តើពាក្យថា Maybach មានប្រវត្តិមកពីណា?

Maybach គឺជាម៉ាករថយន្តអាល្លឺម៉ង់មួយដែលបង្កើតឡើងដោយលោក Wilhelm Maybach ជាមួយកូនប្រុសរបស់ខ្លួន កាលពីឆ្នាំ ១៩០៩ ដែលមានឈ្មោះដើមថា Luftfahrzeug-Motorenbau GmbH ដែលមានន័យជាភាសាអង់គ្លេសថា Aircraft Engine Building Company។

ក្រុមហ៊ុននេះដើមឡើយគឺជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនប្រេងសាំងសម្រាប់ប៉ាឡុងមួយប្រភេទឈ្មោះថា Zeppelin និងរថភ្លើងផងដែរ។ នៅឆ្នាំ ១៩១៩ ក្រុមហ៊ុនបានសាកល្បងផលិតរថយន្តជាលើកដំបូង និងបានបង្ហាញជាផលិតផលសម្រេចរយៈពេល ២ឆ្នាំក្រោយក្នុងកម្មវិធីតាំងបង្ហាញរថយន្តទីក្រុងប៊ែរឡាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅចន្លោះឆ្នាំ ១៩២១ ដល់ឆ្នាំ ១៩៤០ ក្រុមហ៊ុនអាល្លឺម៉ង់នេះបានផលិតរថយន្តប្រណីតៗតម្លៃថ្លៃជាច្រើនប្រភេទ ដែលបច្ចុប្បន្នរថយន្តទាំងនោះត្រូវបានចាត់ទុកថាជារថយន្តបុរាណដ៏មានតម្លៃមួយ។ នៅអំឡុងសង្គ្រាមលោកលើកទីពីរ ក្រុមហ៊ុន Maybach បានផលិតម៉ាស៊ីនសម្រាប់រថក្រោះជាច្រើនប្រភេទរបស់កងទ័ពណាហ្សីអាល្លឺម៉ង់។ រោងចក្រផលិតម៉ាស៊ីនរបស់ Maybach បានក្លាយជាមុខសញ្ញាមួយនៅអំឡុងសង្គ្រាមលោក ហើយក្រោយចប់សង្គ្រាមលោក រោងចក្រនេះបានឆ្លងកាត់ការជួសជុលខ្លះៗ ប៉ុន្តែការផលិតមិនបានចាប់ផ្ដើមឡើងវិញនោះឡើយ រហូតដល់រយៈពេល ២០ឆ្នាំក្រោយមក ក្រុមហ៊ុនបានប្ដូរឈ្មោះទៅជា MTU Friedrichshafen។

នៅឆ្នាំ ១៩៦០ ក្រុមហ៊ុន Daimler-Benz បានទិញយកក្រុមហ៊ុន Maybach ដោយក្រោយការទិញយកនេះ Maybach ត្រូវបានប្រើប្រាស់ដើម្បីផលិតរថយន្ត Mercedes ស៊េរីពិសេសៗ ដោយផលិតឡើងដោយដៃផ្ទាល់។

នៅឆ្នាំ ២០០២ Maybach បានក្លាយជាម៉ាករថយន្តប្រណីតផុតលេខមួយរបស់ក្រុមហ៊ុន Daimler-Benz ប៉ុន្តែម៉ាក Maybach នេះហាក់មិនទទួលបានជោគជ័យឡើយ រហូតដល់ឆ្នាំ ២០១៣ ក្រុមហ៊ុន Daimler-Benz ក៏សម្រេចចិត្តបញ្ឈប់ប្រតិបត្តិការម៉ាក Maybach។ មុនការបញ្ឈប់ប្រតិបត្តិការនេះ Maybach បានផលិតរថយន្តជាច្រើនម៉ូដែលរួមមាន Maybach 57, 57S, 62, 62S និងម៉ូដែល Landaulet ផងដែរ ដែលសុទ្ធសឹងជារថយន្តប្រណីតផុតលេខ។

រថយន្ត Maybach 57

នៅខែវិច្ឆិកាឆ្នាំ២០១៤ ក្រុមហ៊ុន Daimler បានប្រកាសពីការវិលត្រឡប់វិញនៃឈ្មោះ Maybach ក្នុងនាមជាម៉ាកតូចមួយរបស់ Mercedes-Benz S-Class ហើយនៅខែមេសាឆ្នាំ២០១៥ គេក៏បានឃើញវត្តមានរថយន្ត Mercedes-Maybach S600 ដែលបានបង្ហាញចេញក្នុងកម្មវិធីតាំងបង្ហាញរថយន្តទីក្រុង Los Angeles។

រថយន្ត Mercedes-Maybach S600

Mercedes-Maybach S600 ជាប្រភេទប្រណីតបំផុតនៃរថយន្ត S-Class ដែលវាគឺជាគូប្រជែងរបស់រថយន្ត Bentley Mulsanne និងរថយន្ត Rolls-Royce Phantom ហើយវាបានបន្តមានវត្តមានរហូតដល់បច្ចុប្បន្ននេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម