន្ត ES និង NX ដែលវាបានជួយអោយម៉ូឌែលឆ្នាំ២០២៣នេះ មានទម្ងន់ស្រាលជាងមុន ៨៩,៨១គីឡូក្រាម និងមានប្រវែងគម្លាតកង់មុខ-ក្រោយវែងជាងមុន ៥,៩៩សង់ទីម៉ែត្រ។

លើសពីនេះរថយន្ត RX នឹងផ្តល់នូវជម្រើសម៉ូឌែលចំនួន ៦ប្រភេទផ្សេងៗគ្នាដែលមានដូចជា Standard, Premium, Premium+, Luxury, F Sport Handling និង F Sport Performance។ ព្រមទាំងមានជម្រើសពណ៌ ១០ពណ៌ដូចជា Ultra White, Eminent White Pearl, Nebula Gray Pearl, Iridium, Caviar, Matador Red Mica, Copper Crest, Nori Green Pearl, Nightfall Mica និងGrecian Water។

បើក្រឡេកមើលលើការរចនានៃម៉ូឌែលឆ្នាំ ២០២៣នេះ វាត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង ដោយផ្នែកខាងមុខបានបំពាក់មកជាមួយប៉ាណាមុខជំនាន់ថ្មីរបស់ Lexus ដែលអោយឈ្មោះថា “Spindle Grille”, ចង្កៀងសងខាងថ្មី ភ្ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃរចនាថ្មី និងរន្ធខ្យល់ខាងក្រោមឌីស្សាញធំជាងមុខផងដែរ។ ចំណែកផ្នែកខាងក្រោយក៏ផ្លាស់ប្តូរថ្មីដូចគ្នាដែរ អំពូលនៅផ្នែកខាងក្រោយត្រូវបានអូសជាខ្សែពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង និងកាងការពារខាងក្រោយឌីស្សាញថ្មីកាន់តែស្ព័របន្ថែមទៀត។

រីឯផ្នែកខាងក្នុងឃើញថាក៏បានអភិវឌ្ឍន៍ ដោយទីតាំងនៃអេក្រង់កម្សាន្តទំហំ ១៤អ៊ីញ ត្រូវបានទម្លាក់មកកាន់ទីតាំងទាបជាមុនជាប់ជាមួយកុងទ័របង្ហាញ។ ហើយការអាប់ដេតផ្សេងទៀតរួមមានដំបូលកញ្ចក់បែប Panorama និងអេក្រង់បង្ហាញព័ត៌មានបាញ់នៅលើកញ្ចក់ នៅលើគ្រប់ម៉ូឌែលទាំងអស់។

បន្ថែមពីនេះ RX ២០២៣ ក៏នឹងបំពាក់មកជាមួយកញ្ចប់សុវត្ថិភាព Lexus Safety System+ 3.0 ដែលរួមបញ្ជូលនូវប្រព័ន្ធដូចជា Pre-collision system with pedestrian detection, Intersection support with motorcycle detection, Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Emergency Driving Stop System និង Advanced Parking system។

គួរបញ្ជាក់ផងដែរ ព័ត៌មានលម្អិតបន្ថែម និងតម្លៃនៃម៉ូឌែលឆ្នាំ ២០២៣នេះ គឺពុំទាន់មានប្រកាសនៅឡើយនេះទេ ដោយរង់ចាំជិតដល់ពេលវេលានៃការចេញលក់ នាចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Coupe ថ្មីរបស់អាមេរិក មានផលិតត្រឹម ៨៨គ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអាមេរិក DeLorean បានវិលត្រឡប់ជាថ្មីជាមួយរថយន្តអគ្គិសនីម៉ូដែល Alpha5 ដែលជា​ប្រភេទរថយន្ត Coupe ចូលមកប្រកួតប្រជែងនឹងរថយន្ត Porsche Taycan។

រថយន្តអគ្គិសនីនេះមានប្រើប្រាស់ទ្វារពិសេសប្រភេទបើកឡើងលើ ដែលជារចនាបថរបស់ក្រុមហ៊ុនអ៉ីតាលី Italdesign ដោយរថយន្ត​នេះ​មាន​រចនាបថពីរពណ៌ ដែលមើលទៅទាក់ភ្នែកជាទីបំផុត។

ដោយសារជារថយន្តអគ្គិសនី ហេតុនេះហើយវាមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើននៅផ្នែកខាងក្នុង មានដូចជាកុងទ័រ​ប្រភេទ​ឌីជីថល និងការផ្លាស់ប្ដូរពីប្រើប៊ូតុងគ្រាប់ចុចដើម្បីបញ្ជាមុខងារផ្សេងៗ មកប្រើប្រាស់ជាអេក្រង់ Touch ជំនួសវិញ។

ក្រុមហ៊ុន DeLorean មិនបាននិយាយលម្អិតអំពីកម្លាំងរបស់រថយន្តអគ្គិសនីនេះនៅឡើយទេ ប៉ុន្តែបាននិយាយថា Alpha5 ប្រើ​ពេល​ត្រឹម ៣,៤វិនាទី ក្នុងការស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ និងល្បឿនអតិបរមាកំណត់ត្រឹម ២៤១គ.ម/ម៉។ វា​មាន​អាគុយចំណុះ ១០០kWh ដែលអាចបើកបរបានលើសពី ៤៨០គីឡូម៉ែត្រផងដែរ។

រថយន្ត Alpha5 នឹងមានផលិតត្រឹម ៨៨គ្រឿងប៉ុណ្ណោះ ដោយឆាប់ៗខាងមុខវានឹងមានជាប្រភេទដែលប្រើម៉ាស៊ីនសាំង៨ស៊ីឡាំង។ រថយន្តនេះដែរនឹងបង្ហាញវត្តមានជាសាធារណៈនៅក្នុងខែសីហា នៅកម្មវិធី Pebble Beach ហើយនឹងចូលរោងចក្រផលិតនៅ​ក្នុង​ឆ្នាំ២០២៤ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender កៅអីបីជួរ ចេញលក់តម្លៃជាង ៦ម៉ឺនដុល្លារ នៅផ្សារអាមេរិក

[ទីផ្សារបរទេស] រថយន្ត Land Rover Defender 130 បានបង្ហាញវត្តមានជាផ្លូវការ ក្នុងនាម​ជា​រថយន្ត​ SUV កៅអីបី​ជួរ ដែល​មាន​សមត្ថភាព​បើកបរ​លើគ្រប់ស្ថានភាពផ្លូវ ដែលរថយន្តនេះគឺបម្រើដល់​អ្នកផ្សងព្រេងដែលចង់ដឹកដំណើរច្រើនទៅ​ជាមួយ​គ្នា។

រថយន្ត Defender 130 នេះមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣០២២ម.ម ដូចគ្នានឹង Defender 110 ដែរ ប៉ុន្តែវាបានពង្រីកខ្លួននៅផ្នែកខាងក្រោយ ដែលធ្វើឲ្យប្រវែងសរុបរបស់វាឡើងដល់ ៥៣៥៨ម.ម ដែល​ប្រវែងបន្ថែម​នេះ​អាច​ផ្ដល់​ជាកៅអីជួរទីបី និងផ្ដល់ជា​កន្លែងដាក់ឥវ៉ាន់តូចមួយផងដែរ។

កៅអីជួរទីបី មិនត្រឹមតែមានបំពាក់ប្រភេទកៅអីកម្ដៅនោះទេ ប៉ុន្តែអ្នកដំណើរក៏ទទួលបាន​ដំបូល​កញ្ចក់​ផ្ទាល់​ខ្លួន​ផងដែរ។ អតិថិជន​ថែម​ទាំងអាចបន្ថែម​លុយដើម្បីទទួលបាន​ម៉ាស៊ីនត្រជាក់ដែលចែកចេញជាបួនតំបន់ផ្សេងៗគ្នាផងដែរ។ រថយន្ត Defender នេះក៏មានជាប្រភេទកៅអីអង្គុយចំនួនប្រាំ ដែលអាចផ្ដល់​កន្លែងដាក់ឥវ៉ាន់កាន់តែធំទូលាយជាងមុន និងធំជាង Defender ពីរប្រភេទ​ផ្សេង​ទៀត។

រថយន្តនេះមានជាប្រភេទ D300 ដែលប្រើម៉ាស៊ីនម៉ាស៊ូត កម្លាំង ២៩៥សេះ ហើយវាក៏មានជាប្រភេទ P300 ដែលប្រើម៉ាស៊ីន​សាំង អាចផលិតកម្លាំងបាន ៣០០សេះ និង​មួយទៀតគឺ P400 មានម៉ាស៊ីនសាំងដែលអាចផលិតកម្លាំងបាន ៤០០សេះ។

នៅលើទីផ្សារសហរដ្ឋអាមេរិក រថយន្ត Defender 130 នឹងមាន​តម្លៃ​ចាប់ពី ៦៨ ០០០ដុល្លារ ដោយមិនទាន់​គិតថ្លៃ​ដឹក​ជញ្ជូន​ និង​ចំណាយ​ផ្សេងៗ ហើយសម្រាប់ទីផ្សារចក្រភពអង់គ្លេស មានតម្លៃចាប់ពីប្រមាណ ៩៣ ៦០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រកាសចេញ Ariya ថ្ងៃមុន មានគេកក់ច្រើនពេក ឥឡូវ Nissan ប្រកាសផ្អាកទទួលបាត់!

ក្រុមហ៊ុន Nissan កំពុងទទួលបានការកក់យ៉ាងច្រើនសម្បើមសម្រាប់រថយន្តអគ្គិសនីថ្មី ម៉ូដែល Ariya របស់ខ្លួន ដែលទើបបង្ហាញមុខកាលពីពេលថ្មីៗកន្លងទៅ រហូតធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តផ្អាកទទួលការកក់តែម្តង។

គួរឲ្យដឹងដែរថា រថយន្តអគ្គិសនី Nissan Ariya នឹងចាប់ផ្តើមដឹកឲ្យដល់ដៃអតិថិជន នាចុងឆ្នាំ២០២២ នេះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ Nissan មិនមែនជាក្រុមហ៊ុនទីមួយនោះទេដែលធ្វើបែបនេះ ជាក់ស្តែង Ford ទើបតែបិទទទួលការកក់សម្រាប់ភីកអាប់អគ្គិសនី F-150 Lightning ផងដែរ។ លើសពីនេះទៅទៀត សូម្បីតែរថយន្តអគ្គិសនី Mustang Mach-E ព្រមទាំងរថយន្តផ្សេងទៀតមកពី Tesla និង Volkswagen ក៏ធ្វើបែបនេះដែរ។

លោក Ashwani Gupta នាយកប្រតិបត្តិក្រុមហ៊ុន Nissan បានប្រាប់ទៅកាន់សារព័ត៌មាន Automotive News ថា៖

“អតិថិជនគ្រប់រូបចង់បានវា ហើយយើងមិនចង់ឲ្យអតិថិជនរង់ចាំវាយូរនោះទេ។ រថយន្ត Ariya ត្រូវបានបើកទទួលការកក់នៅទូទាំងពិភពលោក ប៉ុន្តែពេលនេះយើងបានស្នើសុំអតិថិជនរបស់យើង ឲ្យឈប់ធ្វើការកក់តទៅទៀតហើយ”។

យ៉ាងណាមិញ ក្រុមហ៊ុន Nissan មិនបានប្រកាសជាសាធារណៈឡើយថា តើនឹងផលិតរថយន្ត Ariya ចំនួនប៉ុន្មាន ប៉ុន្តែគេសង្ស័យថា វាអាចមានចំនួនក្រោម ១០ ០០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនចាំយូរ ក្រុមហ៊ុនអ៊ីតាលីមួយនេះ ប្រកាសឈប់លក់ឡានប្រើសាំង ចាប់ពីខែ៧ទៅ

ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី Fiat បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្រា ឆ្នាំ២០២២ តទៅ វានឹងឈប់លក់រថយន្តប្រើប្រេងឥន្ធនៈទាំងអស់ នៅលើទីផ្សារចក្រភពអង់គ្លេស ដោយផ្តល់ឲ្យតែជម្រើសម៉ាស៊ីន Hybrid និង អគ្គិសនីសុទ្ធ ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ការប្រកាសនេះគឺជាជំហានថ្មីមួយ សម្រាប់អនាគតរថយន្តអគ្គិសនីនៃក្រុមហ៊ុនអ៊ីតាលីខាងលើ ដែលចង់ក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធ ត្រឹមឆ្នាំ ២០២៧។

បើយោងតាមគេហទំព័រផ្លូវការនៃក្រុមហ៊ុន Fiat UK បានឲ្យដឹងថា មានតែម៉ូដែលនៅសេសសល់ពីមុនៗប៉ុណ្ណោះ ដែលនៅតែផ្តល់ជម្រើសម៉ាស៊ីនសាំង សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដូចជា ម៉ូដែល Tipo និង 500X ជាមួយនឹងជម្រើសម៉ាស៊ីនសាំង turbocharged ចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង ព្រោះថាម៉ាស៊ីនម៉ាស៊ូតគឺលែងមានទៀតហើយ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Fiat និយាយថា ឆ្នាំ២០២១ ពួកគេបានមើលឃើញកំណើននៃការលក់រថយន្តអគ្គិសនីប្រចាំឆ្នាំធំបំផុត នៅចក្រភពអង់គ្លេស ដែលជាសញ្ញាមួយបង្ហាញថា អ្នកប្រើប្រាស់កំពុងងាកមកចាប់អារម្មណ៍ជាមួយនឹងរថយន្តអគ្គិសនី។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Fiat បានចេញលក់រថយន្តកូនកាត់អគ្គិសនីចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េស ដោយមានដូចជាម៉ូដែល 500 Hybrid និង Panda Hybrid ព្រមទាំងម៉ូដែលប្រើអគ្គិសនីសុទ្ធ 500 EV ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបភាព Render 3D របស់រថយន្ត Hyundai Venue 2023 មុខមាត់ថ្មី រំពឹងថានឹងបង្ហាញខ្លួន​ជា​ផ្លូវការ​នៅខែក្រោយនេះ

[ទីផ្សារបរទេស] ខណៈពេលក្រុមហ៊ុន Hyundai ត្រៀមខ្លួនធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Venue ស៊េរីឆ្នាំ ២០២៣ ជាមួយមុខមាត់ថ្មី នាពាក់​កណ្តាល​ខែ​មិថុនា។

ជាមួយគ្នានេះ ការបង្ហាញរូបភាព 3D នៃរថយន្ត Hyundai Venue ស៊េរីឆ្នាំ ២០២៣ ត្រូវបានបែកធ្លាយនៅមុនថ្ងៃចេញលក់ ដោយបង្ហាញពីទិដ្ឋភាពលម្អិតនៃរូបរាងរបស់រថយន្ត ជាមួយផ្នែកខាងមុខត្រូវបានរចនាឡើងវិញទាំងស្រុង ជាមួយនឹងភាសារចនាថ្មី គឺស្រដៀងទៅនឹងម៉ូដែល Palisade ដោយមានចង្កៀងមុខប្រភទ LED ត្រូវបានទម្លាក់ឲ្យទាប និងអំពូលបំភ្លឺពេលថ្ងៃអបជាមួយនឹងប៉ាណា។ ខណៈ ចង្កៀងខាងក្រោយមានការរចនារាងការ៉េថ្មីបន្ថែមទៀត អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាងខាងមុខ-ក្រោយក៏ត្រូវបានរចនាឡើងវិញ និងបំពាក់ជាមួយថាសកង់ multi-spoke ទំហំ ១៧អ៊ីញថ្មីផងដែរ។

ចំពោះនៅផ្នែខាងក្នុងវិញ មានការផ្លាស់ប្តូរបន្តិចបន្តួចដូចជា កៅអី និងគ្រឿងស្បែក​អាច​នឹង​ត្រូវ​បាន​រចនា​ឡើង​វិញ​ដោយ​ពណ៌​ថ្មី ហើយអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញតាមលំនាំរថយន្ត Sonet ។ បន្ថែមពីនេះ​ ក៏មានបំពាក់ឧបករណ៍បំពងសំឡេងម៉ាក Bose, សេនស័រចតរថយន្តខាងមុខ, កៅអីខាងមុខដែលមានខ្យល់ចេញចូល, កន្លែងសាកថ្មឥតខ្សែ, កាមេរ៉ា ៣៦០ ដឺក្រេ ដំបូលកញ្ចក់ sunroof, ប្រព័ន្ធបន្សុតខ្យល់ បច្ចេកវិទ្យាភ្ជាប់ TPMS និងពោងសុវត្ថិភាពចំនួន ៦ចំនុចជាដើម។

និយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះ អាចមានការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ជាមួយកម្លាំង ១១៥ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+