
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Toyota LandCruiser 300 Series ស៊េរីឆ្នាំ២០២៥ ដែលជាកំណែអាប់ដេតថ្មីជាលើកដំបូងចាប់តាំងពីបានបង្ហាញខ្លួនកាលពី ៣ ឆ្នាំមុន ដោយបានបន្ថែមនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបជាងមុខ និងប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុខ ជាមួយតម្លៃលក់ចាប់ពី ៦២ ០០០ ដុល្លារ ដល់ ៩៣ ៣៧៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី។
សម្រាប់កំណែអាប់ឌែតថ្មីនេះផងដែរ Toyota LandCruiser 300 Series ស៊េរីឆ្នាំ២០២៥ ទទួលបានអេក្រង់កម្សាន្ត touchscreen និងអេក្រង់បង្ហាញព៌ត័មានឌីជីថលថ្មី ដែលមានទំហំ ៨ និង ៧ អ៊ីញ សម្រាប់ GX និង GXL ខណៈជម្រើសខ្ពស់ជាងនេះ ទទួលបានអេក្រង់កម្សាន្ត touchscreen និងអេក្រង់បង្ហាញព៌ត័មានឌីជីថលថ្មី ដែលមានទំហំធំដល់ ១២,៣អ៊ីញ និងអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បានឥតខ្សែជាស្តង់ដារ និងមានបំពាក់មកជាមួយប្រព័ន្ធ GPS តាមផ្កាយរណប និងប្រព័ន្ធសេវាកម្មកម្មវិធី Toyota Connected Services ជាស្តង់ដារផងដែរ។
ចំពោះការអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះទទួលបានប្រព័ន្ធមុខងារ Lane-centring assist, emergency steering assist និង emergency driving stop ជាស្តង់ដារ ខណៈ GXL និងជម្រើសខ្ពស់ជាងនេះទទួលបានប្រព័ន្ធមុខងារ blind-spot monitor with safe exit assist និង low-speed rear autonomous emergency braking ជាស្តង់ដារដូចគ្នា។
គួរបញ្ជាក់ថា បច្ចុប្បន្ន LandCruiser 300 Series ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ twin-turbo V6 អាចផលិតកម្លាំងបានចំនួន ៣០៥ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD។
ចំណែកផ្នែកខាងក្នុងវិញ Toyota LandCruiser 300 Series ស៊េរីឆ្នាំ២០២៥ ក៏ទទួលបាននូវការអាប់ដេតថ្មីទៅលើដៃចង្កូត ភ្លើង LED និងកាមេរ៉ា សម្រាប់ GX, កៅអី ម៉ាសុីនត្រជាក់ និងទូរទឹកកក សម្រាប់ GXL, កៅអីអ្នកដំណើរខាងមុខ ទ្វារខាងក្រោយ និងរន្ធ HDMI ថ្មី សម្រាប់ VX និងការអាប់ដេតទៅលើការបន្ថែមចង្កៀងគុជនៅផ្នែកខាងក្រោយសម្រាប់ GR Sport ៕