Ford ប្រកាសឈប់ផលិតរថយន្តម៉ូដែល Flex

Ford Flex គឺ​ជា​រថយន្ត​គ្រួសារ​មួយ​ប្រភេទ ដែល​មាន​ភាព​ខុស​ប្លែក​ពី​គេ​បំផុត វា​មិន​មែន​ជា​ប្រភេទ​រថយន្ត​​ Minivan ​ហើយ​ក៏​មិន​មែន​ជា​ប្រភេទ​រថយន្ត​ SUV ដែរ។

យ៉ាងណាក្ដី​ភាព​ខុស​ប្លែក​របស់​វា​មិន​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​រក​ចំណូល​បាន​ច្រើន​នោះ​ទេ ដូច​នេះ​ហើយ​ទើប​ Ford សម្រេច​ចិត្ត​ដក​ចេញ​នូវ​រថយន្ត​ម៉ូដែល​ Flex នេះ។ Ford បាន​ប្រកាស​ថា​ការ​ផលិត​រថយន្ត Flex នឹង​ត្រូវ​​បញ្ឈប់​នៅ​រោងចក្រ​នៃ​ប្រទេស​កាណាដា ជា​កន្លែង​ដែល​ផលិត​រថយន្ត​នេះ​អស់​ជាង​ ១០ ឆ្នាំ​មក​ហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​មាន​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​ ប៉ុន្តែ​ Flex មិន​ដែល​ពេញ​និយម​សម្រាប់​អតិថិជន​នោះ​ទេ។ ចំនួន​លក់​ខ្ពស់​បំផុត​នៅ​អាមេរិក​គឺ​នៅ​ឆ្នាំ ២០០៨ ដែល​រថយន្ត​នេះ​លក់​បាន​ ៣៨ ៧១៧ គ្រឿង ហើយ​វា​ធ្លាក់​នៅ​ត្រឹម​ចន្លោះ​ ២០ ០០០ ទៅ ២២​ ០០០ គ្រឿង ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ។

ក្នុង​រយៈពេល ១១ ឆ្នាំ​មក​នេះ Ford លក់​រថយន្ត Flex នេះ​បាន​ជាង ២៩៦ ០០០ គ្រឿង។ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​អំពី​អ្នក​ជំនួស​តំណែង​​រថយន្ត Flex នេះ​ទេ ប៉ុន្តែ​អតិថិជន​ទំនង​ជា​មើល​ទៅ​​ម៉ូដែល Explorer ជំនួស​វិញ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម