ជិះដើរលេងទាំងគ្រួសារលែងខ្វល់រឿងសាំង ឡានវ៉ែនអគ្គិសនី Maxus តម្លៃចាប់ពី ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្តវ៉ែន Maxus MIFA 9 របស់ក្រុមហ៊ុនចិន SAIC បានប្រកាសចេញលក់​ជា​ផ្លូវ​ការ ជាមួយ​តម្លៃលក់​ដែលមាន​ចន្លោះពី ៤ម៉ឺនដុល្លារ ទៅ ៥,៦៧ម៉ឺនដុល្លារ ជាតម្លៃលើទីផ្សារក្នុងស្រុកប្រទេសចិន។

រថយន្តវ៉ែនអគ្គិសនីនេះបានបង្ហាញខ្លួនម្ដងរួចមកហើយក្នុងកម្មវិធីតាំងបង្ហាញរថយន្តទីក្រុង Guangzhou កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​វា​គឺ​ជារថយន្តដំបូងគេមានប្រើប្រាស់គ្រោងឆ្អឹង Maxus Intelligent Flexible Architecture (MIFA) ហេតុ​នេះ​ទើប​មាន​ឈ្មោះថា MIFA។

ពាណិជ្ជកម្ម

រថយន្តនេះមាន​ការតម្រៀបកៅអីអង្គុយជា​បី​ជួរ ដែលជួរនីមួយៗមានកៅអីអង្គុយសរុបចំនួន​ពីរ ហើយ​កៅអី​ជួរទីពីរ និង​ជួរ​ទីបី​អាច​បត់​ទៅ​មុខបានដោយបែបអេឡិចត្រូនិក​ដើម្បី​ផ្ដល់​ជា​ទីតាំងដាក់ឥវ៉ាន់កាន់តែ​ធំ ហើយកៅអីអង្គុយផ្ទាល់​ក៏​មាន​ជា​មុខងារដែល​អាច​សារ៉េ​ទីតាំង​បែបអេឡិចត្រូនិក មានមុខងារកម្ដៅ និងមានជាមុខងារម៉ាស្សាផងដែរ។

រថយន្ត MIFA 9 នេះមានប្រើប្រាស់​អាគុយលីចូម​ចំណុះ ៩០kWh ដែល​អាច​ផ្ដល់​ចម្ងាយ​បើកបរ​បានដល់ ៥៦០គីឡូម៉ែត្រ ជាមួយ​កម្រិតស៊ីថាមពល ១៧,៩kWh ក្នុង១០០គីឡូម៉ែត្រ។ រថយន្តនេះដែរមានម៉ូទ័រអគ្គិសនីមួយ​ដែល​អាចផ្ដល់​កម្លាំងបាន ១៨០kW ហើយ​នៅ​ឆ្នាំ២០២៣ ក្រុមហ៊ុន SAIC គ្រោងបង្កើនចម្ងាយបើកបរឲ្យដល់ ៦៥០គីឡូម៉ែត្រ៕

Sponsored