ក្រុមហ៊ុនឡានធំៗនៅវៀតណាម អត់មានឡានលក់ឲ្យភ្ញៀវ

ម៉ាករថយន្តធំៗនៅក្នុងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ក្នុងការចែកចាយរថយន្ត និងគ្រឿងបន្លាស់ ដោយសារកង្វះខាតបន្ទះឈីបអេឡិចត្រូនិកសកល និងវិបត្តិរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។

Toyota បានលក់រថយន្តភីកអាប់ Hilux សូន្យគ្រឿងឲ្យគត់កាលពីខែមុន ដោយសារស្តុករបស់វាអស់ ហើយមិនមានការមកដល់ថ្មីនោះទេ។ Hilux ត្រូវ​បាន​ផលិត​នៅ​បរទេស និង​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​ ជា​គ្រឿង​ផលិត​ទាំង​ស្រុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឈ្មួញបាននិយាយថា រថយន្ត Toyota Raize ដែលជារថយន្តពេញនិយមមួយទៀតរបស់ម៉ាកយីហោជប៉ុនខាងលើ ត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនមកដល់ក្នុងរយៈពេល ៦ ឬ ៧ខែទៀត។

មន្ត្រីផ្នែកលក់នៅក្រុមហ៊ុនចែកចាយរថយន្ត Toyota នៅទីក្រុងហូជីមិញ បាននិយាយថា “ម៉ូដែលមួយចំនួនអាចប្រឈមនឹងការខ្វះខាតរហូតដល់ដំណាច់ឆ្នាំ” ។

គួរឲ្យដឹងថា វាគឺជាស្ថានភាពថ្មីសម្រាប់ម៉ូដែលរថយន្តពេញនិយម។ កន្លង​មក ការ​ដឹក​ជញ្ជូន​យឺត​បាន​កើត​ឡើង​ដោយ​សារ​បញ្ហា​រដ្ឋបាល និង​គយ មិន​មែន​ដោយសារ​រោងចក្រ​បរទេស​មិន​អាច​ដឹក​ជញ្ជូន​រថយន្ត​បាន​ទេ។

ម៉ាកយីហោអាមេរិក Ford បាននិយាយថា កង្វះខាតគ្រឿងបន្លាស់កំពុងពន្យាពេលដល់ការដឹកជញ្ជូន រថយន្ត Explorer ដ៏ពេញនិយមរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ ជាមួយគ្នានេះដែរ Mitsubishi ក៏​បាន​មើល​ឃើញ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​រថយន្តរបស់​ខ្លួន ម៉ូដែល Pajero Sport និង Triton ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម