ឡើងទៀតហើយ! Ford ដំឡើងថ្លៃភីកអាប់ Ford F-150 Lightning ​ជិត​ ៥ ពាន់ដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ គេហទំព័ររបស់ Ford បានបង្ហាញថា ក្រុមហ៊ុន Ford បានធ្វើការដំឡើងតម្លៃភីកអាប់អគ្គិសនីសុទ្ធ Ford F-150 Lightning បន្តទៀត ដោយម៉ូដែលតម្លៃទាបជាងឥឡូវនេះចាប់ផ្តើមពី ៥៥ ៩៧៤ ដុល្លារ ដែលកើនឡើងដល់ ៥៨ ៥១៤ ដុល្លារបូកទាំងថ្លៃដឹកជញ្ចូន ១ ៨៩៥ ដុល្លារ និងថ្លៃស៊េវាទិញ ៦៤៥ ដុល្លារត្រូវបានបន្ថែម។

នោះមានការកើនឡើង ៩ ភាគរយ ឬ ៤ ៧៤៥ ដុល្លារ ធៀបនឹងតម្លៃសម្រាប់រថយន្តដូចគ្នាកាលពីមួយសប្តាហ៍មុន។ នោះគឺជាតម្លៃដែលខ្ពស់ជាងតម្លៃចេញពីរោងចក្រ (MSRP) នៅពេលតម្លៃត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ ២០២១ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា នេះ​ជា​ការ​ឡើង​ថ្លៃជា​លើក​ទី​ ៣ ​របស់​ភីកអាប់នេះ​ក្នុង​ឆ្នាំ​នេះ។ តម្លៃកើនឡើងយ៉ាងឆាប់រហ័សរបស់ F-150 Lightning Pro ចាប់ផ្តើមពី ៣៩ ៩៧៤ ដុល្លារ ទៅ ៤៨ ៧៦៩ ដុល្លារបូកទាំងថ្លៃដឹកជញ្ចូន ក្នុងខែសីហា ឆ្នាំ ២០២២ និងឡើងដល់ ៥៣ ៧៦៩ ដុល្លារជាមួយតម្លៃដឹកជញ្ចូន ក្នុងខែតុលា ។ ការឡើងថ្លៃនេះ ធ្វើឲ្យ F-150 Lightning Pro ម៉ូដែលដើមបានឡើងដល់ ១៦ ០០០ ដុល្លារក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនោះ សម្រាប់ម៉ូដែល XLT ឥឡូវនេះមានតម្លៃ ៦៣ ៤៧៤ ដុល្លារ កើនឡើង ៤ ០០០ ដុល្លារពីចំណុចចាប់ផ្តើមពីមុនរបស់វា។

ជាមួយគ្នានេះ ក្រុមហ៊ុន Ford បានប្រាប់គេហទំព័រ Carscoops ថាការកើនឡើងនេះគឺជាផ្នែកមួយនៃ “ដំណើរការធម្មតានៃអាជីវកម្មដោយសារតែការកើនឡើងនៃតម្លៃគ្រឿងបរិក្ខា កត្តាទីផ្សារ និងឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលកំពុងបន្ត”។ ជាការពិតណាស់ ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោកកំពុងឆ្លើយតបទៅនឹងការកើនឡើងនៃថ្លៃដើម និងខ្សែផ្គត់ផ្គង់ដ៏តឹងរ៉ឹងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តបានប្រាប់ Carscoops ថា “ការកែតម្រូវតម្លៃនេះគឺទាក់ទងទៅនឹងម៉ូដែលមូលដ្ឋាន Pro និង XLT [ជួរស្តង់ដារ] របស់យើង។ ក្នុងនោះការ​បញ្ជា​ទិញ​​ដែល​កំពុង​រង់​ចាំ​ការ​ចែក​ចាយ​មិន​មាន​ផល​ប៉ះពាល់​ទេ»។

Ford ហាក់បីដូចជាជឿថា ការកើនឡើងតម្លៃនេះនឹងមិនរារាំងដល់អ្នកទិញទេ ព្រោះទើបតែសប្តាហ៍នេះ ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងបន្ថែមខ្សែទី ៣ ទៅកាន់រោងចក្រដំឡើង River Rouge ដែលជាកន្លែង F-150 Lightning ត្រូវបានផលិត ដោយចង់ផលិតភីកអាប់នេះឲ្យ ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម