[បរទេស] នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Toyota កំពុងរៀបចំផែនការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់រថយន្តអគ្គិសនីនៅដើមឆ្នាំ ២០២៣ ដោយមកជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថ្មី ដើម្បីកាត់បន្ថយថ្លៃដើមនៃការអភិវឌ្ឍន៍រថយន្តអគ្គិសនី និងអាចឈប់ប្រើប្រាស់គ្រោងឆ្អឹង e-TNGA platform ផងដែរ ។
កន្លងមក Toyota បានបញ្ចេញរថយន្តអគ្គិសនីចំនួន ១៥ ម៉ូដែលក្នុងពេលតែមួយ មានការភ្ញាក់ផ្អើលក្នុងទីផ្សាររថយន្ត។ ជាមួយគ្នានេះ បានប្រកាសថា នៅឆ្នាំ ២០៣០ ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ៣០ ម៉ូដែលបន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេរាយការណ៍ថា ការចេញលក់ផលិតផលថ្មីអាចនឹងត្រូវពន្យារពេល ព្រោះនៅមានការចំណាយច្រើនក្នុងការផលិត។
ក្រុមហ៊ុន Toyota អាចនឹងឈប់ប្រើប្រាស់ស្ថាបត្យកម្មគ្រោងឆ្អឹង e-TNGA ព្រោះថាគ្រោងឆ្អឹងបែបនេះត្រូវចំណាយពេលប្រហែល ៥ ឆ្នាំក្នុងការអភិវឌ្ឍដើម្បីឲ្យមានតម្លៃប្រកួតប្រជែងដែលធ្វើឲ្យយឺតពេលសម្រាប់ Toyota ក្នុងការរីកចម្រើនក្នុងការបង្កើនល្បឿននៃរថយន្តអគ្គិសនី។
ទន្ទឹងនឹងនេះ ត្រូវបានគេរំពឹងថា បើ Toyota ចង់អភិវឌ្ឍរថយន្តអគ្គិសនី អ្នកផ្គត់ផ្គង់ដ៏ធំមានតែក្រុមហ៊ុន BYD ប៉ុណ្នោះដែលសាកសមខ្លាំងជាដៃគូររបស់ Toyota ។ ដូចដែលយើងនឹងឃើញ ការអភិវឌ្ឍន៍របស់រថយន្តអគ្គិសនី bZ3 ដែលប្រើម៉ូទ័រអគ្គិសនី និងអាគុយរបស់ BYD នៅលើគ្រោងឆ្ងឹង e-TNGA ប៉ុន្តែប្រសិនបើក្រុមហ៊ុន Toyota ឈប់ប្រើប្រាស់គ្រោងឆ្អឹងផ្ទាល់ខ្លួន នោះនឹងអាចត្រូវបានបង្កើតឡើងដោយ BYD ផងដែរ។
គួរបញ្ជាក់ផងដែរថា គ្រោងឆ្អឹង e-TNGA platform ត្រូវបានរចនាឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតា ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ដែលមាននៅក្នុងម៉ូដែលដំបូងគឺ TOYOTA bZ4X ប្រភេទ Crossover អគ្គិសនី និង bZ3 ជាដើម៕