Toyota ចេញឡាន Sienna ពិសេសអបអរខួប២៥ឆ្នាំ មានផលិតត្រឹម ២៥២៥គ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានចេញលក់រថយន្ត Sienna ស៊េរីពិសេសអបអរសាទរខួបទី២៥ឆ្នាំ ដែលមាន​ឈ្មោះថា 25th Anniversary Edition ដោយមានកំណត់លក់ត្រឹម ២៥២៥គ្រឿង លើទីផ្សារសហរដ្ឋអាមេរិក។

ផលិតផ្អែកលើ Option XSE រថយន្ត Sienna 25th Anniversary Edition មានជម្រើសពណ៌ Celestial Silver ឬ Chill Pearl ដោយមានបំពាក់យ៉ាន់ទំហំ ២០អ៉ីញ។ ម៉ូដែលពិសេសនេះក៏មានរំលេចនូវពណ៌ខ្មៅលើ​រូបរាងខាងក្រៅផងដែរ ដូចជានៅ​លើ​កញ្ចក់មើលឆ្វេងស្ដាំ និងមានចំណុចទាក់ទាញមួយចំនួនទៀត។

ពាណិជ្ជកម្ម

នៅផ្នែកខាងក្នុងមាន​កៅអីអង្គុយស្រោបដោយស្បែកដែលមានមុខងារកម្ដៅ ជាមួយការដេរថ្នេរពណ៌ទឹកប្រាប់ ឆ្លុះគ្នាជាមួយកៅអីអង្គុយពណ៌ខ្មៅ។ នៅខាងក្នុងក៏មានបំពាក់នូវកញ្ចប់ XSE Plus ដែលក្នុងនោះមាន​ប្រព័ន្ធសំឡេង JBL, មានមុខងារ GPS, មានកន្លែងសាកថ្មទូរសព្ទដោយមិនប្រើខ្សែ និងមាន​ Converter កម្លាំង ១៥០០វ៉ាត់ថែមទៀតផង។

រថយន្ត Sienna 25th Anniversary Edition នឹងមាន​ជាជម្រើសបើកបរកង់មុខ ឬបើកបរប៉ុងពីរ ហើយអតិថិជននឹង​ទទួល​បាន​កូនសោ​ដែល​មាន​ផ្លាក 25th Anniversary យ៉ាងពិសេស។ រថយន្តនេះដែរ ប្រើប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំង​បានសរុប ២៤៥សេះ និងមានកម្រិតស៊ីប្រេងជាមធ្យម ៦,៥៣លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ។

ចាប់តាំងពីចេញលក់លើទីផ្សារអាមេរិកក្នុងឆ្នាំ ១៩៩៧ មក Toyota លក់រថយន្តវ៉ែននេះបានចំនួនជាង ២,២លានគ្រឿង ហើយវាបាន​ក្លាយ​ជារថយន្តវ៉ែនលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលមានចំណែកទីផ្សាររហូតដល់ ៣៥%៕

Sponsored