ឡាន Hyundai គូប្រជែង Camry ឆ្នាំ២០២១ ចេញតម្លៃខ្លួនជាផ្លូវការហើយ

កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Hyundai បានបង្ហាញរថយន្ត Sonata ប្រភេទ N Line ស៊េរីឆ្នាំ២០២១ ហើយឥឡូវនេះក្រុមហ៊ុនក៏បានប្រកាសពីតម្លៃរបស់វាជាផ្លូវការ។

រថយន្ត Hyundai Sonata N Line នឹងមានតម្លៃចាប់ពី ៣៣ ២០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Sedan ស្ព័រនេះក៏មានបំពាក់មកជាមួយមុខងារ Launch Control និង N Power Shift ផងដែរ។ ក្រៅពីនោះវាក៏បានអាប់ដេតប្រព័ន្ធចង្កូត និងប្រព័ន្ធជើងក្រោម ព្រមទាំងដងរែងទប់លំនឹង និង ហ្វ្រាំងធំជាងមុនទៀតផង។

បើនិយាយពីការឌីហ្សាញវិញ Sonata N Line បានកែកុនផ្នែកខាងមុខឲ្យមើលទៅរឹតតែស្ព័រជាងមុន, លេងពណ៌ខ្មៅរលោង និងយ៉ាន់ទំហំ ១៩អ៊ីញថ្មី ខុសប្លែកពី Sonata ធម្មតា។ មិនតែប៉ុណ្ណោះ វាក៏មានដំបូល Panoramic Sunroof, ប្រព័ន្ធបំពង់ស៊ីម៉ាំង៤ និង ចង្កៀងមុខ LED។ ចំណែកឯផ្នែកខាងក្នុង វាបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្ត ១០,២៥អ៊ីញ ព្រមទាំងកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែផងដែរ។

ចំពោះផ្នែកសុវត្ថិភាពវិញ Sonata N Line មានមុខងារជំនួយការបើកបរជាច្រើន ដូចជា Forward Collision-Avoidance Assist with Pedestrian Detection, Smart Cruise Control with Stop & Go, Blind-Spot Collision-Avoidance Assist with Rear Cross-Traffic Collision-Avoidance Assist, High Beam Assist, Lane Keeping Assist, Lane Follow Assist និង Safety Exit Warning៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម