Ford ជ្រុលដៃបង្ហាញឡាន SUV អគ្គិសនីដំបូងរបស់ខ្លួន តម្លៃចាប់ពីជាង ៤ ម៉ឺនដុល្លារ

រថយន្ត​ Mustang Mach-E ដែល​ជា​រថយន្ត​ SUV អគ្គិសនី​ដំបូង​របស់​ Ford នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ប៉ុន្តែ​បុគ្គលិក​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន​បាន​ជ្រុល​ដៃ​បង្ហាញ​ចេញ​រូបរាង តម្លៃ និង​លក្ខណៈ​សម្បត្តិ​រថយន្ត​នេះ​មុន​បាត់​ទៅ​ហើយ។

កំហុស​បច្ចេកទេស​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​រថយន្ត Mustang Mach-E នេះ​មាន​រចនាបថ​អំពូល​​មុខ/​ក្រោយ ជា​អត្តសញ្ញាណ​របស់​រថយន្ត​ Mustang ប្រភេទ​ធម្មតា។ នៅ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​អេក្រង់​ធំ​មួយ​សម្រាប់​បញ្ជា​មុខងារ​ជា​ច្រើន ហើយ​នៅ​ខាង​ក្រោយ​ចង្កូត​ក៏​មាន​អេក្រង់​តូច​មួយ​ដែរ ដែល​ដើរ​តួ​ជា​​កុងទ័រ​រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ម៉ូទ័រ​អគ្គិសនី​ប្រភេទ​ Base នៃ​រថយន្ត​នេះ​ អាច​បង្កើត​កម្លាំង​បាន​ ២៥៥ សេះ ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ​ និង​អាច​បន្ថែម​​លុយ​យក​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់​បាន។ Ford រំពឹង​ថា​រថយន្ត​អគ្គិសនី​នេះ​អាច​រត់​បាន​ចម្ងាយ ៣៧០ គ.ម ពេល​​វិល​តែ​កង់​ក្រោយ និង​បាន​ ៣៣៨ គ.ម ពេល​វិល​កង់​ទាំង​អស់។

រថយន្ត​នេះ​មាន​តម្លៃ​ចាប់​ពី ៤៣ ៨៩៥ ដុល្លារ​សម្រាប់​ប្រភេទ​ First Edition ដល់ ៦០ ៥០០ ដុល្លារ​សម្រាប់​ប្រភេទ GT។ ប្រភេទ​ដែល​មក​ដល់​មុន​គេ​នៅ​ចុង​ឆ្នាំ ២០២០ ខាង​មុខ​គឺ First Edition និង Premium ចំណែក​ប្រភេទ GT ចេញ​លក់​នៅ​អំឡុង​ឆ្នាំ ២០២១៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម