Toyota ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដែលផលិតរថយន្តបែបស្លូតៗ ប៉ុន្តែរថយន្តស្ព័ររបស់ក្រុមហ៊ុននេះ កំពុងកាន់តែប្រសើរឡើងទៅៗ ជាពិសេសគឺការរស់ឡើងវិញរបស់ម៉ូដែល GR Supra, ម៉ូដែល 86 ថ្មី ក៏ដូចជា GR Yaris ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រលាញ់ចូលចិត្តរថយន្តមួយចំនួននៅតែទន្ទឹមការវិលត្រលប់មកវិញ របស់ Toyota MR2 បន្ទាប់ពីវាត្រូវបានឈប់ផលិតនៅឆ្នាំ២០០៧។
យ៉ាងណាមិញ ថ្មីៗនេះមានរបាយការណ៍បង្ហាញថា Toyota កំពុងមានគម្រោងនាំយក MR2 ត្រលប់មកវិញ។ យ៉ាងណាក៏ដោយ លោក Matt Harrison អនុប្រធានក្រុមហ៊ុន Toyota Europe បាននិយាយថា MR2 មិនមែនជាអាទិភាពឡើយ។
ដោយឡែក បើយោងតាមគេហទំព័រ Spyder7 របស់ជប៉ុន បាននិយាយថា ការអភិវឌ្ឍរថយន្ត Toyota MR2 ថ្មី បានទទួលភ្លើងខៀវហើយ ដោយអះអាងទៀតថា MR2 ជំនាន់ថ្មី នឹងត្រូវបំផុតតាមគំរូរថយន្ត Toyota Alessandro Volta ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ២០០៤ ក្នុងកម្មវិធី Geneva Motor Show៕