ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកំពុងខិតជិតមកនេះ ក្រសួង ស្ថាប័ន និងក្រុមហ៊ុនជាច្រើនបាននឹងកំពុងធ្វើការរៀបចំកម្មវិធី និងព្រឹត្តិការណ៍សំខាន់ៗរបស់ខ្លួន ដើម្បីត្រៀមខ្លួនក្នុងការស្វាគមន៍សង្រ្កាន្តឆ្នាំថ្មី។ ជាក់ស្តែងដូចជាព្រឹត្តិការណ៍ដ៏ធំកំពុងតែប្រព្រឹត្តនេះ គឺព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃពេញ ដោយចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមេសានេះ។
សម្រាប់ព្រឹត្តិការណ៍នេះផ្ទាល់ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់ផលិតផលក្នុងស្រុក ជម្រុញការចូលរួមក្នុងវិស័យកីឡា និងទាក់ទាញមហាជនមកទស្សនាពហុកីឡដ្ឋានជាតិមរតកតេជោ ពិសេសចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល។ ដោយមានរៀបចំការប្រគុំតន្រ្តី ការប្រលងចម្រៀង ប្រលងបវរកញ្ញាឯកសង្រ្កាន្ត ប្រលងបវរកញ្ញាឯកមជ្ឈឹមវ័យ ការសម្តែងរបាំប្រពៃណីជាតិ និងគុណបុរាណខ្មែរ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលទូទៅ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និងអចលនទ្រព្យ ពិព័រណ៍កីឡា និងជាពិសេសពិព័រណ៍យានយន្ត ដែលមានសរុបជាង ៤០០ស្តង់។
អ្វីដែលគួរចាប់អារម្មណ៍បំផុតសម្រាប់ពិព័រណ៍យានយន្តទាំងមូល គឺមានចូលរួមតាំងបង្ហាញពីក្រុមហ៊ុនរថយន្តល្បីៗ ដែលជាពិសេស ក្រុមហ៊ុន តូយ៉ូតាក៏មានវត្តមាននៅទីនោះផងដែរ ដោយក្រុមហ៊ុនបានធ្វើការនាំយកនូវម៉ូឌែលរថយន្តដ៏ពេញនិយមរបស់ខ្លួនជាច្រើនទៅកាន់ព្រឹត្តិការណ៍នេះ ដែលរួមមាន៖
១. រថយន្តភីកអាប់ Hilux Revo Rally ឆ្នាំ២០២២៖ រថយន្ត Hilux Revo Rally គឺជារថយន្តភីកអាប់ដែលទទួលបាននូវការអភិវឌ្ឍន៍ថ្មីទៅលើរូបរាង ថាមពលម៉ាស៊ីន ប្រណិតភាព និងភាពទំនើប អោយកាន់តែប្រសើរឡើង ខណៈមានតម្លៃចាប់ពី ៥៣ ៤០០ដុល្លារ ប៉ុណ្ណោះ។
សម្រាប់ឆ្នាំ២០២២ វាត្រូវបានបំពាក់ដោយម៉ាស៊ីន GD Engine ជំនាន់ថ្មី ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំងអាចផលិតកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ រថយន្តនេះក៏មានលក្ខណៈពិសេសៗជាច្រើនបន្ថែមទៀតដូចជា ចង្កៀងមុខប្រភេទ Bi-LED Projector, ចង្កៀងកាត់អ័ព្ទប្រភេទ LED, ថាសកង់ទំហំ ១៨អ៊ីញ, កុងទ័របង្ហាញព័ត៌មានប្រភេទឌីជីថល, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងប្រភេទ JBL ៩គ្រាប់ កាំមេរ៉ា ៣៦០ដឺក្រេ, កញ្ចប់សុវត្តិភាព TSS, ចន្ទៀស ៥សន្លឹក និងលក្ខណៈពិសេសជាច្រើនបន្ថែមទៀត។
២. រថយន្ត Toyota Corolla Cross ឆ្នាំ២០២២៖ គឺជារថយន្តប្រភេទ Crossover ដែលមានការឌីស្សាញយ៉ាងទាក់ទាញជាមួយប៉ាណាមុខមួយផ្ទាំងធំ អមដោយចង្កៀងមុខប្រភេទ Bi-LED Projector, ថាសកង់អាលុយមីញ៉ូមទំហំ ១៨អ៊ីញ, កញ្ចក់ចំហៀងប្រភេទ LED ភ្ជាប់ដោយមុខងារក្តោបអូតូ, ចង្កៀងក្រោយរចនាជាខ្សែបន្ទាត់ រួមបន្ថែមជាមួយអង់តែនព្រុយត្រីឆ្លាមដ៏ស្រស់ស្អាតផងដែរ។ ចំណែកផ្នែកខាងក្នុងវិញបានបំពាក់មកជាមួយ កៅអីខាងមុខ ដែលអាចលៃតម្រូវបាន ៨ទិសដៅ, ប៊ូតុង Start/Stop, កុងទ័របង្ហាញព័ត៌មានពហុមុខងារ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ម៉ាស៊ីនត្រជាក់ ២តំបន់, ដំបូលកញ្ចក់បើកខាងលើ ភ្ជាប់ដោយមុខងារការពារការគៀប និងកញ្ចប់សុត្ថិភាព TSS។
រថយន្ត Toyota Corolla Cross ឆ្នាំ២០២២ មានតម្លៃ ៤៦ ៩០០ដុល្លារ និងដំណើរការដោយម៉ាស៊ីនចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៨សេះ និងកម្លាំរមួល ១៧២ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ៧វគ្គ។
៣. រថយន្ត Toyota Raize៖ គឺជារថយន្តប្រភេទ Compact SUV មួយប្រភេទរបស់តូយ៉ូតា ដែលមានការគាំទ្រ និងចាប់ចិត្តស្រឡាញ់យ៉ាងច្រើនពីសំណាក់បងប្អូនយើង ជាមួយរូបរាងនៃការឌីស្សាញយ៉ាងទាន់សម័យ ទំនើប និងជាពិសេសមានពណ៌តួរខ្លួនយ៉ាងទាក់ទាញ។
រថយន្ត Toyota Raize មានតម្លៃចាប់ពី ២៦ ៥០០ដុល្លារឡើងទៅ ហើយរថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៦សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ៧វគ្គ។
គួរបញ្ជាក់ផងដែរថា ក្រៅតែពីបងប្អូនអាចធ្វើការសាកសួរព័ត៌មានអំពីរថយន្តដោយផ្ទាល់ហើយនោះ បងប្អូនក៏អាចធ្វើការសាកសួរអំពីព័ត៌មាននៃការបង់រំលោះរថយន្ត ដែលមានការផ្តល់ជូនពិសេសពីក្រុមហ៊ុនដែលពុំធ្លាប់មានពីមុនបានផងដែរ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមបងប្អូនក៏អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 017 333 503 និង 086 333 503៕