Toyota Sequoia TRD Pro បន្ថែមកៅអីដល់ ៧ ឯសមត្ថភាព Off-road រឹតតែអេម

វត្តមាន​រថយន្ត Toyota Sequoia ប្រភេទ TRD Pro ដ៏​ថ្មី​សន្លាង ទើបតែ​លេច​ចេញ​រូបរាងនៅ​សហរដ្ឋអាមេរិក ដោយ​បាន​បំពាក់​មក​ជាមួយ​នូវ​បូម​ប្រភេទ Fox ដែល​ជួយ​ឲ្យ​សមត្ថភាព​បើកបរ Off-road កាន់​តែ​អស្ចារ្យ។

Sequoia TRD Pro ស៊េរី​ឆ្នាំ ២០២០ នេះ ក៏​បាន​បំពាក់​ចម្រឹង​ខ្យល់​ផ្នែក​ខាង​មុខ​ដែល​ទទួល​ការ​រចនា​ឡើង​វិញ , ចង្កៀង LED និង អំពូល​កាត់​អ័ព្ទ , បន្ទះ​ការពារ​ថ្ម និង រឺហ្គែរ , យ៉ាន់​ប្រភេទ BBS ទំហំ ១៨ អ៊ីញ ជាមួយ​នឹង​សម្បក​កង់ ទំហំ ២៧៥/៦៥ និង ប្រព័ន្ធ​បំពង់​ស៊ីម៉ាំង TRD ផង​ដែរ។

ពាណិជ្ជកម្ម

រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត វា​ផ្តល់​នូវ​ជម្រើស​ពណ៌​ពិសេស រហូត​ដល់​ទៅ ៤ ឯណោះ គឺ ពណ៌​បៃតង (Army Green) , ពណ៌​ស (Super White) , ពណ៌​ខ្មៅ (Midnight Black Metallic) និង ពណ៌​ប្រផេះ (Magnetic Gray Metallic)។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ រថយន្ត SUV ខ្នាត​ធំ (full-size) នេះ​បំពាក់​កៅអី​ស្បែក ជា​ប្រភេទ​ស្ព័រ សំលេច​ទៅ​ដោយ​ថ្នេរ​ដេរ​ពណ៌​ក្រហម​យ៉ាង​ទាក់ទាញ ព្រម​ទាំង​មាន​រូប TRD Pro នៅ​លើ​នោះ​ផង​ដែរ។ ជា​មួយ​គ្នា​នេះ Sequoia TRD Pro បាន​បំពាក់​លក្ខណៈ​ពិសេស​ស្តង់ដារ​ជា​ច្រើន ដូចជា ដំបូល​ចុច , កៅអី​ចុច ៨ ទិស , ប្រព័ន្ធ​សំឡេង​ប្រភេទ Premium , ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ៣ ជួរ , អេក្រង់ Infotainment System ទំហំ ៧ អ៊ីញ , មុខងារ Apple CarPlay, Android Auto, Amazon Alexa, SiriusXM, Bluetooth, រន្ធដោត USB, Smart Key និង ប៊ូតុង​បញ្ឆេះ-ពន្លត់​ម៉ាស៊ីន​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ រថយន្ត ៧ កៅអី​នេះ​បាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព Toyota Safety Sense-P ដោយ​ក្នុង​នោះ​រួម​មាន​មុខងារ Pre-collision with Pedestrian Detection and Automatic Braking, Lane Departure Alert, Automatic High Beams, Radar Cruise Control, Blind Spot Monitor និង Rear Cross Traffic Alert មក​ស្តង់ដារ​តែម្តង។

សូម​បញ្ជាក់​ថា រថយន្ត Toyota Sequoia TRD Pro បាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៥,៧ លីត្រ ទំហំ ៨ ស៊ីឡាំង (V8) មាន​កម្លាំង​រហូត​ដល់​ទៅ ៣៨១ សេះ និង​ប្រើ​ប្រអប់លេខ​អូតូ ៦ វគ្គ ដែល​អាច​អូស​សណ្តោង​បាន​ទម្ងន់ ៣ តោន​ឯណោះ៕

Sponsored