សម្ភារៈសំខាន់ទាំង ១០ ដែលគួរដាក់តាមរថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រាល់ពេលធ្វើដំណើរផ្លូវឆ្ងាយ យូរៗម្តងរថយន្តតែងតែមានបញ្ហាបន្តិចបន្តួចមិនអាចជៀសផុត។ ជាក់ស្តែង បញ្ហាទាំងនោះមានដូចជា ធ្លាយកង់ អស់អាគុយ ឬផ្នែកណាមួយនៃរថយន្តមិនដំណើរការជាដើម។យើងមិនអាចដឹងទេថាវានឹងកើតឡើងនៅពេលណាប៉ុន្តែដើម្បីបង្ការទុកជាមុនអ្នកបើកបរគ្រប់រូបគួរតែត្រៀមសម្ភារៈសំខាន់ៗមួយចំនួនដាក់តាមរថយន្តជាប់ជានិច្ចដើម្បីដោះស្រាយមួយគ្រារាល់ពេលមានបញ្ហាកើតឡើងខណៈរថយន្តស្ថិតនៅឆ្ងាយពីយានដ្ឋានជួសជុល។

១. ឧបករណ៍សង្គ្រោះបឋម៖ អ្នកមិនចាំបាច់រៀបចំជាកញ្ចប់ធំៗពេកទេ ត្រឹមតែប្រអប់ថ្នាំតូចសមល្មមមួយក៏បានដែរដែលក្នុងនោះគួរមានដូចជា បង់រុំរបួស ស្កុតពេទ្យ ទឹកលាងរបួស ថ្នាំបំបាត់ ការឈឺចាប់ និងស្ព្រៃបាញ់បំបាត់រលាកជាដើម។

ពាណិជ្ជកម្ម

២. ពិល និង ប្រដាប់កូវអាគុយ៖ ពិលអាចផ្តល់នូវភាពងាយស្រួលនៅពេលមានបញ្ហាពេលយប់។ វាអាចជួយបំភ្លឺពេលកំពុងជួសជុល និងបញ្ចាំងស្វែងរកអ្វីមួយ។ បច្ចុប្បន្ន ទូរសព្ទមួយចំនួនធំ បានបំពាក់ហ្វាស់អាចបញ្ចាំងពន្លឺភ្លឺដូចពិលដែរ ប៉ុន្តែយល់ល្អគួរមានពិលសាគួមួយទើបប្រសើរ។ ជាងនេះទៅទៀត អ្នកគួរត្រៀមប្រដាប់កូវអាគុយខ្នាតតូចមួយសម្រាប់ដោះស្រាយរាល់ពេល មានបញ្ហាអាគុយអស់ថ្ម។

៣. ឆ័ត្រ ឬ អាវភ្លៀង៖ នារដូវភ្លៀង ឆ័ត្រ និងអាវភ្លៀងមានអត្ថប្រយោជន៍ជួយមិនឲ្យទទឹកពេលចុះឆែកមើលផ្នែកមានបញ្ហាឬស្វែងរកជំនួយ។

៤. ភួយ ឬ មុង៖ ពេលខ្លះរថយន្តអាចខូចនៅតំបន់ដាច់ស្រយាលពេលយប់ ដែលបង្ខំចិត្តឲ្យអ្នកសម្រាកគេងនៅក្នុងរថយន្តរហូតជំនួយមកដល់។

៥. ទូរសព្ទ៖ វាគឺជារបស់សំខាន់បំផុតសម្រាប់ហៅជំនួយរាល់ពេលបញ្ហាកើតឡើង។ អ្នកបើកបរគួរមានខ្សែសាកថ្មដាក់តាមរថយន្តជានិច្ច និងដាក់សាកទូរសព្ទឲ្យថ្មពេញគ្រប់ពេល។ ប្រសិន បើអាចគួរមានទូរសព្ទមួយផ្សេងទៀតដែលកាន់ថ្មដាក់ប្រើសម្រាប់តែលើរថយន្ត។ ជាពិសេសកុំភ្លេចទិញកាតបញ្ចូលទឹកប្រាក់ទុកសាគួផងដែរ។

៦. ផែនទី ឬ ប្រព័ន្ធ GPS ៖ នៅលើទូរសព្ទដៃគួរទាញយកកម្មវិធីបង្ហាញផែនទី ហើយចំពោះរថយន្តក៏គួរបំពាក់ប្រព័ន្ធ GPS ដើម្បីឆែកមើលទីតាំងនៃការធ្វើដំណើរ។

៧. ឧបករណ៍ផ្តល់សញ្ញាសុំជំនួយ៖ ឧបករណ៍ប្រភេទនេះមានទាំងប្រភេទបាញ់ភ្លើង និងជះពន្លឺ ដែលអ្នកអាចដាក់វានៅខាងមុខ ឬ ខាងក្រោយរថយន្តដើម្បីផ្តល់សញ្ញាសុំជំនួញពីអ្នកដទៃ រាល់ពេលមានបញ្ហា។

៨. កង់សាគួ និងឧបករណ៍ដោះកង់៖ អ្នកបើកបរគួររៀនពីវិធីដោះកង់ជាមួយអ្នកជំនាញដើម្បីដោះស្រាយរាល់ពេលមានបញ្ហាធ្លាយកង់កើតឡើង ហើយត្រូវមានកង់សាគួ និងឧបករណ៍ សម្រាប់ប្តូរកង់ដាក់តាមរថយន្តជាប់ជានិច្ចដូចជា ឃ្នាស់លើករថយន្តឲ្យផុតពីដី ឧបករណ៍មូរខ្ចៅមួយឈុត (អាចប្រើប្រាស់ដោះខ្ចៅបានគ្រប់ផ្នែក) ម៉ាស៊ីនបូមខ្យល់កង់ ប្រដាប់វាស់សម្ពាធ ខ្យល់ និងកាវបាញ់។

៩. លេខទូរសព្ទទំនាក់ទំនងស្វែងរកជំនួយ៖ អ្នកគួរស្រាវជ្រាវកត់ត្រារាល់លេខទូរសព្ទអ្នកផ្តល់សេវាជួសជុលដល់ទីកន្លែងជាពិសេសបើកស្គាល់លេខទំនាក់ទំនងអ្នកជួសជុល ឬសណ្តោង រថយន្តតាមតំបន់ដែលឧស្សាហ៍ធ្វើដំណើរទៀតកាន់តែប្រសើរ។

១០. អាហារកញ្ចប់ និងទឹក៖ មានបញ្ហារថយន្តហើយកុំឲ្យពិបាកដល់ខ្លួនឯងទៀត គួរត្រៀមរបស់ទាំងពីរនេះដាក់តាមរថយន្តជាប្រចាំដើម្បីសម្រន់ខណៈរង់ចាំជំនួយមកដល់រាល់ពេលរថយន្ត មានបញ្ហា៕

Sponsored