[បរទេស] លោក Steve Jenny គឺជាអ្នកបើកបរសាកល្បង (Test Driver) របស់ក្រុមហ៊ុន Bugatti ហើយលោកប្រហែលជាមានការងារមួយ ដែលគ្រប់គ្នាចង់បានបំផុតនៅក្នុងឧស្សាហកម្មរថយន្ត។
លោក Jenny បានចាប់ផ្តើមនៅក្នុងឧស្សាហកម្មនេះ ដោយធ្វើការឲ្យក្រុមហ៊ុន Mahle និង BBS ហើយបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ផ្នែកផ្សេងៗសម្រាប់ motorsport ។ ក្រោយមកលោកបានដាក់ពាក្យសុំការងារដំបូងនៅក្រុមហ៊ុន Bugatti ក្នុងខែឧសភា ឆ្នាំ ២០០៤ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តបារាំងខាងលើ កំពុងរៀបចំរថយន្ត Veyron សម្រាប់ការផលិត។
នៅពេលនោះ លោកក៏ទទួលបានការងារ ហើយបានទទួលភារកិច្ចមួយ ដែលនឹងធានាថា រាល់ Bugatti នីមួយៗដំណើរការបានល្អឥតខ្ចោះ មុនពេលប្រគល់ទៅឲ្យអតិថិជន។
នៅខែកញ្ញា ឆ្នាំ ២០០៥ លោក Jenny បានចាប់ផ្តើមធ្វើតេស្ត Veyron គ្រប់គ្រឿងទាំងអស់ បន្ទាប់ពីការត្រួតពិនិត្យបច្ចេកទេសចុងក្រោយរបស់ពួកវា ដើម្បីធានាថា វាដំណើរការយ៉ាងល្អឥតខ្ចោះ។
សូមបញ្ជាក់ថា រាល់រថយន្ត Bugatti ថ្មីទាំងអស់ចាប់តាំងពីពេលនោះមក រួមទាំងរថយន្ត Veyron និង Chiron ត្រូវបានបើកបរ និងសាកល្បងដោយលោក Jenny ក្នុងការធ្វើដំណើរដែលជាធម្មតាមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ និងឆ្លងកាត់គ្រប់ស្ថានភាពផ្លូវទាំងអស់។
ការបើកបរសាកល្បងនីមួយៗ ជាធម្មតាចំណាយពេលប្រហែល ៥ម៉ោង ហើយរួមបញ្ចូលទាំងការត្រួតពិនិត្យលើ driving dynamics ដោយលោក Jenny ត្រូវពិនិត្យលើទម្ងន់ឈ្នាន់ និងការឆ្លើយតប, ដៃចង្កូត និងស្តាប់សំឡេងមិនប្រក្រតីណាមួយផងដែរ៕