គន្លឹះក្នុងការថែទាំរថយន្តរបស់អ្នកដោយខ្លួនឯង | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ការថែទាំរថយន្តជារឿងសំខាន់ណាស់ ដែលជាផ្នែកមួយដែលជួយការបើកបររថយន្តរបស់យើងមិនឲ្យមានបញ្ហាក្នុងកំឡុងពេលបើកបរនៅលើតាមដងផ្លូវ។ ជាទូទៅនៅលើរថយន្តមានផ្នែកមួយចំនួនទាមទារអោយយើងត្រួតពិនិត្យតាមពេលកំណត់ជាចាំបាច់ដូចជា​ ប្រេងម៉ាស៊ីន ប៊ូស៊ី សំបកកង់រថយន្តជាដើម។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលអាចអោយអ្នកត្រួតពិនិត្យថែទាំរថយន្តរបស់អ្នកដោយខ្លួនឯង៖

  • ប្រេងម៉ាស៊ីន ត្រូវធ្វើការផ្លាស់ប្តូរទៅតាមការកំណត់ចាប់ពី ៥ ០០០គីឡូម៉ែត្រ ឬ ៣ខែ វាអាស្រ័យលើការបើកបររបស់អ្នកជិតឬឆ្ងាយ ពីព្រោះប្រេងម៉ាស៊ីនជាផ្នែកមួយដែលជួយរំអិលផ្នែកខាងក្នុងទាំងអស់របស់ម៉ាស៊ីន បើប្រេងមិនល្អវាជាហេតុនាំឲ្យម៉ាស៊ីនកើតមានសំឡេងខ្លាំង រំញ័រ ឬខូចម៉ាស៊ីនតែម្តង។

  • ប៊ូស៊ី វាជាមានតួនាទីជាអ្នកបង្កើតផ្កាភ្លើង ដើម្បីដុតល្បាយខ្យល់-សាំង ដូច្នេះយើងត្រូវត្រួតពិនិត្យ ឬផ្លាស់ប្តូរប៊ូស៊ីទៅតាមពេលកំណត់ បើប៊ូស៊ីមានបញ្ហា ធ្វើឲ្យរថយន្តរបស់អ្នកស៊ីប្រេងឥន្ធនៈខុសធម្មតា ឬកើតមានរំញ័រខាំងដល់ម៉ាស៊ីន។ តាមបច្ចេកទេសប៊ូស៊ីត្រូវបានផ្លាស់ប្តូរនៅចម្ងាយ ១៦ ០៩៣គីឡូម៉ែត្រ (១០ ០០០ម៉ាយ៍) -៣២ ១៨៦(២០ ០០០ម៉ាយ៍)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ស្បែកហ្រ្វាំង ជាទូទៅស្បែកហ្រ្វាំងត្រូវបានដំណើរការដោយញឹកញាប់ ដោយការជាន់ហ្រ្វាំងរបស់យើងក្នុងពេលបើកបរ វាត្រូវបានធ្វើការត្រួតពិនិត្យជាចាំបាច់ពីកម្រិតនៃការសឹករបស់ស្បែកហ្វ្រាំង ព្រោះពេលដែលស្បែកហ្រ្វាំងអស់ ធ្វើឲ្យការជាន់ហ្វ្រាំងមិនមានប្រសិទ្ធភាពទេ ដូច្នេះត្រូវឧស្សាហ៍ព្យាយាមពិនិត្យស្បែកហ្រ្វាំងទាំង ៤ដែលបំពាក់នៅលើរថយន្តរបស់អ្នក។

  • សំបកកង់រថយន្ត ជាផ្នែកមួយដែលទ្រនូវទំនង់ទាំងអស់របស់រថយន្ត វាសំខាន់ណាស់បើអ្នកមិនបានត្រួតពិនិត្យបានត្រឹមត្រូវ យើងត្រូវពិនិត្យទៅលើក្រឡារបស់សំបកកង់ ស្នាមប្រេះ ដាច់រលាត់ជាដើម បើមានត្រូវផ្លាស់ប្តូរសំបកកង់ចេញ ពីព្រោះពេលបើកបរ ធ្វើអោយសំបកកង់និងផ្លូវថ្នល់ត្រូវបានកកិតគ្នា វាបង្កើតបានជាសម្ពាធ ឬកម្តៅខ្លាំងអាស្រ័យលើការបើកបរ ដូច្នេះបើមានស្នាមប្រេះអាចធ្វើអោយផ្ទុះកង់រថយន្តកំឡុងពេលបើករបរ។

  • ទឹកស្អំម៉ាស៊ីន ជាផ្នែកសំខាន់ក្នុងការស្រូបទាញកម្តៅចេញពីម៉ាស៊ីន បើយើងធ្វើផ្លាស់ប្តូរទឹកស្អំបានត្រឹមត្រូវនិងមានគុណភាព ធ្វើអោយម៉ាស៊ីនដំណើរការបានល្អ មិនប៉ះពាល់ដល់គ្រឿងបង្គុំរបស់ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីននោះទេជាពិសេសមុនពេលចេញដំណើរការទៅក្រៅ យើងត្រូវពិនិត្យចំពោះកម្រិតទឹកក្នុងធុងទឹកអោយបានត្រឹមត្រូវ ជៀសវាងខ្វះទឹកដែលនាំឲ្យម៉ាស៊ីនឡើងកម្តៅខុសធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម