Ford គ្រោងនឹងបង្កើនការចំណាយដល់ ២០ ពាន់លានដុល្លារ លើការផ្លាស់ប្តូររថយន្តអគ្គិសនីរបស់ខ្លួន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្តេជ្ញាចិត្តនឹងចំណាយថវិកា ៣០ ពាន់លានដុល្លារលើរថយន្តអគ្គិសនី រហូតដល់ឆ្នាំ ២០២៥ ហើយប្រភពនៅក្នុងក្រុមហ៊ុន Ford អះអាងថា ថវិកាបន្ថែមពី ១០ ទៅ ២០ ពាន់លានដុល្លារអាចនឹងត្រូវចំណាយ ដើម្បីអភិវឌ្ឍន៍រោងចក្រដែលមានស្រាប់ទៅជារោងចក្រអគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

យោងតាមរបាយការណ៍ពី Bloomberg រាយការណ៍ថា ផែនការនេះគឺជាផ្នែកមួយនៃការជំរុញឲ្យក្រុមហ៊ុន Ford ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla ។ ការវិនិយោគកើនឡើងនឹងឃើញក្រុមហ៊ុន Ford ជ្រើសរើសនៅវិស្វករថ្មីដែលមានឯកទេសខាងអាគុយគីមី, AI និង software នៃរថយន្តអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ លោក Mark Truby ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Ford បានប្រាប់ Bloomberg ថា “យើងកំពុងអនុវត្តផែនការ Ford Plus របស់យើងដើម្បីផ្លាស់ប្តូរក្រុមហ៊ុន និងបន្តការរីកចម្រើនក្នុងយុគសម័យថ្មីនៃរថយន្តអគ្គិសនី យើងនឹងមិនធ្វើអត្ថាធិប្បាយលើការរំពឹងទុកនោះទេ” ។

ទន្ទឹមនឹងនេះ អ្នកគាំទ្រដ៏សំខាន់នៃក្រុមហ៊ុន Ford ដែលជំរុញការវិនិយោគរបស់ខ្លួនទៅលើរថយន្តអគ្គិសនី គឺលោក Doug Field ដែលជាអតីតប្រធានគម្រោងរថយន្តរបស់ក្រុមហ៊ុន Apple និងជាអ្នកបង្ហាញចេញនៅរថយន្ត Tesla Model 3 ខណៈដែលលោកនៅជានាយកប្រតិបតិ្តក្នុងក្រុមហ៊ុនរបស់លោក Elon Musk ។ គាត់ត្រូវបានគេនិយាយថាកំពុងធ្វើការជាមួយលោក Farley ដើម្បីជំរុញឲ្យក្រុមហ៊ុន Ford កាន់តែមានភាពរហ័សរហួនផងដែរ។

ខណៈពេលនេះ Ford គឺ​ស្ថិត​នៅ​ក្នុង​ជំហរ​ខុស​ពី Tesla ដោយ​សារ​​ពឹង​ផ្អែក​លើ​ប្រាក់​ចំណេញ​ដែល​បាន​មក​ពី​រថយន្ត​ដំណើរការដោយថាមពល​ចំហេះ​ក្នុងដើម្បី​ផ្តល់​ការវីនិយោគដល់រថយន្តអគ្គិសនីនាពេលអនាគតរបស់​ខ្លួន។ វិធីមួយដែលក្រុមហ៊ុនផលិតរថយន្តអាចបង្កើតប្រាក់ចំណូលបន្ថែមក្រៅពីការលក់រថយន្ត ថាមពលចំហេះក្នុង របស់ខ្លួនគឺតាមរយៈការជំរុញសេវាកម្មដែលខ្លួនលក់ទៅឲ្យម្ចាស់រថយន្ត ដែលជាការផ្លាស់ប្តូរដែលអាចរកចំណូលបានរហូតដល់ ២០ ពាន់លានដុល្លារ/ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម