ក្រុមហ៊ុន Mitsubishi កំណត់ថានឹងឈប់ផលិតរថយន្តអគ្គិសនី i-MiEV នៅត្រឹមដំណាច់ឆ្នាំ ២០២០ នេះ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Nikkei Asia។
រថយន្ត i-MiEV បានចេញលក់លើទីផ្សារជាង ៥០ប្រទេស ចាប់តាំងពីឆ្នាំ ២០០៩ មក ដែលអាចលក់បានប្រមាណ ៣២ ០០០គ្រឿងប៉ុណ្ណោះ។ ចំនួននេះគឺតិចតួចខ្លាំងបើប្រៀបធៀបនឹងរថយន្តអគ្គិសនីដទៃដូចជា Nissan Leaf អាចលក់ចេញបានប្រមាណ ៥០ម៉ឺនគ្រឿង តាំងពីចេញលក់នៅឆ្នាំ ២០១០ មក។
រថយន្ត i-MiEV ដំណើរការដោយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ៦៣សេះ។ វាប្រើប្រាស់អាគុយដែលអាចផ្ទុកថាមពលបាន ១៦kWh និងអាចបើកបរបានចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រពេលសាកភ្លើងពេញ៕