ភីកអាប់អគ្គិសនី Ford F-150 Lightning ២០២៣​ ឡើងថ្លៃដល់ទៅខ្ទង់ ១ មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសពីការដំឡើងតម្លៃជាលើកទីពីរក្នុងរយៈពេល ២ខែ លើម៉ូដែល F-150 Lightning Pro trim ដែលជាម៉ូដែលថ្លៃជាងគេ ដោយសារតែការកើនឡើងតម្លៃសម្ភារៈគ្រឿងបរិក្ខា និងបញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ការផលិត។

ក្នុងនោះ អ្នកនាំពាក្យបានបញ្ជាក់ប្រាប់គេហទំព័រ Automotive News ថា F-150 Lightning Pro ស៊េរីឆ្នាំ ២០២៣ នឹងមានតម្លៃចាប់ផ្តើមពី ៥៣ ៧៦៩ ដុល្លារ រួមទាំងថ្លៃដឹកជញ្ជូន ១ ៧៩៥ ដុល្លារផងដែរ ជាការឡើងថ្លៃចំនួន ៥ ០០០ ដុល្លារ លើតម្លៃដែលមានស្រាប់ ដែលជាលទ្ធផលនៃការដំឡើងតម្លៃមួយផ្សេងទៀតនៅក្នុងខែសីហា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការឡើងថ្លៃនេះ បានធ្វើឡើងសម្រាប់ត្រកូល Ford ទាំងអស់ ហើយតម្លៃរបស់ F-150 Lightning Pro កើនឡើងដល់ ៤៨ ៧៦៩ ​ដុល្លាររួមទាំងការដឹកជញ្ជូន។ ការដំឡើងតម្លៃនេះ នៅលើតែរថយន្តភីកអាប់អគ្គិសនីប៉ុណ្ណោះ ដោយម៉ូដែល entry-level trim ឡើងថ្លៃដល់ ១៣ ៧៩៥ ដុល្លារ ច្រើនជាងក្រុមហ៊ុនផលិតរថយន្តដែលបានប្រកាសនៅពេលរថយន្តដាក់បង្ហាញលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ ២០២១។

គួរឲ្យដឹងថា មិនត្រឹមតែ Ford ជាក្រុមហ៊ុនតែមួយដែលដំឡើងតម្លៃនោះទេ ក្នុងនោះក្រុមហ៊ុន Rivian, Lucid និង Tesla ទាំងអស់បានប្រកាសពីការដំឡើងតម្លៃរថយន្តរបស់ពួកគេដោយសារតែអតិផរណា ខ្វះខាតបន្ទះឈីប និងកត្តាផ្សេងៗទៀតសម្រាប់ម៉ូដែលឆ្នាំ ២០២៣ ។

រថយន្ត F-150 Lightning Pro ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៤៣៦ សេះ និងកម្លាំងរមួល ១ ០៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ standard-range battery pack អាចបើកបរបានចម្ងាយ ៣៨៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ហើយវាមានសមត្ថភាពផ្ទុក ៩០៧ គីឡូក្រាម និងអាចអូសសណ្តោងដល់ ៤២៩ គីឡូក្រាម ជាមួយនឹងកញ្ចប់ Max Trailer Tow package៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម