រថយន្ត Ranger Raptor ជំនាន់បច្ចុប្បន្នដែលបានប្រកាសចេញតាំងពីឆ្នាំ ២០១៨ ទទួលបានការពេញនិយមខ្លាំងទោះបីជាមានបំពាក់ត្រឹមម៉ាស៊ីនម៉ាស៊ូត Bi-Turbo ២,០លីត្រ ៤ស៊ីឡាំង ដែលមានកម្លាំងតិច និងមានសមត្ថភាពអូសសណ្ដោងបានទម្ងន់ ២៥០០គីឡូក្រាមប៉ុណ្ណោះ។
របាយការណ៍ថ្មីបានអះអាងថា Ford នឹងបំពេញតាមតម្រូវការអ្នកដែលចង់បានម៉ាស៊ីនកម្លាំងខ្លាំងលើ Ranger Raptor ដោយនៅលើរថយន្តជំនាន់ថ្មីនឹងមានបំពាក់ម៉ាស៊ីនពីរប្រភេទ អាស្រ័យតាមទីផ្សារ។
ការចុះផ្សាយរបស់ Car Advice បានអះអាងថា Ranger Raptor ជំនាន់ថ្មី នឹងប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង កម្លាំង ៤០០សេះ ដែលភ្ជាប់នឹងប្រអប់លេខ ១០វគ្គ។ យ៉ាងណាក្ដីមិនមានការធានាថាគ្រប់ទីផ្សារទាំងអស់នឹងទទួលបានម៉ាស៊ីនប្រភេទនេះនោះទេ ព្រោះថា Ranger Raptor ឆ្នាំ ២០២២ ក៏នឹងមានម៉ាស៊ីនមួយប្រភេទទៀត ជាម៉ាស៊ីនម៉ាស៊ូត Power Stroke ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង កម្លាំង ២៤៨សេះ ដែលមានប្រអប់លេខ ១០វគ្គដូចគ្នា។
បន្ថែមពីនេះដែរ Ranger Raptor ឆ្នាំ ២០២២ នឹងមានបំពាក់មកជាមួយនូវបូម Fox ថ្មី, សម្បកកង់ Off-Road និងសមត្ថភាពបើកបរ Off-Road ប្រសើរជាងមុន។ ហើយវាក៏នឹងទទួលបានការ Upgrade ផ្សេងទៀតដែលមានលើត្រកូលរថយន្ត Ranger ជំនាន់ថ្មី រួមមានប្រព័ន្ធសុវត្ថិភាពថ្មី និងគ្រឿងបរិក្ខារខាងក្នុងទំនើបជាងមុន៕