ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ រថយន្តគ្របទុកចោល ជិះមិនបាន ១ពាន់គីឡូផងក្នុង១ឆ្នាំ! អ៉ីចឹងតើពេលណាទៅទើបគ្រប់ចំនួនគីឡូដែលត្រូវប្តូរប្រេងម៉ាស៊ីនថ្មី?

រថយន្តគ្របទុកចោល ជិះមិនបាន ១ពាន់គីឡូផងក្នុង១ឆ្នាំ! អ៉ីចឹងតើពេលណាទៅទើបគ្រប់ចំនួនគីឡូដែលត្រូវប្តូរប្រេងម៉ាស៊ីនថ្មី?

រាល់ពេលទៅប្តូរប្រេងម៉ាស៊ីនរថយន្តម្តងៗ គេតែងកត់ចំនួនម៉ាយល៍ ឬចំនួនគីឡូម៉ែត្រកំណត់ថ្មី សម្រាប់ការប្តូរប្រេងលើកក្រោយ។ ចុះបើរថយន្តនោះទើបប្តូរប្រេងថ្មីហើយ តែភាគច្រើនបំផុតគ្របទុកចោលមិនសូវជិះ ឬនិយាយសាមញ្ញថា ១ឆ្នាំ ជិះមិនបាន ១ពាន់គីឡូផង អ៉ីចឹងតើពេលណាទៅ ទើបដល់ចំនួនគីឡូដែលត្រូវប្តូរប្រេងថ្មីទៀត?

ជាទូទៅ ការប្តូរប្រេងម៉ាស៊ីនថ្មី ក្រៅតែពីការដល់ចំនួនគីឡូដែលត្រូវប្តូរ គឺគេមានវិធីកំណត់មួយទៀត ដែលជារយៈពេល ៣ខែ ៦ខែ ឬ ៩ខែ ទៅតាមប្រភេទប្រេងម៉ាស៊ីននីមួយៗ ពោលគឺមួយណាដល់មុនក៏ដោយ ក៏ត្រូវផ្លាស់ប្តូរដែរ។ ការកំណត់រយៈពេលនេះ ក៏ដោយសារតែអ្នកខ្លះ បើករថយន្តតែក្នុងក្រុងដែលមានការកកស្ទះច្រើន ប៉ុន្តែម៉ាស៊ីននៅតែដំណើរការរហូត។ ចំណែកអ្នកខ្លះទៀត ច្រើនតែទុករថយន្តចោលមិនសូវជិះ ពោលគឺយកជិះតែនៅពេលធ្វើដំណើរកម្សាន្ត ឬទៅលេងស្រុក ក្នុងឪកាសពិធីបុណ្យធំៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ទោះមិនសូវជិះក៏ដោយ ប៉ុន្តែប្រេង បន្ទាប់ពីចាក់ចូលក្នុងម៉ាស៊ីនហើយ គឺវានឹងធ្លាក់ចុះគុណភាពទៅតាមពេលវេលារបស់វាតែម្តង។ មិនតែប៉ុណ្ណោះ បើមិនសូវជិះឆ្ងាយៗហើយ មិនសូវបញ្ឆេះរថយន្តម្តងកាលទៀតនោះ រឹតតែធ្វើឲ្យប្រេងឆាប់ខូច។

ដូច្នេះ សរុបជារួម ប្រសិនបើពន្យារពេលប្តូរប្រេងយូរពេក មិនថាជិះលើសគីឡូ ឬមិនសូវជិះក៏ដោយ ក៏សុទ្ធតែអាចបណ្តាលឲ្យគ្រឿងបង្គុំម៉ាស៊ីនឆាប់សឹករិចរិល មានកំណក ឡើងកម្តៅ ស៊ីសាំងជាងមុន និងអាចឈានដល់ការខូចម៉ាស៊ីនទាំងមូល។ ជាមួយគ្នានេះ លោកអ្នកក៏អាចកត់សម្គាល់ពីអាការៈមួយចំនួនដែលត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនផងដែរ ដូចជា ធុំក្លិនឆ្ងៀមប្រេង ចេញផ្សែង ជាន់ស្ទក់ ចេញសញ្ញាឆេកប្រេងម៉ាស៊ីន ព្រមទាំងភាពកខ្វក់ និងតេស្តគុណភាពរំអិល នៅពេលដកម៉ាកេប្រេងម៉ាស៊ីនមកពិនិត្យមើល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម