ពេលប្រកាសចេញរថយន្ត Ford F-150 ឆ្នាំ ២០២១ ក្រុមហ៊ុនមិនបានបង្ហាញអំពីតម្លៃលក់នោះទេ។ ប៉ុន្តែពេលនេះវិបសាយ Cars Direct ទទួលបានដំណឹងអំពីតម្លៃលក់នៃរថយន្ត F-150 ស៊េរីថ្មី ហើយបើរើសយក Full Option តែម្ដង តម្លៃអាចមានលើសពី ៨ម៉ឺនដុល្លារឯណោះ។
រថយន្ត Ford F-150 Limited 4×2 SuperCrew ដែលជា Option ខ្ពស់ជាងគេគឺមានតម្លៃចាប់ពី ៧២ ៥២០ដុល្លារ។ ប្រសិនបើបន្ថែមប្រព័ន្ធបើកបរប៉ុងពីរ (4WD) បន្ថែមទៀត តម្លៃឡើងដល់ ៧៥ ៩៤៥ដុល្លារ។ បើរើសយកម៉ាស៊ីន PowerBoost Hybrid ទៀតនោះ ត្រូវបន្ថែម ២៥០០ដុល្លារ ទៀត ដែលតម្លៃរបស់រថយន្តឡើងដល់ ៧៨ ៤៤៥ដុល្លារ។ នៅមិនទាន់អស់ ដោយអតិថិជនអាចរើសយកប្រដាប់ក្រាលឃ្លុបក្រោយនៃរថយន្តតម្លៃ ៥៩៥ដុល្លារ និងគម្របដែលមានតម្លៃ ៩៩៥ដុល្លារ ធ្វើឲ្យតម្លៃរថយន្តឡើងដល់ ៨ម៉ឺនដុល្លារឯណោះ។
គួរដឹងដែរថារថយន្ត Ford F-150 ឆ្នាំ ២០២១ គឺមានតម្លៃចាប់ពី ៣០ ៦៣៥ដុល្លារ ដែលជាតម្លៃសម្រាប់ប្រភេទ F-150 XL 4×2 Regular Cab ដែលតម្លៃនេះថ្លៃលើសស៊េរីឆ្នាំ ២០២០ ត្រឹម ១៩៥ដុល្លារប៉ុណ្ណោះ៕