Tesla វ៉ា BMW និង Lexus ដាច់ផឹង លើទឹកដីអាមេរិក

[ទីផ្សារបរទេស] នៅ​ចន្លោះ​ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ Tesla អាចបញ្ចេញលក់រថយន្ត​ថ្មី​បាន​ចំនួន ២២៨ ៩៨៩​គ្រឿង នៅ​សហរដ្ឋអាមេរិក ដែល​ធ្វើឲ្យក្លាយជាក្រុមហ៊ុនអាចលក់រថយន្ត​ប្រណីតបានច្រើនជាងគេលំដាប់ទីមួយវ៉ាដាច់ BMW និង Lexus។

ចំនួនលក់របស់ Tesla មានការកើនឡើង ៦០% ខណៈដែល​ក្នុងរយៈពេលដូចគ្នា BMW អាចលក់រថយន្តបាន ១៥៧ ៨៣៨គ្រឿង ដែលជាការធ្លាក់ចុះ ១៣% ធៀបនឹងចំនួនលក់ ១៨០ ៧៨៣គ្រឿង ដែលទទួលបានកាលពីឆ្នាំ២០២១។

ពាណិជ្ជកម្ម

នៅពីក្រោម BMW គឺម៉ាករថយន្ត Lexus ដែលមាន​រថយន្តថ្មីចំនួន ១៣៣ ៦១៦គ្រឿង បាន​លក់ចេញ ថយចុះពី​ចំនួន​លក់ ១៦៤ ៨២២គ្រឿង កាលពីឆ្នាំ២០២១, Mercedes លក់ចេញបាន ១៣៣ ៥២០គ្រឿង  និង Audi លក់ចេញបាន ៨៣ ៤៧១គ្រឿង។

Tesla ក្រៅពីលេខមួយខាងលក់រថយន្តប្រណីតហើយនោះ ក៏ជាប់លេខមួយខាងលក់រថយន្តអគ្គិសនីផងដែរ ដោយ​មាន​កាន់​កាប់​ចំណែក​ទីផ្សាររថយន្តអគ្គិសនីចំនួន ៦៨% ជាមួយរថយន្ត Model Y ជា​រថយន្តដែលលក់ដាច់ជាងគេ ដែល​លក់​ចេញ​បាន​ប្រហែល ១០​ម៉ឺន​គ្រឿង៕

Sponsored