ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងឡាន SUV ថ្មីរបស់ចិន ឌីហ្សាញដោយអតីតបុគ្គលិក Land Rover

រូបភាព​ថ្មី​នៃ​រថយន្ត​ SUV ជំនាន់​ចុង​ក្រោយ​របស់​​ម៉ាក​យីហោ​រថយន្ត​ Haval បាន​លេច​ចេញ​លើ​វិបសាយ​ភាសា​ចិន រួម​ជា​មួយ​ព័ត៌មាន​​ខ្លះៗ​អំពី​ការ​ឌីហ្សាញ​ថ្មី​ផង​ដែរ។

រថយន្ត SUV នេះ​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដោយ​ Phil Simmons ដែល​ត្រូវ​បាន​ចាត់​តាំង​ជា​អ្នក​ចាត់​ការ​ផ្នែក​ឌីហ្សាញ​ប្រចាំ​​ម៉ាក​យីហោ​ Haval ដោយ​ក្រុមហ៊ុន Great Wall Motors ក្នុង​ឆ្នាំ ២០១៨ ដោយ​ពី​មុន​មក​រូប​គេ​ធ្លាប់​ជា​អ្នក​ឌីហ្សាញ​នៅ​ក្រុមហ៊ុន​អង់គ្លេស Land Rover។

រចនាបថ​របស់ SUV ថ្មី​នេះ​គឺ​មាន​ជា​លក្ខណៈ​ជ្រុងៗ​ ដែល​ជា​រចនាបថ​ទាក់​ភ្នែក​មួយ។ នៅ​ផ្នែក​ខាង​មុខ​មាន​បំពាក់​អំពូល​ភ្លើង​រាង​មូល និង​មាន​រន្ធ​ខ្យល់​ទំហំ​ធំ​ ហើយ​​កាង​ខាង​មុខ​មាន​ការ​រចនា​ជា​ពណ៌​ខ្មៅ​រំលេច​គ្នា​ជា​មួយ​ពណ៌​ទឹក​ក្រូច​នៃ​តួ​ខ្លួន​រថយន្ត។

​​មើល​ពី​ចំហៀង​ឃើញ​ថា​រថយន្ត​នេះ​មាន​កម្ពស់​ខ្ពស់ និង​មាន​ទំហំ​ធំ​ថែម​ទៀត​ផង។ ចំណែក​ផ្នែក​ខាង​ក្រោយ​មាន​ប្រើ​ប្រាស់​រចនាបថ​អំពូល​ឲ្យ​សញ្ញា​ជា​រាង​អក្សរ L ធ្វើ​ឲ្យ​គេ​នឹក​ដល់​រថយន្ត Lynk & Co 01 ដែល​ជា​ SUV មួយ​ម៉ូដែល​ទៀត​របស់​​ចិន។

គួរ​ដឹង​ថា Haval អាច​នឹង​បញ្ចេញ​លក់​រថយន្ត​នេះ​លើ​ទីផ្សារ​ក្នុង​ស្រុក​​ចាប់​ពី​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ នេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ស៊េរីថ្មី បង្ហាញមុខមាត់ពិតហើយ!

Hyundai បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Santa Fe ស៊េរី​ឆ្នាំ ២០២១ ដោយ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​បង្ហាញ​លក្ខណៈ​សម្បត្តិ​ទាំង​អស់​នៅ​ឡើយ​ទេ បង្ហាញ​ត្រឹម​​ការ​ឌីហ្សាញ​រូបរាង​ថ្មី​ជា​មុន​។

ដូច​ជា​រូបភាព Teaser បាន​បញ្ជាក់​​ រថយន្ត Santa Fe ថ្មី​ពិត​ជា​មាន​រូបរាង​ខុស​ពី​ស៊េរី​​មុនៗ ត្បិត​ថា​វា​មិន​​ទាន់​​វិវត្តន៍​ចូល​ជំនាន់​ថ្មី​មួយ​ទៀត​មែន។ ផ្នែក​ខាង​មុខ​មាន​បំពាក់​នូវ​រន្ធ​ខ្យល់​ដែល​មាន​ឌីហ្សាញ​ថ្មី អម​ដោយ​អំពូល​ភ្លើង​​បំភ្លឺ​ពេល​ថ្ងៃ​ដែល​លើក​នេះ​ឌីហ្សាញ​ជា​រាង​អក្សរ T ប្លែក​ភ្នែក។ អំពូល​ឲ្យ​សញ្ញា​នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​ផង​ដែរ។

Hyundai និយាយ​ថា​ Santa Fe ថ្មី​នេះ​គឺ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង Hyundai ជំនាន់​ទី​បី ដែល​សន្យា​ថា​ផ្ដល់​សមត្ថភាព​បើកបរ​ល្អ​ប្រសើរ​ជាង​មុន, ទប់​លំនឹង​បាន​ល្អ​ប្រសើរ, សន្សំសំចៃ​ប្រេង​ឥន្ធនៈ និង​ផ្ដល់​សុវត្ថិភាព​បាន​ល្អ​ប្រសើរ។

​នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ដោយ​មាន​ការ​បំពាក់​អេក្រង់​ទំហំ ១០,២៥អ៊ីញ​ថ្មី ហើយ​នៅ​ផ្នែក​ខាង​មុខ​​អ្នក​បើកបរ​គឺ​មាន​អេក្រង់​ឌីជីថល​ទំហំ ១២,៣អ៊ីញ សម្រាប់​បង្ហាញ​ព័ត៌មាន​នៃ​ការ​បើកបរ​ផង​ដែរ។

Hyundai បាន​ឲ្យ​ដឹង​ថា​រថយន្ត Santa Fe ស៊េរី​ថ្មី​នឹង​ចាប់​ផ្ដើម​លក់​នៅ​ទឹកដី​អឺរ៉ុប​ចាប់​ពី​ខែ​កញ្ញា ​ហើយ​​​​នៅ​លើ​ទីផ្សារ​អូស្ត្រាលី​​ចាប់​ពី​អំឡុង​ត្រីមាស​ទី ៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន Bentley V8 ចំនួន ៣០គ្រឿងចុងក្រោយ ផលិតរូចរាល់ហើយ

Bentley បាន​សម្រេច​ចិត្ត​ឈប់​ផលិត​ម៉ាស៊ីន V8 ចំណុះ ៦,៧៥លីត្រ ក្រោយ​ពី​បាន​ផលិត​វា​រយៈពេល​ជាង ៦០​ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ ១៩៥៩ មក​ម្ល៉េះ។

បណ្ដុំ​ម៉ាស៊ីន​លើក​ចុង​ក្រោយ​ត្រូវ​បាន​ផលិត​ដោយ​ដៃ​រួច​រាល់​ជា​ច្រើន​នា​ក្នុង​សប្ដាហ៍​នេះ ដែល​វា​នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​រថយន្ត​ Mulsanne 6.75 Edition by Mulliner ដែល​មាន​ផលិត​មាន​កំណត់​ត្រឹម​ ៣០​គ្រឿង ហើយ​ជា​រថយន្ត​​ចុង​បញ្ចប់​នៃ​ម៉ូដែល Mulsanne ផង​ដែរ។

រយៈពេល​ជាង ៦០​ឆ្នាំ​មក​នេះ Bentley ផលិត​ចេញ​នូវ​ម៉ាស៊ីន V8 នេះ​បាន​ប្រមាណ ៣៦ ០០០ គ្រឿង​ ដែល​ម៉ាស៊ីន​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដៃ​នៅ​រោងចក្រ​នៃ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន។ ម៉ាស៊ីន​ V8 ​ជំនាន់​ចុង​ក្រោយ​នេះ​អាច​ផលិត​កម្លាំង​បាន ៥២៣សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះហើយអាចជារូបរាងពិតឡាន SUV ថ្មីរបស់ Ford

សល់ពេលមិនយូរប៉ុន្មានទៀតទេ រថយន្ត SUV ថ្មីសន្លាងរបស់ Ford គឺ Bronco ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការ។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មានការតាមប្រមាញ់ថត និងរូបបែកធ្លាយជាច្រើន នៅលើបណ្តាញអ៊ីនធឺណិត។ ក្នុងនោះក៏មានការបង្កើតជារូបភាព Render ដោយផ្អែកលើការប្រមាញ់បានទាំងនោះផងដែរ។

ថ្មីៗនេះ រូបថត Render ថ្មីមួយ ត្រូវបានចែកចាយលើបណ្តាញអ៊ីនធឺណិត ដោយបង្ហាញឲ្យឃើញរូបរាងទាំងស្រុងនៃរថយន្ត Ford Bronco ដែលមើលទៅមិនខុសពីរូបថតដែលគេប្រមាញ់បានឡើយ។

គួររំលឹកឲ្យដឹងថា ដំបូងឡើយ Ford Bronco ត្រូវគេកំណត់ឲ្យបង្ហាញខ្លួននៅថ្ងៃទី១៧ ខែមីនា ប៉ុន្តែក្រោយមកក៏ត្រូវពន្យាពេលវិញ។ គេជឿជាក់ថា SUV នេះនឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ និង ម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost V6 មានកម្លាំង ៣២៥សេះ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 4 Series Coupe ឆ្នាំ២០២១ បង្ហាញខ្លួនផ្លូវការ ឌីហ្សាញកាត់តាមគំរូឡាន Concept 4

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត 4 Series Coupe ឆ្នាំ២០២១ ជាផ្លូវការ ដើម្បីប្រជែងនឹង Audi A5 និង Mercedes-Benz C-Class Coupe។

រថយន្ត 4 Series Coupe ថ្មីនេះ ត្រូវបានគេឌីហ្សាញកាត់តាមគំរូរថយន្ត Concept 4 និង 8 Series ហើយមានផ្នែកខាងក្នុងដូចទៅនឹង 3 Series។

រថយន្តនេះមានជម្រើសម៉ាស៊ីនជាច្រើន ដូចជា 420i កម្លាំង ១៨៤សេះ, 430i កម្លាំង ២៥៨សេះ, 420d កម្លាំង ១៩០សេះ, 430d កម្លាំង ២៨៦សេះ, 440d កម្លាំង ៣៤០សេះ និង M440i កម្លាំង ៣៧៤សេះ ផងដែរ។

ជាមួយគ្នានេះ BMW នឹងចេញរថយន្ត 4 Series Coupe ម៉ូដែល 430e ដែលប្រើម៉ាស៊ីន Plug-in Hybrid និងម៉ូដែល M4 ដែលមានកម្លាំងប្រហែល ៥០០សេះ ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ BMW មិនទាន់បានប្រកាសពីតម្លៃលក់នៃរថយន្តនេះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនចេះ ឬមិនសូវចេះអក្សរ ក៏អាចប្រឡងយកបណ្ណបើកបរបាន (មានវីដេអូ)

ដើម្បីសម្រួលការប្រឡងយកបណ្ណបើកបរ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតមុខងារ សំនួរ-ចម្លើយជាសម្លេង ដែលអាចអនុញ្ញាតឲ្យបងប្អូនមិនចេះ ឬ មិនសូវអក្សរ អាចប្រឡងទ្រឹស្តីនៃការបើកបរបាន។

សូមទស្សនាវីដេអូទាំងស្រុងពីក្រសួងសាធារណការ និងដឹកជញ្ជូន!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូបង្ហាញឡាន SUV ថ្មីរបស់ Ford បើកលើផ្លូវភក់គ្មានខ្វល់ចិត្ត

រថយន្ត Bronco ដែល​ជា​ SUV សម្រាប់​បើកបរ​ Off-Road ​របស់ Ford កាន់​តែ​ជិត​បង្ហាញ​មុខ​មាត់​ពិត​ជា​ផ្លូវ​ការ​ហើយ ដែល​ពេល​នេះ​បើ​តាម​វីដេអូ​បង្ហោះ​ដោយ The Bronco Nation បាន​ឲ្យ​ដឹង​ថា Ford កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​តេស្ត​រថយន្ត​នេះ។

ក្នុង​វីដេអូ​មាន​បង្ហាញ​​រថយន្ត Bronco ​ទាំង​ពីរ​ប្រភេទ ដែល​មាន​ប្រភេទ​ទ្វារ​ពីរ និង​ទ្វារ​ប្រាំ មាន​បើកបរ​លើ​ផ្លូវ​ភក់​ក្នុង​ព្រៃ​​ទៅ​មុខ​យ៉ាង​រលូន​គ្មាន​ជាប់​គាំង​សោះ​ឡើយ។ អ្នក​ធ្លាប់​ធ្វើ​ដំណើរ​​លើ​ផ្លូវ​ពិបាក ច្បាស់​ជា​ដឹង​ថា​ការ​រក្សា​លំនឹង​រថយន្ត​លើ​ផ្លូវ​ភក់​ និង​ឆ្លង​ទឹក​គឺ​ពិបាក​បំផុត ប៉ុន្តែ​មើល​ទៅ​រថយន្ត Bronco អាច​​ធ្វើ​បាន​ដោយ​ងាយ។

គួរ​ដឹង​ថា Ford ដើម​ឡើយ​គឺ​មាន​ផែនការ​បង្ហាញ​រថយន្ត Bronco ជំនាន់​ថ្មី​នៅ​ថ្ងៃ​ទី ១៧ ខែ​មីនា ប៉ុន្តែ​ថ្ងៃ​ប្រកាស​ចេញ​នេះ​ត្រូវ​បាន​លើក​ពេល​ព្រោះ​តែ​ជំងឺ​កូវីដ​១៩។ មក​ទល់​បច្ចុប្បន្ន​គេ​មិន​ទាន់​ដឹង​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ច្បាស់​លាស់​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Genesis G80 ស៊េរីឆ្នាំ ២០២១ ត្រូវគេយករត់តាក់ស៊ីនៅកូរ៉េខាងត្បូង

ក្រោយ​ពី​​បាន​បង្ហាញ​មុខ និង​ចេញ​លក់​លើ​ទីផ្សារ​បាន​មិន​យូរ​ប៉ុន្មាន​ផង​នោះ នា​ពេល​នេះ​គេ​ប្រទះ​ឃើញ​រថយន្ត Genesis G80 ស៊េរី​ថ្មី​ឆ្នាំ ២០២១ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ធ្វើ​ជា​តាក់ស៊ី​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

រូបភាព​ដែល​គេ​បាន​ចែក​ចាយ​លើ​អនឡាញ​នៅ​ Bobaedream បាន​បង្ហាញ​អំពី​រថយន្ត Genesis G80 ពណ៌​ស​ បើកបរ​លើ​​ដង​ផ្លូវ ហើយ​មាន​ដាក់​ផ្លាក​​តាក់ស៊ី​នៅ​លើ​ដំបូង​រថយន្ត។ វា​អាច​មិន​ចម្លែក​នោះ​ទេ​ដែល​រថយន្ត​ប្រណីត​ស៊េរី​ថ្មី​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​តាក់ស៊ី ដោយ​រថយន្ត​នេះ​មាន​ផលិត​នៅ​កូរ៉េ​ខាង​ត្បូង ដែល​អាច​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ធូរ ក្លាយ​ជា​ជម្រើស​តាក់ស៊ី​​ប្រណីត​ដ៏​ល្អ​មួយ ​មិន​ខុស​អី​ពី​នៅ​អាល្លឺម៉ង់ ដែល​គេ​យក​រថយន្ត Mercedes-Benz ធ្វើ​ជា​តាក់ស៊ី​នោះ​ទេ។

គួរ​ដឹង​ថា​នៅ​កូរ៉េ​ខាង​ត្បូង រថយន្ត​​ប្រណីត Genesis G80 ស៊េរី​ឆ្នាំ ២០២១ នេះ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤២ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ Chevrolet បង្ហាញតម្លៃឡាន Corvette ឆ្នាំ២០២១ បាត់!

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ក្រុមហ៊ុន Chevrolet នឹងបន្តដាក់លក់រថយន្តស្ព័រ Corvette Stingray ស៊េរីឆ្នាំ២០២១ របស់ខ្លួន ក្នុងតម្លៃចាប់ពី ៥៩ ៩៩៥ដុល្លារ ដូចស៊េរីឆ្នាំ២០២០ អីចឹងដែរ។

រថយន្ត Chevrolet Corvette Stingray ថ្មី នឹងមានការផ្លាស់ប្តូរដ៏ធំមួយ គឺ ប្រព័ន្ធបូម Magnetic Ride Control ដែលនឹងក្លាយជា Option ដាច់ដោយឡែកតែឯង ដែលមានន័យថា អតិថិជនមិនបាច់ទិញ Option “Z51 Performance Package” ឡើយ ប្រសិនបើពួកគេចង់បានប្រព័ន្ធបូមនេះ។

បន្ថែមពីនេះ Chevrolet នឹងបោះបង់ពណ៌ចំនួន ២ គឺ ពណ៌ទឹកប្រាក់ Blade Silver និង ក្រហម Long Beach Red ប៉ុន្តែបន្ថែមពណ៌ទឹកប្រាក់ Silver Flare និង ក្រហម Red Mist Metallic វិញ។

គួរឲ្យដឹងថា Chevrolet លក់ដាច់រថយន្ត Corvette Stingray ឆ្នាំ២០២០ សរុបចំនួន ២០ ១៨១គ្រឿងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូចតែខ្លឹម! ឡានស្ព័រ Toyota GR Yaris RS ចេញលក់នៅជប៉ុនហើយ!

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តស្ព័រខ្នាតតូច ម៉ូដែល GR Yaris RS ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសជប៉ុន។

គួរឲ្យដឹងថា រថយន្ត Toyota GR Yaris មានសរុបចំនួន ៣ ម៉ូដែល គឺ RZ, RC និង RS នេះ។ GR Yaris RS នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ naturally aspirated ទំហំ ៣ស៊ីឡាំង មានកម្លាំង ១១៨សេះ ប្រើប្រអប់លេខអូតូ Direct Shift-CVT និងប៉ុងមួយវិលកង់មុខ។

Toyota អះអាងថា RS នេះផ្តល់នូវដំណើរការ និងកម្លាំងសមល្មមមួយ ដែលអ្នកអាចទទួលបានបទពិសោធន៍បើកបរដ៏សប្បាយ និងអស្ចារ្យមួយ។ ជាមួយគ្នានេះ វាក៏មានបំពាក់បន្ទះដាក់លេខនៅលើដៃចង្កូត ដើម្បីផ្តល់បទពិសោធន៍ឲ្យដូចរថយន្តប្រើលេខដៃទៀតផង។

មិនតែប៉ុណ្ណោះ GR Yaris RS មានទម្ងន់ស្រាល ត្រឹមតែ ១ ១៣០គីឡូក្រាមប៉ុណ្ណោះ ហើយក៏ទទួលបានការអាប់ដេតលើប្រព័ន្ធជើងក្រោម, ប្រព័ន្ធហ្វ្រាំង និងគ្រឿងលេងលើតួខ្លួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+