[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានប្រកាសថារថយន្ត F-150 Raptor R ដែលមានអតិថិជនជាច្រើនទន្ទឹងរង់ចាំនោះ នឹងត្រូវប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ។
ជុំវិញរថយន្តនេះ នៅមិនទាន់មានការបញ្ជាក់ពីសមត្ថភាពរបស់វានៅឡើយទេ ប៉ុន្តែលោក Mike Levine ដែលជាអ្នកចាត់ការផ្នែកទំនាក់ទំនងផលិតផលរបស់ Ford ប្រចាំនៅអាមេរិកខាងជើង បានបង្ហោះរូបភាព Teaser ដែលមានភ្ជាប់ជាមួយពាក្យថា “លើសពីលឿន។ លឿនគួរឲ្យភ័យខ្លាច។”
ទោះយ៉ាងណា គេជឿជាក់ថារថយន្ត F-150 Raptor R នឹងមានប្រើប្រាស់ម៉ាស៊ីន Supercharged ចំណុះ៥,២លីត្រ ឈ្មោះថា Predator ដែលមាន៨ស៊ីឡាំង។ ម៉ាស៊ីននេះមានប្រើលើរថយន្ត Mustang Shelby GT500 ដែលអាចផលិតកម្លាំងបាន ៧៦០សេះ និងមានកម្លាំងបង្វិល ៨៤៦ញ៉ូតុនម៉ែត្រផងដែរ។
តាមរយៈក្រដាសដែលបិទលើរថយន្តបានឲ្យដឹងផងដែរថារថយន្តភីកអាប់នេះ នឹងមានបំពាក់មកជាមួយនូវចង្កូតដែលស្រោបដោយស្បែក និងមានកៅអីមុខដែលប្រើប្រាស់ស្បែកប្រភេទ Recaro។ ចំណុចពិសេសដទៃទៀតរួមមានប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ និងប្រព័ន្ធកម្សាន្ត SYNC 4 ទំហំ ១២អ៊ីញជាដើម៕