[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើដាក់បញ្ចេញនៅរថយន្ត Toyota Crown ស៊េរីឆ្នាំ ២០២៣។ ខណៈពេលនេះ អ្នករចនារថយន្ត Theottle បានប្រើគំរូ Crown Sport Concept ជាមូលដ្ឋានសម្រាប់ Toyota Camry ជំនាន់ថ្មី ហើយត្រូវបានគេរំពឹងថានឹងដាក់បង្ហាញនៅប៉ុន្មានឆ្នាំខាងមុខនេះអាចជាម៉ូដែលឆ្នាំ ២០២៤ ឬ ២០២៥។
ក្រឡេកទៅមើលនៅផ្នែកខាងមុខនៃរថយន្ត Camry ជំនាន់ទី ៩ ដែលបង្ហាញជាផ្នែកខាងមុខដ៏ទាក់ទាញជាមួយនឹងចង្កៀងមុខឲ្យឈ្មោះថា lobster-claw LED, ប៉ាណាមុខរចនាបែបសំណាញ់ពណ៌ខ្មៅដ៏កាចដូចទៅនឹង Crown Sport Concept និងថាសកង់ពណ៌ខ្មៅរលោងធ្វើឲ្យមានភាពលេចធ្លោមួយកម្រិតថែមទៀត។ ខណៈ ផ្នែកខាងក្រោយរបស់ Camry ក៏ត្រូវបានកែលម្អជាមួយនឹងផ្នែកពីរថយន្ត Crown Sport Concept ដោយមានចង្កៀងក្រោយប្រភេទ LED ។
ជាមួយគ្នានេះ រថយន្ត Toyota Camry ជំនាន់ក្រោយនឹងរក្សាស្ថាបត្យកម្ម GA-K architecture ដូចម៉ូដែលបច្ចុប្បន្ន។ ខណៈ របាយការណ៍មួយចំនួនបានបញ្ជាក់ថា Toyota អាចនឹងពង្រីកប្រវែងគន្លាតកង់មុខ-ក្រោយរបស់រថយន្តដើម្បីបង្កើនទំហំនៅផ្នែកខាងក្នុងកាប៊ីនផងដែរ។
មិនតែប៉ុណ្ណោះ បើនិយាយពីកម្លាំងម៉ាស៊ីនវិញ យ៉ោងតាមគេហទំព័រ Wheels រាយការណ៍ថា Toyota នឹងប្រើប្រាស់ម៉ាស៊ីនចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ថ្មី ជំនួសម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 ។ ម៉ាស៊ីននេះផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ៕